បងប្អូនពី អេសស៊ីជី បានចូលរួមចំណែកក្នុងការសាងសង់ទីធ្លារក្នុងបរិវេណសាលាដូងសម្រាប់ សិស្សានុសិស្ស
ឧទ្យានជាតិគិរីរម្យ ៖ បងប្អូនពីអេសស៊ីជី ចំនួន ៦២ នាក់បានចូលរួមដោយផ្ទាល់ក្នុង ការសាងសង់ទីធ្លារក្នុងបរិវេណសាលាដូងដែលស្ថិតក្នុងឧទ្យានជាតិគិរីរម្យ ដោយប្រើប្រាស់ដុំបេតុង ប្រមាណ ៣០ តោន ពីរោងចក្របេតុងអេសស៊ីជី កាលពីថ្ងៃទី ៦ ខែវិច្ឆិកា ឆ្នាំ ២០២០ ។ ការសាងសង់ទីធ្លារនេះ គឺដើម្បីជួយសម្រួលដល់សិស្សានុសិស្ស អោយដើរបានងាយស្រួលជាពិសេសក្នុងរដូវភ្លៀង ហើយក៏ជាផ្នែកមួយនៃគោលការណ៍ SCG Circular Way ដែលបង្កើតឡើងដើម្បីជំរុញដល់ការបន្ត ប្រើប្រាស់ ប្រើប្រាស់ឡើងវិញ ឬកែច្នៃប្រើប្រាស់ដើម្បីកាត់បន្ថយកាក សំណល់ឱ្យស្ថិតក្នុង កម្រិតអប្បបរមា តាមរយៈការប្រើប្រាស់ឱ្យអស់លទ្ធភាព និងឱ្យបានជាអតិបរមា នូវតម្លៃនៃធនធាន ដែលមានស្រាប់ ។
លោក អ៊ុក វណ្ណដេ ស្ថាបនិកសាលាដូងគិរីរម្យ បានមានប្រសាសន៍យ៉ាងដូច្នេះថា «អ្វីដែល យើងបានធ្វើការជាមួយគ្នារយៈពេលពីរថ្ងៃនេះ យើងទទួលបាននូវការជួយ ខ្លាំងមែនទែនទៅលើ ទីធ្លារក្មេងលេង ពេលគាត់ចេញពីរៀនហើយលេង ទោះជាមានភ្លៀង គាត់នៅតែអាចបន្តលេងដោយ មិនបាច់ប្រលាក់ជើង ហើយមិនរអិល។ កិច្ចការដែលខ្ញុំនិង អេសស៊ីជី កំពុងតែធ្វើនេះ គឺយើងតម្រង់ទៅជួយ ដល់បរិស្ថាន មានន័យថាយើងព្យាយាមប្រើរបស់អោយអស់ពីលទ្ធភាព យើងជួយក្នុងរូបភាពដ៏ប្រសើរ ជាគំរូដល់ក្រុមហ៊ុនផ្សេងៗទៀតថា មុននឹងបោះបង់អី្វមួយចោល យើងត្រូវតែទម្លាក់វាចូលទៅកន្លែង ដែលត្រឹមត្រូវ ដើម្បីទាញយកប្រយោជន៍នៃការបោះបង់ហ្នឹងទៀត។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងធំធេង សម្រាប់ការផ្តល់មកនូវដុំបេតុងនេះ និងអ្វីៗជាច្រើនទៀត អរគុណ ច្រើនមែនទែន!» ។
លោក វិរោទ ផាណិជ្ជភោជម៉ាន (Wirot Phanitphotchamarn) នាយកផ្នែកលក់ និងទីផ្សារ របស់ក្រុមហ៊ុន អេសស៊ីជី បានពន្យល់ថា «អេសស៊ីជី និង ខេ ស៊ីមេនផ្តោតសំខាន់ទៅលើការប្រើប្រាស់ឱ្យអស់លទ្ធភាពដែលយើងហៅថា SCG Circular Way ។ ហើយពួកយើងដឹងថា សាលាដូងក៏មានការកែច្នៃប្រើប្រាស់សំរាមឱ្យក្លាយជារបស់មានប្រយោជន៍ ដែលនេះជាគោលដៅដូចគ្នាទៅនឹង អេសស៊ីជី ។ យើងសង្ឃឹមថា ការចូលរួមមួយដែលល្អបែបនេះអាចចាត់ទុកជាចំណុចចាប់ផ្តើមដើម្បីក្រើនរំលឹកដល់ប្រជាជនទាំងអស់ឱ្យព្យាយាមប្រើអ្វីមួយឱ្យអស់ពីលទ្ធភាពសម្រាប់សង្គមតទៅ!» ។
ថ្ងៃនេះ ជាថ្មីម្តងទៀតបន្ថែមពីលើសកម្មភាពទំនួលខុសត្រូវសង្គមផ្សេងៗជាច្រើន គ្រួសារអេសស៊ីជី បានបន្តចូលរួមធ្វើអំពើល្អសម្រាប់សង្គម និងអនាគតប្រទេសកម្ពុជា។ ដូចដែលគ្រប់គ្នានៅ អេសស៊ីជី តែងប្រើពាក្យមួយឃ្លាថា «រឹងមាំទាំងអស់គ្នា ដើម្បីអនាគតកម្ពុជាកាន់តែប្រសើរ» ។ ជាការកត់សម្គាល់ អេសស៊ីជី គឺជាក្រុមហ៊ុនពហុសាជីវកម្មដ៏ធំមួយក្នុងតំបន់អាស៊ានដែលតែង តែជួយឧបត្ថម្ភគាំទ្រដល់សហគមន៍ជាញឹកញាប់តាមរយៈសកម្មភាពសង្គមរបស់ខ្លួនទាំងផ្នែកអប់រំ ផ្នែកសុខាភិបាល និងផ្នែកបរិស្ថានជាដើម ។