រំភើបណាស់! ហង្សមាសផលិតកម្មលេខ ១ នៅកម្ពុជា គ្រោងធ្វើ Best of the Best ឡើងវិញ ក្រោយចប់កូវីដ ១៩
បើនិយាយពីផលិតកម្មធំ និង ល្អជាងគេនៅកម្ពុជាគឺគ្មានខាងណាឲ្យនឹកឃើញក្រៅពីហង្សមាសឡើយ ជាផលិតកម្មឈរលំដាប់លេខមួយក្នុងស្រុកជាង ៣០ ឆ្នាំ បម្រើអារម្មណ៍កម្សាន្តជាទីពេញចិត្តសម្រាប់ទស្សនិកជនគ្រប់វ័យ គ្រប់វណ្ណៈ គ្រប់លំដាប់ ។ ហង្សមាស គឺជាផលិតកម្មតែមួយគត់ដែលអភិវឌ្ឍខ្លួនបានយ៉ាងល្អឥតខ្ចោះ ដោយសព្វថ្ងៃមានតែហង្សមាសមួយគត់ដែលមានវិស័យកម្សាន្តគ្រប់រសជាតិ បំពេញគ្រប់តម្រូវការរបស់ទស្សនិកជន ។
ជាងនេះទៀតសោត បើនិយាយពីកម្មវិធីប្រគំតន្ត្រីដ៏ធំជាងគេក្នុងស្រុក ក៏គ្មានខាងណាឲ្យនឹកឃើញ ក្រៅពី Best of the Best របស់ហង្សមាសឡើយ ។ ក្រោយជោគជ័យយ៉ាងខ្លាំងលើការចាប់ផ្តើមដំបូង នាថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០០៤ ការប្រគំតន្ត្រី Best of the Best បានក្លាយជាការប្រគំតន្ត្រីលំដាប់កំពូលប្រចាំឆ្នាំដែលប្រមូលបានការគាំទ្រយ៉ាងហូរហៀរលើសពីការស្មាន មានតែមួយគត់នៅកម្ពុជា ។
ក្រោយអវត្តមានអស់រយៈពេល ៧ ឆ្នាំ របស់ការប្រគំតន្ត្រីដ៏ធំមួយនេះ ទស្សនិកជនពីគ្រប់មជ្ឈដ្ឋានតែងរំពឹងចង់ឃើញវត្តមានជាថ្មីរបស់ Best of the Best ហើយពេលនេះការរំពឹងទុកកំពុងតែអាចក្លាយជាការពិត ព្រោះប្រភពដ៏ជិតដិតក្នុងផលិតកម្មហង្សមាសបានបង្ហើបយ៉ាងច្បាស់ៗថា ហង្សមាសនឹងមានគម្រោងធ្វើ Best of the Best ក្រោយស្ថានការណ៍ Covid ចប់ស្ងប់ស្ងាត់នេះហើយ ។ អាចនិយាយបានថានេះគឺជាដំណឹងដ៏ភ្ញាក់ផ្អើលដ៏រីករាយសម្រាប់អ្នកគាំទ្រ Best of the Best ព្រោះការប្រគំតន្ត្រីដ៏ពិសេសបែបនេះខកខានប្រារព្ធឡើងយូរគួសមណាស់មកហើយ ត្រៀមទាំងអស់គ្នាសម្រាប់ថ្ងៃប្រកាសជាផ្លូវការខាងមុខ ៕