មិនធម្មតា! ខាត់ សុឃីម កាន់កាប់តំណែងជាគណកម្មការ Cambodia’s Got Talent រដូវកាលថ្មីទៀតហើយ
តារាពហុជំនាញចាស់វស្សាល្បីមិនស្រកស្រុត គឺអ្នកនាង ខាត់ សុឃីម កំពុងតែលេចមុខលេចមាត់ខ្លាំងតាមរយៈ រឿងភាគ និង កម្មវិធីផ្សេងៗនៅលើប៉ុស្តិ៍ទូរទស្សន៍ហង្សមាស ។ អ្នកនាង ខាត់ សុឃីម កំពុងតែកាន់កាប់តំណែងជាគណកម្មការកម្មវិធីប្រកួតសមត្ថភាពលំ ដាប់ពិភពលោក Cambodia’s Got Talent ដែលនេះជាលើកទី ២ ហើយសម្រាប់អ្នកនាងបន្ទាប់ពីជោគជ័យក្នុងរដូវកាលទី ១ កន្លងមក ។
អ្នកនាង ខាត់ សុឃីម បានប្រាប់ឲ្យដឹងថាក្នុងនាមជាគណកម្មការក្នុងកម្មវិធីនេះ អ្នកនាងពិតជារំភើបពេកក្រៃក្នុង ការដែលបានឃើញពីសមត្ថភាពរបស់ពុកម៉ែបងប្អូនទាំងអស់ដែលបានចូលរួមប្រកួតនឹងបញ្ចេញនូវសមត្ថភាព ដ៏ពិសេសៗ ហើយនៅក្នុងរដូវកាលថ្មីនេះគឺពិតជាពិសេសសម្រាប់ទស្សនិកជនទាំងអស់ក៏ដូចជាអ្នកនាងផ្ទាល់ ព្រោះសមត្ថភាពរបស់បេក្ខជនមួយចំនួនគឺពិតជាអស្ចារ្យដែលអ្នកនាងពុំធ្លាប់បានឃើញសោះឡើយ មិនថាតាម ទូរទស្សន៍ ឬក៏តាមយូធូប គឺពិតជាអស្ចារ្យតែម្តង ។
ក្រៅពីនេះអ្នកនាងក៏បានបញ្ចេញអារម្មណ៍រីករាយ ដែលបានចូលរួមធ្វើជាគណកម្មការក្នុងរដូវកាលថ្មីនេះទៀត ដោយមានបន្ថែមគណកម្មការថ្មីធ្វើឲ្យកម្មវិធីរឹតតែសប្បាយរីករាយ និង ប្លែកភ្នែកសម្រាប់ទស្សនិកជន ។ កម្មវិធី Cambodia’s Got Talent នឹងចាក់ផ្សាយវគ្គដំបូងនារដូវកាលទី ២ នេះចាប់ពីថ្ងៃទី ៥ ខែសីហា ឆ្នាំ២០១៨ ខាងមុខនេះហើយ ។ ដូច្នេះកុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នានៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ៕