អេ អាយ អេ ខេមបូឌា មានមោទកភាពរៀបចំកម្មវិធី Agency Award Night 2022 ដើម្បីអបអរទីប្រឹក្សាផែនការជីវិតឆ្នើម
រាជធានីភ្នំពេញ ថ្ងៃទី 05 ខែមេសា ឆ្នាំ 2022 ៖ ក្រុមហ៊ុន អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក (“អេ អាយ អេ ខេមបូឌា”) មានមោទកភាពក្នុងការរៀបចំកម្មវិធីដើម្បីអបអរសាទរចំពោះសមិទ្ធផលរបស់ទីប្រឹក្សាផែនការជីវិតឆ្នើមរបស់ខ្លួននៅក្នុងកម្មវិធី Annual Agency Award Night ។
ដោយមានការចូលរួមពីសំណាក់ទីប្រឹក្សាផែនការជីវិតប្រមាណ 200 នាក់ កម្មវិធីនេះត្រូវបានរៀបចំឡើងដើម្បីប្រគល់ពានរង្វាន់ជូនទីប្រឹក្សាផែនការជីវិតឆ្នើមរបស់ អេ អាយ អេ និង ប្រធានក្រុមទីប្រឹក្សាផែនការជីវិតជាច្រើនរូបដែលសម្រេចបាននូវគោលដៅប្រចាំឆ្នាំ 2021 របស់ក្រុមហ៊ុន។ ថ្នាក់ដឹកនាំសំខាន់ៗរបស់ អេ អាយ អេ បានផ្តល់កិត្តិយសចូលរួមក្នុងកម្មវិធីរៀបចំនៅសណ្ឋាគារ រ៉ាហ្វល ឡឺរ៉ូយ៉ាល់ នេះ មានដូចជា លោក Andrew Loh អគ្គនាយកប្រតិបត្តិរបស់ អេ អាយ អេ ខេមបូឌា លោក Tan Hak Leh នាយកប្រតិបត្តិប្រចាំតំបន់ និង ជាប្រធានចាត់តាំង និង លោក Vincent Chong នាយកផ្នែកលក់របស់ អេ អាយ អេ ខេមបូឌា។
«Agency 3x Power Up» ជាពាក្យស្លោកដែលក្រុមហ៊ុននឹងប្រើប្រាស់សម្រាប់ផ្ទៃក្នុងរបស់ខ្លួនក្នុងឆ្នាំ 2022 ដោយផ្ដោតទៅលើការបង្កើនផលិតភាព និង សម្រេចជោគជ័យការងារឱ្យកាន់តែធំជាងមុន រួមមាន ការជ្រើសរើស និង បង្កើនចំនួនទីប្រឹក្សាផែនការជីវិតប្រកបដោយវិជ្ជាជីវៈឱ្យបានកាន់តែច្រើនរូប និង លើកកម្ពស់សមត្ថភាពរបស់អ្នកដឹកនាំក្រុម ដើម្បីឱ្យពួកគេអាចជួយប្រជាជនកម្ពុជាបានកាន់តែច្រើន ឱ្យមានសុខភាព និង ជីវិតកាន់តែប្រសើរ។
នៅក្នុងការថ្លែងសុន្ទរកថាបើកកម្មវិធី លោក Andrew Loh បានមានប្រសាសន៍ថា ៖ «កូវីដ-១៩ បាននាំមកនូវឧបសគ្គជាច្រើន ប៉ុន្តែទីប្រឹក្សាផែនការជីវិត និង អ្នកដឹកនាំក្រុមរបស់យើង បានបន្តផ្ដល់នូវការការពារធានារ៉ាប់រងជាច្រើន និង យ៉ាងជាប់លាប់ជូនដល់អតិថិជន និង គ្រួសាររបស់អតិថិជន។ ក្នុងរាត្រីនេះ យើងសូមគោរពកោតសរសើរចំពោះការខិតខំប្រឹងប្រែងមិនចេះនឿយហត់របស់ទីប្រឹក្សាផែនការជីវិតទាំងអស់ ក្នុងការឆ្ពោះទៅសម្រេចបាននូវភាពជោគជ័យផ្នែកអាជីវកម្មរបស់ អេ អាយ អេ ខេមបូឌា ក្នុងឆ្នាំ 2021 និង ឆ្ពោះទៅសម្រេចផែនការរយៈពេលវែងរបស់ពួកគេ គឺចក្ខុវិស័យដែលផ្តោតលើអតិថិជន ដើម្បីធ្វើឱ្យប្រជាជនកម្ពុជាកាន់តែមានភាពស្ងប់ចិត្ត និង សុវត្ថិភាពផ្នែកហិរញ្ញវត្ថុក្នុងស្ថានភាពដ៏តានតឹងនេះ»។
លោកបានបន្ថែមថា ៖ «ការងាររបស់ពួកគេស្របតាម និង គាំទ្រដល់គំនិតផ្ដួចផ្ដើម AIA មួយពាន់លាន របស់ អេ អាយ អេ គ្រុប (AIA Group’s One Billion) ដែលមានគោលបំណងជួយដល់មនុស្ស 1,000,0000,000 នាក់ នៅទូទាំងអាស៊ីឱ្យទទួលបានសុខភាព និង ជីវិតកាន់តែប្រសើរ។ ខ្ញុំសូមថ្លែងអំណរគុណ និង សូមអបអរសាទរចំពោះការតស៊ូព្យាយាម និង ស្មារតីមោះមុតរបស់ពួកគេក្នុងការរួមចំណែកឱ្យសម្រេចបាននូវគោលដៅនេះ និង ជំរុញឱ្យទីប្រឹក្សាផែនការជីវិតផ្សេងទៀតនៅ អេ អាយ អេ ខេមបូឌា យកតម្រាប់តាមខ្លួនដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវការប្តេជ្ញារួមរបស់ពួកយើងចំពោះការផ្តល់សេវាកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា»។
លោក Vincent Chong មានប្រសាសន៍ថា ៖ «រឿងពិតដែលថា បច្ចុប្បន្ននេះអត្រានៃការប្រើប្រាស់សេវាធានារ៉ាប់រងនៅប្រទេសកម្ពុជាមានតិចជាង 1% ប៉ុន្តែវាមិនបានរារាំងទីប្រឹក្សាផែនការជីវិតឆ្នើមដែលបានទទួលពានរង្វាន់ទាំងអស់ពីការខិតខំបង្កើនការការពារផ្នែកហិរញ្ញវត្ថុ និង ការខិតខំប្រឹងប្រែងលើកកម្ពស់ការយល់ដឹងជូនប្រជាជនកម្ពុជាអំពីសារសំខាន់នៃសេវាធានារ៉ាប់រងឡើយ។ ពួកគេគឺជាគំរូដ៏ល្អសម្រាប់យើងគ្រប់គ្នា ហើយយើងទន្ទឹងរង់ចាំឱ្យទីប្រឹក្សាផែនការជីវិតជំនាន់ក្រោយៗរបស់យើងរៀនសូត្រពីពួកគេ និង បន្តធ្វើការងារដែលផ្ដល់អត្ថប្រយោជន៍ដល់អតិថិជនរបស់យើង ទាំងពេលបច្ចុប្បន្ន និង ពេលអនាគត»។
សម្រាប់ព័ត៌មានបន្ថែមដើម្បីក្លាយជាសមាជិកនៃគ្រួសារដែលឈ្នះពានរង្វាន់ អេ អាយ អេ ខេមបូឌា សូមទាក់ទងមកកាន់លេខទូរសព្ទ 081 916 111/917 111 ឬតាមរយៈអ៊ីមែល kh.agencyeliteacademy@aia.com ឬ https://www.aia.com.kh/kh/index.html
អំពី អេ អាយ អេ គ្រុប
អេ អាយ អេ គ្រុប លីមីតធីត និង សាខា (តទៅហៅថា អេ អាយ អេ “AIA” ឬ គ្រុប “Group”) មានក្រុមហ៊ុនធានារ៉ាប់រងជីវិតនៅទូទាំងតំបន់អាស៊ីដែលស្ថិតក្នុងបញ្ជីឈ្មោះសាធារណៈឯករាជ្យធំជាងគេ។ ក្រុមហ៊ុនមានវត្តមាននៅលើទីផ្សារចំនួន 18 នៅអាស៊ីប៉ាស៊ីហ្វិក – សាខាគ្រប់គ្រងទាំងស្រុង និង ក្រុមហ៊ុនបុត្រសម្ព័ន្ធនៅចិនដីគោក ទីក្រុងហុងកុង SAR(1) ប្រទេសថៃ សិង្ហបុរី ម៉ាឡេស៊ី អូស្ត្រាលី កម្ពុជា ឥណ្ឌូនេស៊ី មីយ៉ាន់ម៉ា ញ៉ូហ្ស៊ីលែន ហ្វីលីពិន កូរ៉េខាងត្បូង ស្រីលង្កា តៃវ៉ាន់ (ចិន) រៀតណាម ប៊្រុយណេ ម៉ាកាវ SAR(2) និង ក្រុមហ៊ុនបណ្ដាក់ទុនរួម 49% នៅប្រទេសឥណ្ឌា។
ក្នុងពេលបច្ចុប្បន្ន អាជីវកម្មរបស់ អេ អាយ អេ ដែលត្រូវបានបង្កើតឡើងលើកដំបូងនៅទីក្រុងសៀងហៃ កាលពីមួយសតវត្សរ៍កន្លងទៅក្នុងឆ្នាំ 1919 ជាក្រុមហ៊ុនឈានមុខគេមួយនៅលើទីផ្សារក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិក (អតីត-ជប៉ុន) ដោយផ្តោតទៅលើបុព្វលាភធានារ៉ាប់រងជីវិត និង មានតួនាទីនាំមុខគេនៅគ្រប់ទីផ្សារភាគច្រើនរបស់ខ្លួន។ ក្រុមហ៊ុនមានទ្រព្យសរុបចំនួន 340 ពាន់លានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី 31 ខែធ្នូ ឆ្នាំ 2021។
អេ អាយ អេ ឆ្លើយតបតាមតម្រូវការនៃប្រាក់សន្សំ និង ការការពាររយៈពេលវែងរបស់ពលរដ្ឋទូទៅតាមរយៈការផ្ដល់នូវផលិតផលដ៏សម្បូរបែប និង សេវាកម្មជាច្រើនរួមមាន ការធានារ៉ាប់រងអាយុជីវិត ធានារ៉ាប់រងលើគ្រោះថ្នាក់ ធានារ៉ាប់រងសុខភាព និង ផែនការសន្សំប្រាក់។ គ្រុបក៏ផ្ដល់ដំណោះស្រាយអត្ថប្រយោជន៍សម្រាប់បុគ្គលិក ធានារ៉ាប់រងឥណទាន និងសេវាកម្មប្រាក់សោធននិវត្តន៍ជូនដល់និយោជិត។ តាមរយៈបណ្ដាញភ្នាក់ងារ ដៃគូ និងបុគ្គលិកដ៏ទូលំទូលាយនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក អេ អាយ អេ បានផ្ដល់ការការពារដល់ម្ចាស់បណ្ណសន្យារ៉ាប់រងជារូបវ័ន្តបុគ្គលច្រើនជាង 39 លាននាក់ និង សមាជិកដែលបានចូលរួមក្នុងគម្រោងបណ្ណសន្យារ៉ាប់រងជាក្រុមជាង 16 លាននាក់។
អេ អាយ អេ គ្រុបលីមីតធិត (AIA Group Limited) ត្រូវបានដាក់បញ្ចូលក្នុងតារាងនៃក្រុមប្រឹក្សាភិបាលចម្បងនៃគណៈកម្មាធិការផ្សារមូលបត្រទីក្រុងហុងកុង (Main Board of The Stock Exchange of Hong Kong Limited) ដែលស្ថិតក្រោមច្បាប់ផ្សារមូលបត្រ “1299” ស្របតាមច្បាប់ស្ដីពី ការទទួលប្រាក់តម្កល់នៃសហរដ្ឋអាមេរិក (កម្រិត 1) A (American Depositary Receipts (Level 1) ដែលធ្វើពាណិជ្ជកម្មលើទីផ្សារស្របច្បាប់ (រូបសញ្ញា៖ “AAGIY”)។
សម្គាល់៖
1. ទីក្រុងហុងកុង SAR គឺសំដៅទៅលើតំបន់រដ្ឋបាលពិសេសនៃទីក្រុងហុងកុង
2. ម៉ាកាវ SAR គឺសំដៅទៅលើតំបន់រដ្ឋបាលពិសេសនៃម៉ាកាវ
ទំនាក់ទំនងសារព័ត៌មាន
ម៉េង ដាណែត
ប្រធានផ្នែកទីផ្សារជាន់ខ្ពស់
អេ អាយ អេ (ខេមបូឌា) ឡាយហ្វ៍ អ៊ិនសួរេន ម.ក
Daneth-d.Meng@aia.com