ពលរដ្ឋជួបទុក្ខលំបាកដោយជំងឺកូវីដ-១៩ អាចបើកប្រាក់ឧបត្ថម្ភតាមវីងបាន
ឥឡូវនេះពលរដ្ឋដែលជួបទុក្ខលំបាកដោយបញ្ហាជំងឺកូវីដ១៩ អាចបើកប្រាក់ឧបត្ថម្ភ របស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈភ្នាក់ងារវីងដោយភ្ជាប់ជាមួយលេខទូរស័ព្ទនិងអត្តសញ្ញាណប័ណ្ណបានហើយ។
ក្នុងស្មារតីជួយកាត់បន្ថយទុក្ខលំបាករបស់ប្រជាពលរដ្ឋ ធនាគារវីង បានសហការនិងគាំទ្រដល់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង គាំពារសង្គមកម្ពុជា ដើម្បីជួយសំរួលដល់ពលរដ្ឋដែលមានឈ្មោះទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលកម្ពុជា អាចបើកជាសាច់ប្រាក់តាមរយៈភ្នាក់ងារវីងជិត ១០០០០ កន្លែងទូទាំងប្រទេស និង តាមរយៈកម្មវិធីស្មាតហ្វូនវីង (Wing Money App) ប្រកបដោយសុក្រិដភាព និង សុវត្ថិភាព ។
រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវកម្មវិធី «ជំនួយសង្គមជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់» សម្រាប់ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋមានការលំបាកផ្នែកជីវភាព, ប្រជាពលរដ្ឋ និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ និងមានការលំបាកផ្នែកជីវភាព និងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១ ។
ជាមួយកម្មវិធីនេះ ក្រសួងផែនការ សហការជាមួយរដ្ឋបាលឃុំ សង្កាត់ និង សហភាពសហព័ន្ធយុវជនកម្ពុជា បានកំពុងស្រង់បញ្ជីឈ្មោះ សម្ភាស និងកំណត់អត្តសញ្ញាណប្រជាពលរដ្ឋ និង គ្រួសារប្រជាពលរដ្ឋដែលមានការលំបាកផ្នែកជីវភាព ដែលស្ថិតក្នុងតំបន់ក្រោមការអនុវត្តវិធានការបិទខ្ទប់ជាលក្ខណៈទ្រង់ទ្រាយធំនៃរាជធានីភ្នំពេញ ក្រុងតាខ្មៅនៃខេត្តកណ្តាល និង ក្រុងព្រះសីហនុនៃខេត្តព្រះសីហនុ ដើម្បីផ្តល់ជំនួយឧបត្ថម្ភ ។
ធនាគាវីង នឹងផ្ញើសារជូនដំណឹងអំពីការបើកប្រាក់ឧបត្ថម្ភនេះតាមរយៈលេខទូរស័ព្ទរបស់អ្នកដែលមានឈ្មោះក្នុងបញ្ជីដើម្បីមកដកប្រាក់ឧបត្ថម្ភតាមរយៈភ្នាក់ងារវីង ។ ពលរដ្ឋទាំងឡាយក៏អាចដកប្រាក់តាមរយៈកម្មវិធីស្មាតហ្វូនវីងផងដែរ ។ ដោយឡែក សម្រាប់ពលរដ្ឋដែលមានការលំបាកហើយមិនទាន់បានចុះឈ្មោះ សូមមេត្តាទាក់ទងទៅអាជ្ញាធរមូលដ្ឋានដើម្បីស្នើរសុំជំនួយទាំងនេះ ។
គួរបញ្ជាក់ផងដែរថា សម្រាប់បងប្អូនកម្មករកម្មការនីរោងចក្រ ក្នុងវិស័យកាត់ដេរ ដែលរងផលប៉ះពាល់ពីការបិទខ្ទប់ដោយសារជំងឺកូវីដ-១៩ ហើយត្រូវបានកំណត់អត្តសញ្ញាណដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏អាចបើកប្រាក់ឧត្ថម្ភរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈភ្នាក់ងារវីងផងដែរ ៕