វណ្ណដា និង ថេណា ជាតារាងចម្រៀងកម្ពុជាមានប្រជាប្រិយភាពបំផុត នៅលើកម្មវិធីស្ដាប់ចម្រៀង Spotify
រាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែកុម្ភៈ ៖ ដើម្បីអបអរខួបមួយឆ្នាំនៃការមានវត្តមានរបស់ខ្លួនក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Spotify បានចេញផ្សាយទិន្នន័យថ្មីមួយដែលបង្ហាញថា តារាចម្រៀងរ៉ាប់ វណ្ណដា បានស្ថិតនៅកំពូលតារាងនៃតារាចម្រៀងក្នុងស្រុកដែលមានអ្នកស្តាប់ច្រើនបំផុត និង ជាតារាចម្រៀងកម្ពុជាដែលមានអ្នកស្តាប់ច្រើនបំផុតនៅបរទេស ជាពិសេសនៅសហរដ្ឋអាមេរិក ឥណ្ឌូនេស៊ី និងប្រទេសថៃ។
Spotify ក៏ជាភ្លែតហ្វមស្តាប់ចម្រៀងដ៏មានប្រជាប្រិយភាពផងដែរសម្រាប់អ្នកគាំទ្ររបស់តារាចម្រៀង និង អ្នកនិពន្ធ ថេណា ដែលតារារូបនេះបានក្លាយជាតារាចម្រៀងកម្ពុជាដែលមានអ្នកស្តាប់ច្រើនជាងគេទី ២។ ចាប់តាំងពីក្រុមហ៊ុន Spotify បានដាក់ដំណើរការសេវាស្តាប់ចម្រៀងរបស់ខ្លួនក្នុងប្រទេសកម្ពុជាមក ចំនួនចម្រៀងរបស់គាត់ដែលត្រូវបានគេចាក់ស្តាប់តាមអនឡាញបានកើនឡើងជិតទ្វេដង។
ប្រជាពលរដ្ឋកម្ពុជាក៏បានចាក់ស្តាប់ចម្រៀងរបស់លោក ស៊ិន ស៊ីសាមុត ផងដែរ ដែលគាត់បានក្លាយជាដែលតារាចម្រៀងដែលមានអ្នកស្តាប់ច្រើនជាងគេលំដាប់ទី ៣ នៅកម្ពុជា។ ចម្រៀងរបស់លោកដែលមានចំណងជើងថា «ម៉ាពីនក» គឺជាបទចម្រៀងរបស់កម្ពុជាដែលមានអ្នកស្តាប់ច្រើនបំផុតនៅលើភ្លែតហ្វមស្តាប់ចម្រៀងរបស់ក្រុមហ៊ុន Spotify នៅឆ្នាំ ២០២១។ ក្រៅពីនេះ តារាងចម្រៀងដែលជាប់ចំណាត់ថ្នាក់ទី ៤ បានទៅលើលោក ម៉ានិត និងទី ៥ បានទៅលើក្រុម Smallworld Smallband។
លោក Niklas Lundberg ប្រធានផ្នែកទីផ្សារថ្មី (New Markets) នៃក្រុមហ៊ុន Spotify បានមានប្រសាសន៍ថា ៖ «ចាប់តាំងពីដាក់ដំណើរការសេវាស្តាប់ចម្រៀងក្នុងខែកុម្ភៈ ឆ្នាំ២០២១ មក យើងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅខ្លាំងក្នុងប្រទេសកម្ពុជាពីអ្នកប្រើប្រាស់ និងសិល្បករសិល្បការនី។ វាគួរឱ្យភ្ញាក់ផ្អើលណាស់ដែលឃើញថា ភ្លែតហ្វមរបស់យើងទាក់ទាញសិល្បករសិល្បការី និងទស្សនិកជនក្នុងស្រុក ហើយផ្តល់ឱកាសបន្ថែមទៀតដល់តារាចម្រៀងកម្ពុជាឱ្យទទួលបានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ»។
នៅលើឆាកអន្តរជាតិវិញ តារាចម្រៀងបរទេសដែលមានអ្នកស្តាប់ច្រើនជាងគេបំផុតគិតចាប់ពីការដាក់ដំណើរការសេវាស្តាប់ចម្រៀងអនឡាញរបស់ក្រុមហ៊ុន Spotify គឺក្រុម BTS, Justin Bieber, Taylor Swift, Olivia Rodrigo និង Ariana Grande។ បទដែលទទួលបានការស្តាប់ច្រើនជាងគេចំនួន ៥ ក្នុងប្រទេសកម្ពុជារួមមាន STAY ដែលច្រៀងដោយតារាចម្រៀង Justin Bieber និង ក្រុម The Kid LAROI បទ Drivers License បទ Good 4 U និង Deja Vu ដែលច្រៀងដោយ Olivia Rodrigo និង បទ Double Take ដែលច្រៀងដោយ dhruv។ ក្រៅពីនេះ ចម្រៀងរបស់ក្រុម BTS និងរបស់តារាចម្រៀង Giveon ក៏មានអ្នកស្តាប់ច្រើនផងដែរ។
អ្នកនាង Julia Levander ប្រធានផ្នែកទំនាក់ទំនងទទួលបន្ទុកទីផ្សារថ្មីរបស់ក្រុមហ៊ុន Spotify ថ្លែងថា ៖ «ក្នុងរយៈពេលត្រឹមតែមួយឆ្នាំប៉ុណ្ណោះដែលក្រុមហ៊ុន Spotify ចូលក្នុងទីផ្សារកម្ពុជា មានការបង្ហាញចំណាប់អារម្មណ៍ស្តាប់ចម្រៀង ទាំងចម្រៀងរបស់តារាងក្នុងស្រុក ក្នុងតំបន់ និង អន្តរជាតិ ដោយតារាចម្រៀង វណ្ណដា ក្រុមតន្រ្តី BTS និង ក្រុម BLACKPINK កំពុងស្ថិតនៅក្នុងបញ្ជីដែលមានអ្នកស្តាប់ច្រើនបំផុត រួមជាមួយតារាងចម្រៀងផ្សេងទៀតដូចជា Justin Bieber, Taylor Swift និង Olivia Rodrigo។ យើងសម្លឹងឆ្ពោះទៅរកការបន្តការតភ្ជាប់អ្នកគាំទ្រជាមួយតារាចម្រៀងដែលពួកគេស្រលាញ់ និងផ្តល់ជូនសិល្បករនិងសិល្បការីក្នុងស្រុកនូវឧបករណ៍ និងគំនិតដែលអាចផ្តល់លទ្ធភាពឱ្យពួកគេចាប់យកទស្សនិកជនថ្មី»។
ក្រៅពីអាចចូលស្តាប់ចម្រៀងបានតាមរយៈគណនី Spotify មិនគិតថ្លៃ និង គណនី Spotify គិតថ្លៃ ប្រជាពលរដ្ឋកម្ពុជាក៏អាចចូលទៅកាន់មុខងារដែលទើបនឹងដាក់ដំណើរការថ្មីមួយផងដែរ នោះគឺ «Lyrics» ដែលជាផលិតផលថ្មីសាមញ្ញ និង អាចចែករំលែកបាន ដែលអាចឱ្យអ្នកប្រើប្រាស់ចូលទៅយកអត្ថបទចម្រៀងដែលពួកគេចូលចិត្តដោយផ្ទាល់នៅក្នុងកម្មវិធី Spotify។ អត្ថបទចម្រៀងល្បីៗអាចរកបានជាភាសាដើមរបស់បទចម្រៀងទាំងនោះ រួមទាំងអត្ថបទចម្រៀងភាសាខ្មែរផងដែរ៕
អំពីក្រុមហ៊ុន Spotify Technology S.A.
ក្រុមហ៊ុន Spotify គឺជាក្រុមហ៊ុនផ្តល់សេវាជាវតន្ត្រីស្តាប់អនឡាញដ៏មានប្រជាប្រិយភាពបំផុតក្នុងពិភពលោក ដោយមានអ្នកប្រើប្រាស់សកម្មប្រចាំខែជាង ៤០៦ លាននាក់ និង មានអ្នកជាវសេវាបង់ប្រាក់ (Premium Subscribers) ចំនួន ១៨០ លានគណនី។ ដោយមានវត្តមានក្នុងទីផ្សារចំនួន ១៨៤ នៅទូទាំងពិភពលោក មានផតខាសត៍ (podcast) ជាង ៣,៦ លាន និង មានចម្រៀងជាង ៧២ លានបទ ក្រុមហ៊ុនបានផ្លាស់ប្តូររបៀបស្តាប់តន្ត្រី និង ផតខាសត៍របស់អ្នកស្តាប់៕