កូកា-កូឡា កម្ពុជា ប្រគល់ធុងបែងចែកសំរាមជូនសាលារាជធានីភ្នំពេញ
រាជធានីភ្នំពេញ ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ ២០២២ ៖ ដើម្បីចូលរួមគាំទ្រការគ្រប់គ្រងសំណល់ក្នុងសហគមន៍ឱ្យកាន់តែប្រសើរនៅប្រទេសកម្ពុជា ក្រុមហ៊ុន កូកា-កូឡា កម្ពុជា បាន និង កំពុងធ្វើការងារយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីដាក់ពង្រាយធុងបែងចែកសំរាមនៅក្នុងរាជធានី។ ធុងបែងចែកសំរាមចំនួន ៥០ ឈុត (១៥០ ធុង) នឹងត្រូវដាក់នៅតាមសួនច្បារសាធារណៈធំៗ ក្នុងរាជធានីភ្នំពេញ ដើម្បីជួយជំរុញការអនុវត្តរបស់ប្រជាពលរដ្ឋឱ្យធ្វើការបែងចែកសំរាមឱ្យបានត្រឹមត្រូវ។ ពិធីប្រគល់ និង ទទួលធុងបែងចែកសំរាមដែលបានរៀបចំធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តម នួន ផារ័ត្ន អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ និង លោក DAVID WIGGLESWORTH អគ្គនាយកប្រតិបត្តិក្រុមហ៊ុន កូកា-កូឡា កម្ពុជា។ ភាពជាដៃគូនេះ គឺជាការបង្ហាញនូវការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន កូកា-កូឡា កម្ពុជាក្រោមចក្ខុវិស័យ «ពិភពលោកគ្មានសំរាម» ដើម្បីឈានទៅសម្រេចបានឱ្យចេញជារូបរាងជាក់ស្តែងនៅកម្ពុជា។
គំនិតផ្តួចផ្តើមនេះ បានដាក់អនុវត្តនៅកម្ពុជាចាប់ពីឆ្នាំ ២០២០ ក្នុងគោលដៅលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ លើការបែងចែក និង កែច្នៃសំណល់ឡើងវិញ។ ក្រុមហ៊ុន បានសហការជាមួយអាជ្ញាធរពាក់ព័ន្ធ ក្នុងការដាក់ពង្រាយធុងសំរាម ប្រមាណ ៨៥០ ធុង នៅតាមទីសាធារណៈ ផ្សារ សាលារៀននានា ចំនួន ១២០ ទីតាំងនៅទូទាំងប្រទេសរួចមកហើយ។
ឯកឧត្តម នួន ផារ័ត្ន អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ មានប្រសាសន៍ថា ៖ «រដ្ឋបាលរាជធានីភ្នំពេញ បានកំណត់យុទ្ធសាស្ត្រកាត់បន្ថយ និង គ្រប់គ្រងកាកសំណល់ ដោយចាប់ផ្តើមពីការអប់រំប្រជាពលរដ្ឋ អំពីការគ្រប់គ្រងសំរាមរបស់ខ្លួន។ យើងគាំទ្រដល់ចក្ខុវិស័យរបស់វិស័យឯកជន រួមទាំងក្រុមហ៊ុន កូកា-កូឡា ផងដែរ ក្នុងការរួមចំណែកឆ្ពោះទៅរកសហគមន៍កាន់តែស្អាត និង បៃតងនៅក្នុងរាជធានីភ្នំពេញ។ ក្នុងន័យនេះ ចក្ខុវិស័យរបស់ក្រុមហ៊ុន កូកា-កូឡា កម្ពុជា ពិតជាបានចូលរួមចំណែកក្នុងការគាំទ្រដល់ការអនុវត្តផែនការយុទ្ធសាស្រ្តរបស់រដ្ឋបាលរាជធានីភ្នំពេញ និង ជាពិសេសរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការគ្រប់គ្រងបរិស្ថាន។ យើងកោតសរសើរ ចំពោះកិច្ចប្រឹងប្រែងរបស់ក្រុមហ៊ុន កូកា-កូឡា កម្ពុជា ក្នុងការលើកកម្ពស់ការបែងចែកសំរាមឱ្យបានត្រឹមត្រូវ និង ការប្រមូលសំរាមនៅក្នុងសហគមន៍ ហើយយើងសង្ឃឹមថា ប្រជាពលរដ្ឋ និង សហគមន៍កាន់តែច្រើនថែមទៀត នឹងចូលរួមធ្វើការងារជាមួយយើងក្នុងការការពារបរិស្ថានរបស់យើង ដោយចាប់ផ្តើមចេញពីទង្វើសាមញ្ញដោយគ្រាន់តែបែងចែកសំរាមឱ្យបានត្រឹមត្រូវ និងការកែច្នៃសំរាមឡើងវិញ»។
ឈុតបែងចែកសំរាមនីមួយៗ មានភា្ជប់ជាមួយនូវសារអប់រំ រំលឹកប្រជាពលរដ្ឋពីការទុកដាក់សំណល់ប្លាស្ទិក ឲ្យដាច់ដោយឡែកពីសំណល់ផ្សេងទៀត ដូចជាសំណល់អាលុយម៉ីញ៉ូម ដប និង សំណល់ទូទៅជាដើម។ ការបែងចែកសំណល់ប្លាស្ទិកបានត្រឹមត្រូវ នឹងធ្វើឱ្យសំណល់ប្លាស្ទិកដែលអាចកែច្នៃបាន កាន់តែមានឱកាសទទួលបានការប្រើប្រាស់ឡើងវិញ ទទួលបានការកែច្នៃប្រើប្រាស់ឡើងវិញ និង អាចបង្កើតបានជាវត្ថុដែលមានប្រយោជន៍ម្ដងទៀត។
ក្នុងពិធីប្រគល់ធុងបែងចែកសំណល់នេះ លោក DAVID WIGGLESWORTH អគ្គនាយកក្រុមហ៊ុន កូកា-កូឡា កម្ពុជា បានមានប្រសាសន៍ថា ៖ «ក្រុមហ៊ុន កូកា-កូឡា កម្ពុជា បាន និង កំពុងធ្វើការយ៉ាងសកម្មលើការលើកកម្ពស់ការប្រមូល និង កែច្នៃ សំបកវេចខ្ចប់ប្លាស្ទិកផលិតផលរបស់យើង រួមមាន ដបប្លាស្ទិកដែលអាចកែច្នៃឡើងវិញបាន ក៏ដូចជាស្បោងប្លាស្ទិករុំផលិតផលរបស់យើង។ នេះគឺជាផ្នែកមួយនៃសកម្មភាពអាទិភាពរបស់យើងឆ្ពោះទៅកាន់គោលដៅជាសកល ដើម្បីសម្រេចបាននូវការប្រមូល និង កែច្នៃឡើងវិញនូវរាល់សំបកវេចខ្ចប់ប្រភេទដបប្លាស្ទិក ឬ កំប៉ុងទាំងអស់ដែលយើងលក់នៅលើទីផ្សារ នៅត្រឹមឆ្នាំ ២០៣០»។
ក្រុមហ៊ុន កូកា-កូឡា កម្ពុជា បន្តពន្លឿនកិច្ចប្រឹងប្រែងរបស់ខ្លួនក្នុងការប្រមូល និង កែច្នៃឡើងវិញនៅទូទាំងប្រទេស។ នៅដើមឆ្នាំ២០២០ ក្រុមហ៊ុនបានចេញលក់ទឹកពិសាដាសានីចំណុះ ៣៥០ មីលីលីត្រ ដែលមានសំបកដបដំបូងផលិតពីប្លាស្ទិកដែលបានកែច្នៃរួច ១០០% ឬហៅថា «Recycled PET / rPET»។ គិតត្រឹមឆ្នាំ២០២១ តាមរយៈកិច្ចសហការជាមួយដៃគូអាជីវកម្ម និង ក្រុមហ៊ុនដៃគូកែច្នៃប្លាស្ទិក កូកា-កូឡា កម្ពុជា បានប្រមូល និង កែច្នៃសំណល់ប្លាស្ទិក បានចំនួន ១.៤៥០ តោន។ ដើម្បីស្វែងយល់បន្ថែមទៀតអំពីចក្ខុវិស័យ «ពិភពលោកគ្មានសំរាម» របស់ក្រុមហ៊ុន កូកា-កូឡា កម្ពុជា សូមចូលទៅកាន់គេហទំព័ររបស់ក្រុមហ៊ុន កូកា-កូឡា កម្ពុជា ឬ តាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន៖ facebook.com/Cambodia Beverage Company Ltd៕
អំពីក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា)
ជាក្រុមហ៊ុនភេសជ្ជៈគ្មានជាតិស្រវឹង ឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា
ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា ឬ កូកា-កូឡាកម្ពុជា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ១០០% របស់សម្ព័ន្ធក្រុមហ៊ុន Bottling Investments Group (BIG) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ១០០% របស់ក្រុមហ៊ុនកូកា-កូឡា។ កូកា-កូឡាកម្ពុជា មានមោទនភាពទទួលបានសិទ្ធិផ្ដាច់មុខពីក្រុមហ៊ុន កូកា-កូឡា និង ក្រុមហ៊ុន Monster Energy ក្នុងការផលិត ផ្គត់ផ្គង់ និង ចែកចាយផលិតផលរបស់ក្រុមហ៊ុនទាំង ២ ក្នុងប្រទេសកម្ពុជា។
ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា ផ្តល់ការងារប្រមាណ ៨៥០ កន្លែង និង ការងារប្រយោលប្រមាណជាង ៨០០០ កន្លែងនៅក្នុងសង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុន។ ក្នុងនាមជាក្រុមហ៊ុនភេសជ្ជៈមួយ ក្រុមហ៊ុនកំពុងបន្តវិនិយោគលើការបង្កើតផលិតផលថ្មី ជម្រើសសំបកវេចខ្ចប់ និងជម្រើសភេសជ្ជៈប្រកបដោយគុណភាព ដែលរួមមាន ភេសជ្ជៈមានជាតិស្ករតិច និង មិនមានជាតិស្ករផងដែរ។ កូកា-កូឡាកម្ពុជា មានផលិតផលដូចជា៖ Coca-Cola, Coca-Cola Zero, Sprite, Fanta, Schweppes Fuzetea Dasani, Samurai និងAquarius។
ក្រុមហ៊ុនប្តេជ្ញាចិត្ត ក្នុងការបង្កើតគុណតម្លៃរួមគ្នាក្នុងសហគមន៍ដែលក្រុមហ៊ុនកំពុងមានប្រតិបត្តិការអជីវកម្ម ដោយធានាថា ចីរភាពគឺជាស្នូលនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន។ កូកា-កូឡាកម្ពុជា នៅតែកំពុងបន្តកសាងសហគមន៍ ដែលខ្លួនកំពុងធ្វើប្រតិបត្តិអាជីវកម្មឱ្យកាន់តែប្រសើរ និង ប្រកបដោយចីរភាព។ តាំងពីឆ្នាំ ១៩៩៣ មក ក្រុមហ៊ុនបានវិនិយោគទឹកប្រាក់រាប់លានដុល្លារ លើគម្រោងសហគមន៍ជាច្រើនក្នុងប្រទេសកម្ពុជា។
គម្រោងនោះរួមមាន ពិភពលោកគ្មានសំរាម (World Without Waste) ការផ្តល់ទឹកស្អាតដល់សហគមន៍វិញ (Water Replenishment) ការផ្តល់សិទ្ធអំណាចដល់ស្រ្តី (Women Empowerment និង សហគ្រាសធុនស្រាល និងមធ្យម (Local SMEs) ការគាំទ្រដល់គ្រួសារដែលជួបការលំបាក (Family Hardship) និង ការឧបត្ថម្ភជំនួយក្នុងគ្រាអាសន្ន (Emergency Relief) ជាដើម។ សម្រាប់ព័ត៌មានបន្ថែម សូមចូលលទៅកាន់គេហទំព័រ៖ https://www.cbcl.com.kh/ ឬចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់យើង៖ Cambodia Beverage Company Ltd។
សម្រាប់ព័ត៌មានបន្ថែម៖ កញ្ញា សម្បត្តិ មុនីវរលក្ខណ៍ តាមរយៈអ៊ីមែល smunyvorleak@coca-cola.com.kh