ក្រុមហ៊ុន Ford និង Google បានសហការគ្នានាំយកប្រព័ន្ធប្រតិបត្តិការ Android មកបំពាក់លើរថយន្ត Ford ក្នុងឆ្នាំ ២០២៣ ខាងមុខ
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Ford និង Google បានប្រកាសជាផ្លូវការពីកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនទាំងពីរដែលនឹងចាប់ផ្តើមនៅឆ្នាំ 2023 ខាងមុខនេះ។ ក្រុមហ៊ុន Ford នឹងនាំយកប្រព័ន្ធប្រតិបត្តិការ Android មកដាក់ដំណើរការលើរថយន្ត Ford អមមកជាមួយនឹងមុខងារផ្សេងៗដូចជា៖ Google Apps, និង Service Built-In។ ជាមួយគ្នានេះដែរ Ford នឹងប្រើប្រាស់សេវាកម្ម Google ផ្សេងទៀតដែលមានដូចជា៖ សេវាកម្ម Google Cloud, កម្មវិធី Artificial Intelligence (AI), កម្មវិធី Machine Learning (ML) ផងដែរ ។
ចាប់ពីឆ្នាំ 2023 អតិថិជនរថយន្ត Ford និង Lincoln នឹងទទួលបានបទពិសោធន៍កាន់តែប្រសើរទាក់ទងជាមួយនឹងកម្មវិធីផ្សេងៗដែលជួយសម្រួលដល់ការបើកបរ ហើយជាពិសេសនោះគឺប្រព័ន្ធកំសាន្តបែបថ្មីដែលអាចប្រើប្រាស់ផ្ទាល់នៅលើអេក្រង់ Touch Screen របស់រថយន្តដោយពុំចាំបាច់ភ្ជាប់ជាមួយនឹងទូរស័ព្ទនោះទេ ។
លោក Jim Farley អគ្គនាយកក្រុមហ៊ុន Ford បានមានប្រសាសន៍ថា៖ «ក្រុមហ៊ុន Ford បានបន្តធ្វើកំណែទម្រង់យ៉ាងស៊ីជម្រៅដើម្បីឆ្លើយតបទៅនឹងតម្រូវការនាពេលបច្ចុប្បន្ននេះ និង នាពេលអនាគតតួយ៉ាងដូចជារថយន្តអគ្គិសនី និង រថយន្តដែលអាចបើកបរបានដោយខ្លួនឯង ហើយថ្មីៗនេះក្រុមហ៊ុន Ford និង Google បានរួមគ្នាដើម្បីបង្កើតនូវការច្នៃប្រឌិតថ្មីដែលអាចផ្តល់នូវបទពិសោធន៍ល្អប្រសើរជាមួយនឹងបច្ចេកវិទ្យាទំនើបថ្មីៗចុងក្រោយ» ។
លោក Sundar Pichai នាយកប្រតិបត្តិក្រុមហ៊ុន Google និង Alphabet បានមានប្រសាសន៍ថា ៖ «ក្រុមហ៊ុន Ford បានឈរជើងនៅលើវិស័យយានយន្តអស់រយៈពេលជិត 120ឆ្នាំមកហើយ ថ្ងៃនេះដែរយើងពិតជាមានមោទនៈភាពដែលអាចសហការគ្នាជាមួយក្រុមហ៊ុន Ford ដែលអាចប្រើប្រាស់បច្ចេកវិទ្យាតាមប្រព័ន្ធអ៊ីនធឺណេតក្នុងការគណនា វិភាគទិន្នន័យក្នុង Cloud ដើម្បីជួយផ្លាស់ប្តូរ និង បង្កើនល្បឿនអាជីវកម្មតរបស់ Ford ឲ្យកាន់តែប្រសើរ និងកាន់តែផ្តល់សុវត្ថិភាពជូនអ្នកបើកបររថយន្ត Ford ទាំងអស់ថែមទៀតផង» ។
តាមរយៈការប្រើ Android និងសេវាកម្ម Cloud របស់ Google ក្រុមហ៊ុន Ford នឹងអាចធ្វើការផ្ញើសារទៅកាន់អតិថិជនរបស់ខ្លួនបាន ទាក់ទងការស្នើរឲ្យយកយានយន្ត ទៅធ្វើការថែទាំ ឬ ត្រួតពិនិត្យផ្សេងៗ ក៏ដូចជាការជូនដំណឹងសំខាន់ៗជាច្រើនទៀតផងដែរ ។
សូមបញ្ជាក់ផងដែរថា ការប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android លើរថយន្ត Ford នាឆ្នាំ 2023 ខាងមុខនោះវាមិនដូចគ្នាទៅនឹងកម្មវិធី Android Auto នាពេលសព្វថ្ងៃនេះទេ ព្រោះថា Android Auto គ្រាន់ជាកម្មវិធីមួយប៉ុណ្ណោះ មិនមែនជាប្រព័ន្ធប្រតិបត្តិការឡើយ ហេតុដូច្នេះមុខងាររបស់វាមានដែនកំណត់ ហើយមួយវិញទៀត អ្នកអាចប្រើបាន លុះត្រាតែភ្ជាប់វាជាមួយទូរស័ព្ទ Smart Phone ដែលមានប្រព័ន្ធប្រតិបត្តិការ Android ទើបបាន ។ តែសម្រាប់រថយន្ត Ford នាពេលអនាគតដែលបំពាក់មកជាមួយប្រព័ន្ធប្រតិបត្តិការ Android ស្រាប់វិញនោះគឺ វាដូចជាទូរស័ព្ទ Smart Phone ដែលមានប្រព័ន្ធប្រតិបត្តិការ Android អញ្ចឹង ដែលអ្នកប្រើប្រាស់អាចបញ្ជាមុខងារសំខាន់ៗ ឬបើកកម្មវិធីផ្សេងៗ បានដោយខ្លួនឯង នៅក្នុងនោះផ្ទាល់តែម្ដងដែលមានដូចជា៖
- មុខងារ Google Assistant ជួយឲ្យអ្នកបើកបរអាចផ្តោតអារម្មណ៍ក្នុងការបើកបរទៅមុខ និងបញ្ជាមុខងារផ្សេងៗរបស់រថយន្តតាមរយៈការប្រើសម្លេងតែប៉ុណ្ណោះ ។
- មុខងារ Google Map បង្ហាញផែនទី និងទីតាំងបានច្បាស់លាស់ដែលអាចជួយឲ្យអ្នកបើកបរទៅដល់គោលដៅបានឆាប់រហ័សជាងមុនជាមួយនឹងការបង្ហាញស្ថានភាពចរាចរណ៍ជាក់ស្តែង និងធ្វើការណែនាំពីគន្លងផ្លូវដែលយើងត្រូវបើកបរ ។
- មុខងារ Google Play ផ្តល់នូវការកំសាន្តដល់អ្នកបើកបរតាមរយៈមុខងារ Apps ជាច្រើនដូចជាការស្តាប់ចម្រៀង, Podcasts, Audiobooks ដែលមុខងារទាំងអស់នេះមាននៅលើរថយន្តស្រាប់តែម្តង ។
តាមរយៈការបំពាក់ប្រព័ន្ធប្រតិបត្តិការ Android នៅលើរថយន្ត Ford នេះនឹងអាចធ្វើឲ្យក្រុមហ៊ុន Ford និងអ្នកអភិវឌ្ឍន៍កម្មវិធី Mobile Apps អាចបង្កើតកម្មវិធីកំសាន្ត និងកម្មវិធីផ្សេងៗទៀតបានដើម្បីផ្តល់ជូននូវបទពិសោធន៍ថ្មីនៃការបើកបរសម្រាប់អតិថិជន ។