ជួបជាមួយ រ៉ូហ្សា និង ខៃ ម្តងទៀតក្នុងស្នាដៃដ៏ថ្មីសន្លាងមួយ មានចំណងជើងថា «ស្នេហ៍ឆ្លងវេលា» (វីដេអូ)
តើទស្សនិកជនទាំងអស់គ្នាមិនទាន់ភ្លេចតារាសម្តែងវ័យក្មេង ២រូប នោះគឺកញ្ញា រ៉ូហ្សា និងលោក ខៃ ដែលជាតួអង្គឯកក្នុងរឿងភាគបុរាណខ្មែរ “ទេពធីតាព្កុលមាស” មែន ឬទេ?
ដោយសារតែទេពកោសល្យ សមត្ថភាពក្នុងការសម្តែង និងរូបសម្រស់ស្រស់សោភា អ្នកទាំងពីរពិតជាបានឆក់យកនូវបេះដូង ការគាំទ្រជាច្រើនពីទស្សនិកជន ថែមទាំងដល់ថ្នាក់មានអ្នកគាំទ្របានសំណូមពរចង់ឃើញអ្នកទាំងពីរចាប់ដៃគូជាមួយគ្នាម្តងទៀតជាច្រើនតាមរយៈបណ្តាញសង្គមថែមទៀតផង។
នៅពេលនេះ ពេលវេលាបានមកដល់ហើយ តួឯកប្រុសស្រីនៃរឿងភាគបុរាណខ្មែរ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងនៅឆ្នាំ២០២០នេះ នឹងត្រលប់មកវិញជាមួយវណ្ណកម្មថ្មីមួយ ដែលផលិតឡើងក្រោមស្ថានីយទូរទស្សន៍ MyTV ដែលជាភាពយន្តខ្នាតខ្លីមានចំណងជើងថា “ស្នេហ៍ឆ្លងវេលា” ដែលភាពយន្តមួយនេះ និយាយពីសម័យកាលថ្មី អ្វីដែលពិសេសនោះ គឺមានអាថ៌កំបាំងជាច្រើន ដោយធ្វើឱ្យអ្នកទស្សនាមិនអាចទាយពីសាច់រឿងត្រូវជាមុននោះទេ ដោយផលិតករនៃស្នាដៃមួយនេះ នោះគឺលោក គឹមអាន សុផាស័ក្ត សូមធ្វើការបង្ហើបត្រឹមតែប៉ុណ្ណឹងសិន។
សូមរង់ចាំទស្សនានៅលើកញ្ចក់ស្ថានីយ៍ទូរទស្សន៍ CTN ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង 8 យប់នេះ និងថ្ងៃស្អែកនៅ MyTV វេលាម៉ោង 9:30 ព្រឹក ៕
អត្ថបទ៖ លីន រតនា