រថយន្ត MG ZS និង Toyota Raize ជំនាន់ថ្មី បានបង្កើនកម្រិតភាពទាក់ទាញខ្ពស់ និង ភាពរស់រវើកដល់ម្ចាស់រថយន្ត
រថយន្តប្រភេទ SUV ខ្នាតតូចកំពុងមានការពេញនិយមជាខ្លាំងនាពេលបច្ចុប្បន្ននេះ សម្រាប់ប្រជាជននៅប្រទេសកម្ពុជា ព្រោះវាផ្តល់ជូននូវតម្លៃសមរម្យ ការសន្សំសំចៃខ្ពស់ ការបើកបរយ៉ាងល្អនៅក្នុងទីក្រុង ភាពទាន់សម័យនៃលក្ខណៈពិសេស និង រថយន្តមួយចំនួនផ្តល់ឱ្យអ្នកនូវភាពធំទូលាយ ដែលធ្វើឱ្យអ្នកកាន់តែមានផាសុកភាព និង រីករាយក្នុងពេលបើកបរ។ ទន្ទឹមនឹងនេះក្រុមហ៊ុនរថយន្តល្បីៗទាំងពីរក្នុងប្រទេសកម្ពុជា បានបង្ហាញរថយន្ត SUV ខ្នាតតូចដ៏អស្ចារ្យរបស់ខ្លួនដែលមានដូចជា ក្រុមហ៊ុន MG បានណែនាំម៉ូឌែលថ្មីរបស់ខ្លួនគឺ ZS និង ក្រុមហ៊ុន Toyota បានសម្ពោធជាផ្លូវការនូវរថយន្ត Raize កាលពីថ្មីៗនេះ។ ដូច្នេះយើងខ្ញុំសូមបង្ហាញជូនលោកអ្នកនូវព័ត៌មានខ្លះៗរបស់រថយន្ត MG ZS និង Toyota Raize ដល់ប្រិយមិត្តដែលកំពុងមានគម្រោងចង់ទិញរថយន្តប្រភេទ SUV ខ្នាតតូច។
វាហាក់បីដូចជាមានលទ្ធភាពល្អនៃការចរាចរណ៍រថយន្ត MG ZS នៅលើផ្លូវក្នុងប្រទេសកម្ពុជា គឺមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ នៅពេលដែលក្រុមហ៊ុន MG បានចាប់ផ្តើមប្រកាសម៉ូឌែលថ្មីរបស់ខ្លួនគឺ MG ZS នៅកម្ពុជា ពួកគេបានលើកឡើងថា ម៉ូឌែលថ្មីនេះវានឹងបង្កើនការស្គាល់នូវម៉ាកយីហោ MG ដល់ប្រជាជននៅកម្ពុជា ឱ្យកាន់តែខ្លាំងឡើងៗ។ រថយន្ត MG ZS គឺជារថយន្តប្រភេទ SUV ខ្នាតតូចដែលលក់ដាច់បំផុតនៅកម្ពុជា ដោយផ្តល់ជូននូវតម្លៃសមរម្យ និង ទំហំធំទូលាយល្អដែលគ្រប់គ្រាន់សម្រាប់អ្នកប្រើប្រាស់ ដែលរចនាជាមួយនឹងទំហំស្តង់ដារដូចជា ប្រវែងគម្លាតពីកង់មុខទៅកង់ក្រោយ 2,580mm, ប្រវែងបណ្តោយ 4,323mm, ទទឹង 1,809mm, កម្ពស់ 1,653mm និង ទំហំដាក់ឥវ៉ាន់ចំណុះ 448Litres។ ការរចនាទំហំដ៏ធំទូលាយនេះពិតជាអស្ចារ្យសម្រាប់ MG ZS ហើយវាពិតជាល្អសម្រាប់ការប្រើប្រាស់ក្នុងគ្រួសារតូចល្មមមួយ និង សហគ្រិនវ័យក្មេងដែលចូលចិត្តបង្ហាញម៉ូតស្ទីលទាន់សម័យផ្ទាល់ខ្លួន។ MG ZS បានបង្កើនភាពទំនើបរបស់ខ្លួនជាមួយនឹងការរចនាបែបថ្មីនៃរូបរាងខាងក្រៅ និង លក្ខណៈពិសេសជាច្រើនដូចជា កាមេរ៉ា ៣៦០ អមជាមួយសេនស័រ, ប្រព័ន្ធសោរឆ្លាតវៃ smart key, អេក្រង់កម្សាន្តទំហំ ១០.១ អ៊ីញ ដែលអាចភ្ផាប់ជាមួយ Apple CarPlay និង Android Auto, ដំបូលលើបើកបែប Panoramic Sunroof, អូតូនៃកៅអីអ្នកបើកបរ, កញ្ចក់ចំហៀងក្តោបអូតូ, ចង្កៀងមុខប្រភេទ LED អមនឹងអំពូល Daytime Running Light ដែលធ្វើឱ្យ MG ZS កាន់តែទាក់ទាញ និង មានសុវត្ថិភាពផងដែរ។
ទោះយ៉ាងណាក្តី នៅពេលនេះផងដែរ ក្រុមហ៊ុន Toyota ទើបតែបានបង្ហាញជាផ្លូវការនូវរថយន្តប្រភេទ SUV ខ្នាតតូចរបស់ខ្លួន មានឈ្មោះថា Toyota Raize ដែលផ្តល់ជូនលោកអ្នកទិញនូវតម្លៃយ៉ាងពិសេសសមរម្យ ជាមួយនឹងទំហំស្តង់ដារនៃគម្លាតកង់មុខក្រោយ 2,525mm, ប្រវែងបណ្តោយ 4,030mm, ទទឹង 1,710, កម្ពស់ 1,535mm និង កន្លែងដាក់ឥវ៉ាន់ 369 Litres។ ប្រវែងនៃទំហំនេះគឺតូចជាង MG ZS ប៉ុន្តែវានៅតែល្អសម្រាប់លោកអ្នកដែលចូលចិត្តធ្វើដំណើរកម្សាន្តតូចៗជាមួយមិត្តភក្តិ ឬ ក្រុមគ្រួសារ។ វាផ្តល់នូវបំណងប្រាថ្នាដល់អតិថិជនដែលចង់មានភាពរីករាយ និង មានភាពងាយស្រួលក្នុងការបើកបរ។ Toyota Raize ក៏បានភ្ជាប់មកជាមួយនូវមុខងារប្រើប្រាស់ទំនើបៗ ដូចជា ប្រព័ន្ធសោរឆ្លាតវៃ smart key, អេក្រង់កម្សាន្តទំហំ ៨ អ៊ីញអាចភ្ជាប់ Apple CarPlay, រន្ធ USB ផ្នែកខាងក្រោយ, ប្រព័ន្ធកំណត់ល្បឿនថេរ, ប្រព័ន្ធ ABS និង EBD, យ៉ាន់ស្ព័រទំហំ ១៧ អ៊ីញ, ចង្កៀងមុខប្រភេទ LED DRL រួមនឹងអំពូល Daytimes Running Light ព្រមទាំងមុខងារប្រើប្រាស់ពិសេសៗទៀតដែលធ្វើឱ្យម្ចាស់រថយន្តទទួលបាននូវបទពិសោធថ្មី និង ភាពងាយស្រួលក្នុងពេលបើកបរ។
ភាពខុសគ្នាធំបំផុតរវាងរថយន្តទាំងពីរនេះ គឺទំហំនៃកន្លែងដាក់ជើង។ Toyota Raize មានទំហំ 369 litres ដែលតូចជាងទំហំ 448 litre របស់ MG ZS ។ Toyota Raize និង MG ZS គឺស្ថិតក្នុងប្រភេទ SUV ខ្នាតតូចដូចគ្នាតែវាមានភាពខុសគ្នានៃចំណុចខ្លះៗសម្រាប់អ្នកទិញគិតពិចារណា និង សម្រេចចិត្ត ប៉ុន្តែយ៉ាងណាក្តី វានៅតែអាចផ្តល់ឱ្យម្ចាស់រថយន្តកាន់តែទំនើប និង ទាន់សម័យ។ ដូច្នេះអ្នកទិញអាចអញ្ជើញបើកសាកល្បង ឬ ទៅទស្សនារថយន្ត ដោយផ្ទាល់នៅអគារតាំងបង្ហាញរបស់ពួកគេមុននឹងធ្វើការសម្រេចចិត្ត៕