មូលនិធិកូកា-កូឡា គាំទ្រ «Project 24» របស់មូលនិធិ Planet Water ដើម្បីនាំយកទឹកស្អាតជូនពលរដ្ឋ រាប់ពាន់នាក់ក្នុងប្រទេសកម្ពុជា
ថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០២២ ៖ កិច្ចសហការជាមួយមូលនិធិ Planet Water បាននាំមកនូវការដាក់ពង្រាយប៉មចម្រោះទឹកស្អាត AquaTowers នៅទូទាំងប្រទេសកម្ពុជា ដោយបានផ្តល់ជូនសហគមន៍នូវប្រព័ន្ធចម្រោះទឹកស្អាត ព្រមទាំងកម្មវិធីអប់រំសុខភាពអនាម័យ។ នេះក៏សូមថ្លែងអំណរគុណដល់ការឧបត្ថម្ភគាំទ្រពីមូលនិធិកូកា-កូឡា (The Coca-Cola Foundation)។
មូលនិធិកូកា-កូឡា គឺជាស្ថាប័នសប្បុរសធម៌សាកលរបស់ក្រុមហ៊ុនកូកា-កូឡា ដែលបានផ្តល់ជំនួយដល់មូលនិធិ Planet Water ដើម្បីដាក់ពង្រាយប៉មចម្រោះទឹកស្អាត AquaTowers ទាំងនេះក្នុងព្រះរាជាណាចក្រកម្ពុជា។
លោកស្រី Saadia Madsbjerg ប្រធានមូលនិធិកូកា-កូឡា មានប្រសាសន៍ថា ៖ «មូលនិធិកូកា-កូឡា មានប្រវត្តិយូរអង្វែងមកហើយនៅទូទាំងពិភពលោក ក្នុងការគាំទ្រគម្រោងនានា លើកិច្ចការពារ និងផ្តល់លទ្ធភាពទទួលបានធនធានទឹកស្អាតសម្រាប់ប្រើប្រាស់។ នៅប្រទេសកម្ពុជាវិញ យើងមានមោទកភាពដែលការឧបត្ថម្ភគាំទ្ររបស់យើងដល់មូលនិធិ Planet Water នឹងអាចផ្តល់លទ្ធភាពទទួលបានទឹកពិសាប្រកបដោយសុវត្ថិភាព និង ឥតគិតថ្លៃសម្រាប់ប្រជាសហគមន៍។ គម្រោងនេះនឹងគ្របដណ្តប់នៅទូទាំងប្រទេសកម្ពុជាគិតត្រឹមបំណាច់ឆ្នាំ ២០២២ នេះ»។
បច្ចេកវិទ្យាប៉មចម្រោះទឹកស្អាត AquaTower របស់មូលនិធិ Planet Water មានសមត្ថភាពកម្ចាត់បាក់តេរី ប្រូតូហ្សូអា វីរុស ភ្នាក់ងារបង្ករោគ និង សារធាតុកខ្វក់ផ្សេងទៀតដែលធំជាង ០,០១ មីក្រូន ហើយផ្តល់ឱ្យកុមារ និង ប្រជាសហគមន៍នូវទឹកស្អាតសម្រាប់បរិភោគប្រកបដោយសុវត្ថិភាព។ ចាប់តាំងពីឆ្នាំ ២០១៦ មក តាមរយៈការគាំទ្រពីមូលនិធិកូកា-កូឡា មូលនិធិ Planet Water បានសាងសង់ប៉មចម្រោះទឹកស្អាត AquaTowers ចំនួន ៣៤ និង ផ្តល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋជាង ៥៥.០០០ នាក់ ក្នុងខេត្តចំនួន ១៨ នៅទូទាំងប្រទេសកម្ពុជា។ គិតត្រឹមបំណាច់ឆ្នាំ ២០២២ នេះ យើងនឹងអាចសម្រេចបានប៉មចម្រោះទឹកស្អាត AquaTowers ចំនួន ៤១ នៅគ្រប់ខេត្តទាំងអស់នៅទូទាំងប្រទេសកម្ពុជា ដោយផ្តល់ជូនសហគមន៍នូវប្រព័ន្ធចម្រោះទឹកស្អាត និង កម្មវិធីអប់រំសុខភាពអនាម័យ។
ក្រៅពីទឹកស្អាតសម្រាប់បរិភោគ គម្រោង AquaTower ក៏ផ្តល់ជូនសាលារៀន និង សហគមន៍ជនបទនូវកន្លែងលាងសម្អាតដៃ និង អនាម័យផងដែរ។ កន្លែងលាងដៃត្រូវបានបំពាក់ទៅនឹងតួប៉មចម្រោះទឹកស្អាត AquaTower នីមួយៗ ហើយបម្រើជាធនធានអនាម័យសំខាន់មួយដល់សាលារៀន ដោយកន្លែងលាងដៃនីមួយៗមានផ្តល់ជូនឧបករណ៍ដាក់សាប៊ូលាងដៃ និង បដាផ្ទាំងផ្សព្វផ្សាយអមដោយសារយល់ដឹងអំពីការលាងដៃ និង ការអនុវត្តល្អបំផុតសម្រាប់អ្នកប្រើប្រាស់ប៉មនេះ។
គម្រោងនេះក៏មានគាំទ្រកម្មវិធីអប់រំអនាម័យដោយអនុវត្តជាក់ស្តែងដល់សិស្សានុសិស្សផងដែរ។ កម្មវិធីនៅតាមសាលារៀន និង សហគមន៍ទាំងនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងអប់រំ និង ផ្តល់សិទ្ធិអំណាចដល់កុមារ និង អ្នកថែទាំកុមារ ក្នុងការផ្លាស់ប្តូរគោលគំនិត និង អាកប្បកិរិយាចំពោះសុខភាពទឹក និង អនាម័យ។
លោក Mark Steele ស្ថាបនិក និង ជានាយកប្រតិបត្តិរបស់មូលនិធិ Planet Water បានមានប្រសាសន៍ថា ៖ «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្រដែលយើងបានទទួល និងបន្តទទួលបានពីអ្នកឧបត្ថម្ភ និងដៃគូសាជីវកម្មរបស់យើង រួមទាំងមូលនិធិកូកា-កូឡា ផងដែរ»។ លោកបន្ថែមថា ៖ «ឥទ្ធិពលដែលយើងកំពុងបង្កើត មិនអាចវាស់បានដោយតួលេខនោះទេ តែតាមរយៈការនាំយកទឹកស្អាតទៅកាន់សហគមន៍ដែលខ្វះខាត ពួកយើងកំពុងធ្វើឱ្យប្រសើរឡើងនូវសុខភាព និង គុណភាពជីវិតសម្រាប់បុគ្គលរាប់ពាន់នាក់ ដែលឥឡូវនេះពួកគាត់អាចបង្វែរការយកចិត្តទុកដាក់របស់ពួកគេទៅកាន់ទិដ្ឋភាពផ្សេងទៀតនៃជីវិតជំនួសឱ្យការនៅតែបន្តបារម្ភអំពីបញ្ហាប្រឈមនេះ»។
ក្នុងឱកាសទិវាទឹកពិភពលោកនៅថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០២២ មូលនិធិ Planet Water ក៏នឹងរៀបចំព្រឹត្តិការណ៍មួយដើម្បីនាំយកទឹកស្អាតទៅកាន់អ្នកទទួលផលជាង ៥០.០០០ នាក់ដែលរស់នៅក្នុងសហគមន៍ក្រីក្រ និង លើកកម្ពស់ការយល់ដឹងរបស់ប្រជាជនចំនួន ២,២ ពាន់លាននាក់ ដែលកំពុងរស់នៅដោយគ្មានទឹកស្អាតនៅទូទាំងទ្វីបអាស៊ី។
ចាប់តាំងពីឆ្នាំ ២០១០ មក មូលនិធិកូកា-កូឡា បានបរិច្ចាគថវិកាជាង ១៣ លានដុល្លារ ដល់កិច្ចសហប្រតិបត្តិការទឹកនានានៅក្នុងបណ្តាប្រទេសនានានៅទូទាំងតំបន់អាស៊ីអាគ្នេយ៍៕
អំពីមូលនិធិ Planet Water
មូលនិធិ Planet Water គឺជាអង្គការមិនរកប្រាក់ចំណេញដែលផ្តោតលើការនាំយកទឹកស្អាតទៅកាន់សហគមន៍ក្រីក្របំផុតរបស់ពិភពលោកតាមរយៈការដំឡើងប្រព័ន្ធចម្រោះទឹកតាមសហគមន៍ និង ការដាក់ឱ្យប្រើប្រាស់កម្មវិធីអប់រំអនាម័យ។ គម្រោងរបស់មូលនិធិ Planet Water ផ្តោតលើកុមារ សាលារៀន និង សហគមន៍ជនបទ/តំបន់ជាយក្រុងនៅទូទាំងទ្វីបអាស៊ី និង អាមេរិកឡាទីន។ ចាប់តាំងពីឆ្នាំ ២០០៩ មក មូលនិធិ Planet Water បានដាក់ពង្រាយគម្រោងជាង ១.៥០០ គម្រោង ដែលផ្តល់ទឹកស្អាតដល់មនុស្សជាង ២ លាននាក់ នៅទូទាំង ១៥ ប្រទេស។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ https://planet-water.org/។
អំពីមូលនិធិកូកា-កូឡា
មូលនិធិ កូកា-កូឡា គឺជាស្ថាប័នសប្បុរសធម៌ពិភពលោករបស់ក្រុមហ៊ុន The Coca-Cola Company។ បង្កើតឡើងក្នុងឆ្នាំ ១៩៨៤ មូលនិធិ កូកា-កូឡា បានវិនិយោគជាង ១,២ ពាន់លានដុល្លារ នៅជុំវិញពិភពលោក ដើម្បីការពារបរិស្ថាន ផ្តល់សិទ្ធិអំណាចដល់ស្ត្រីឱ្យមានភាពរីកចម្រើន និង ដើម្បីលើកកម្ពស់សុខុមាលភាពទូទៅរបស់មនុស្ស និង សហគមន៍។ មូលនិធិ កូកា-កូឡា បានប្តេជ្ញាថានឹងផ្តល់ជូនត្រឡប់ទៅវិញនូវប្រាក់ចំណេញពីប្រតិបត្តិការនៅឆ្នាំមុនចំនួន ១% ជារៀងរាល់ឆ្នាំ ដែលជាគំនិតផ្តួចផ្តើមមួយដើម្បីគាំទ្រសហគមន៍មូលដ្ឋាននៅទូទាំងពិភពលោក និង បង្កើតអនាគតរួមគ្នាកាន់តែប្រសើរ[1]។
ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា)
ជាក្រុមហ៊ុនភេសជ្ជៈគ្មានជាតិស្រវឹង ឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា
ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា ឬ កូកា-កូឡាកម្ពុជា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ១០០% របស់សម្ព័ន្ធក្រុមហ៊ុន Bottling Investments Group (BIG) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ១០០% របស់ក្រុមហ៊ុនកូកា-កូឡា។ កូកា-កូឡាកម្ពុជា មានមោទនភាពទទួលបានសិទ្ធិផ្ដាច់មុខពីក្រុមហ៊ុន កូកា-កូឡា និង ក្រុមហ៊ុន Monster Energy ក្នុងការផលិត ផ្គត់ផ្គង់ និង ចែកចាយផលិតផលរបស់ក្រុមហ៊ុនទាំង ២ ក្នុងប្រទេសកម្ពុជា។
ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា ផ្តល់ការងារប្រមាណ ៨៥០ កន្លែង និង ការងារប្រយោលប្រមាណជាង ៨,០០០ កន្លែង នៅក្នុងសង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុន។ ក្នុងនាមជាក្រុមហ៊ុនភេសជ្ជៈមួយ ក្រុមហ៊ុនកំពុងបន្តវិនិយោគលើការបង្កើតផលិតផលថ្មី ជម្រើសសំបកវេចខ្ចប់ និង ជម្រើសភេសជ្ជៈប្រកបដោយគុណភាព ដែលរួមមាន ភេសជ្ជៈមានជាតិស្ករតិច និង មិនមានជាតិស្ករផងដែរ។ កូកា-កូឡាកម្ពុជា មានផលិតផលដូចជា ៖ Coca-Cola, Coca-Cola Zero, Sprite, Fanta, Schweppes Fuzetea Dasani, Samurai និង Aquarius។ ក្រុមហ៊ុនប្តេជ្ញាចិត្ត ក្នុងការបង្កើតគុណតម្លៃរួមគ្នាក្នុងសហគមន៍ដែលក្រុមហ៊ុនកំពុងមានប្រតិបត្តិការអជីវកម្ម ដោយធានាថា ចីរភាពគឺជាស្នូលនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន។ កូកា-កូឡាកម្ពុជា នៅតែកំពុងបន្តកសាងសហគមន៍ដែលខ្លួនកំពុងធ្វើប្រតិបត្តិអាជីវកម្មឱ្យកាន់តែប្រសើរ និងប្រកបដោយចីរភាព។ តាំងពីឆ្នាំ ១៩៩៣ មក ក្រុមហ៊ុនបានវិនិយោគទឹកប្រាក់រាប់លានដុល្លារលើគម្រោងសហគមន៍ជាច្រើនក្នុងប្រទេសកម្ពុជា។ គម្រោងនោះរួមមាន ពិភពលោកគ្មានសំរាម (World Without Waste) ការផ្តល់ទឹកស្អាតដល់សហគមន៍វិញ (Water Replenishment) ការផ្តល់សិទ្ធិអំណាចដល់ស្រ្តី (Women Empowerment) និង ការឧបត្ថម្ភជំនួយក្នុងគ្រាអាសន្ន (Emergency Relief) ជាដើម។ សម្រាប់ព័ត៌មានបន្ថែម សូមចូលលទៅកាន់គេហទំព័រ៖ https://www.cbcl.com.kh/ ឬ ចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់យើង៖ Cambodia Beverage Company Ltd។
សម្រាប់ព័ត៌មានបន្ថែម ៖ កញ្ញា សម្បត្តិ មុនីវរលក្ខណ៍ តាមរយៈអ៊ីមែល smunyvorleak@coca-cola.com.kh