អបអរសាទរ សាយ នឹងទទួលបានពានរង្វាន់វីរយុវជន ឆ្នាំ ២០២០ ផ្តល់ដោយសមាគមអន្តរជាតិ IAYSP
សមាគមអន្តរជាតិយុវជននិងសិស្សនិស្សិតដើម្បីសន្តិភាព ដែលហៅកាត់ថា អាយអេវ៉ាយអេសភី (IAYSP) គឺជាសមាគមអន្តរជាតិដែលមានសមាជិកជាង ៥០ ប្រទេស នៅទូទាំងសកលលោក ហើយត្រូវបានបង្កើតឡើងដោយលោកស្រីបណ្ឌិត ហាក់ ចា ហាន់ មូន (អ្នកម្តាយសន្តិភាព) នាឆ្នាំ ២០១៧ នៅប្រទេសកូរ៉េខាងត្បូង។
សមាគមនេះ មានបេសកកម្ម បង្កើតនូវសន្តិភាពពិភពលោកតាមរយៈការលើកកម្ពស់ដល់យុវជននិងសិស្សនិស្សិតឱ្យក្លាយជាពលរដ្ឋសកលតាមរយៈ ការអប់រំចរិតលក្ខណៈ និង ការបង្កើតគម្រោងសន្តិភាពដែលគាំទ្រដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ ។ លោកស្រីបណ្ឌិត ហាក់ ចា ហាន់ មូន ដែលជាស្ថានិកនៃ សមាគមអន្តរជាតិនេះ បានអញ្ជើញមកដល់ប្រទេសកម្ពុជាកាលពីឆ្នាំ ២០១៩ ដើម្បីចូលរួមកម្មវិធីកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកឆ្នាំ ២០១៩ ដែលសហការរៀបចំដោយ សហព័ន្ធសន្តិភាពសកល (UPF) ជាមួយនិងរាជរដ្ឋាភិបាលកម្ពុជា។ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ីប៉ាហ្វិកឆ្នាំ ២០១៩ លោកស្រីបណ្ឌិត មូន សហស្ថានិក អង្គការសហព័ន្ធសន្តិភាពសកល (UPF) បានធ្វើការប្រគល់នូវមេដាយអភិបាលកិច្ចល្អ ជូនប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
ពានរង្វាន់វីរយុវជនត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០១៩ ដោយសមាគមអន្តរជាតិយុវជននិងសិស្សនិស្សិតដើម្បីសន្តិភាព ។ ពានរង្វាន់នេះត្រូវប្រគល់ជូនដល់យុវជន និង ថ្នាក់ដឹកនាំវ័យក្មេងដែលបានធ្វើការចូលរួមចំណែកដោះស្រាយបញ្ហាសង្គម និង ធ្វើការផ្សព្វផ្សាយនូវសកម្មភាពដែលគាំទ្រដល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចរីភាព ដែលទទួលបាននូវលទ្ធផលជាផ្លែផ្កា និង មានការទទួលស្គាល់ពីមនុស្សជាច្រើននៅក្នុងប្រទេស និង តំបន់ ។
កាលពីដើមខែមករា ឆ្នាំ ២០២១ គណៈកម្មាការរៀបចំពានរង្វាន់វីរយុវជនឆ្នាំ ២០២០ បានធ្វើការវាយតម្លៃ និង ជ្រើសរើស លោក អ៊ួន បឋម (សាយ) ជាបុគ្គលដែលមានគុណលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការទទួលបាននូវពានរង្វាន់មួយនេះ ។ លោក អ៊ួន បឋម (សាយ) គឺជាសិល្បៈករមួយរូបដែលត្រូវបានមហាជនទទួលស្គាល់គ្រប់ស្រទាប់វណ្ណៈ កាលពីពេលថ្មីៗកន្លងទៅនេះ លោក សាយ បានបង្កើតនូវកម្មវិធីរៃអង្គាសសប្បុរសធម៌ក្រោមប្រធានបទ រត់ដើម្បីសប្បុរសធម៌ជាមួយសាយ ដើម្បីស្វែងរកថវិកាជូនមន្ទីពេទ្យកុមារអង្គរ។ ក្នុងកម្មវិធីរត់ដើម្បីសប្បុរសធម៌នេះ លោកបានចំណាយពេលរបស់លោកចំនួន ៩៩ ថ្ងៃ រត់ឆ្លងកាត់ចំនូន ២១ រាជធានី-ខេត្ត នៅជុំវិញប្រទេសកម្ពុជា ហើយកម្មវិធីសប្បុរសធម៌នេះបានរៃអង្គាសថវិកាបានប្រមាណជាង ៥០ ម៉ឺនដុលា្លរសហរដ្ឋអាមេរិក ។
សមាគមអន្តរជាតិយុវជននិងសិស្សនិស្សិតដើម្បីសន្តិភាព នឹងរៀបចំកម្មវិធីប្រគល់ពានរង្វាន់ វីរយុវជនឆ្នាំ ២០២០ ជូនទៅកាន់លោកសាយ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ វេលាម៉ោង ២៖០០ ដល់ម៉ោង ៣៖៣០ នាទីរសៀល នៅសណ្ឋាគារ អេមីអន ភ្នំពេញ នាពេលខាងមុខនេះ។ នៅក្នុងកម្មវិធីប្រគល់ពានរង្វាន់នេះផងដែរ នឹងមានការអញ្ជើញចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាតិ និងអន្តជាតិសំខាន់ៗប្រមាណជាង ៤០ រូប ។
សមាគមអន្តរជាតិយុវជននិងសិស្សនិស្សិតដើម្បីសន្តិភាព សង្ឃឹមយ៉ាងមុតមាំថា យុវជនទាំងអស់នៅក្នុងប្រទេសកម្ពុជា និងនៅទូទាំងសកលលោក អាចយកគំរូ តាមលោក អ៊ួន បឋម (សាយ) ដែលនឹងធ្វើការចាប់ផ្តើមបង្កើតនូវសកម្មភាពផ្ទាល់ខ្លួនដើម្បីចូលរួមចំណែកក្នុងកិច្ចការងារសង្គមជាតិ និង សកលលោក ដែលធ្វើការគាំទ្រនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចរីភាពរបស់អង្គការសហប្រជាជាតិ ៕
រាជធានីភ្នំពេញ ថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២១
គណៈកម្មការរៀបចំកម្មវិធីប្រគល់ពានរង្វាន់វីរយុវជន