សេចក្តីប្រកាសព័ត៌មាន ពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការរោងចក្រផលិត “មីជាតិ” ព្រឹកថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ ២០១៩ នៅរោងចក្រកផលិត “មីជាតិ”
នាព្រឹកថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅនេះ ក្រុមហ៊ុន One More ManufacturingCo. Ltd បានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការរោងចក្រផលិតមីដ៏ទំនើប និង ដំបូងគេ រួមផ្សំនឹងគុណភាពខ្ពស់ក្នុងប្រទេសកម្ពុជា ក្រោមស្លាកសញ្ញា “មីជាតិ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
ពិធីសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការរោងចក្រផលិត“មីជាតិ”ត្រូវបានធ្វើឡើងក្រោមរូបភាពដើម្បីសាទរ និង បង្ហាញទៅដល់សាធារណជនអំពីសមិទ្ធផលថ្មីមានគុណភាពរបស់កម្ពុជាលើផ្នែកផលិតចំណីអាហារក្រោមស្លាកសញ្ញា“មីជាតិ” ។ មីជាតិត្រូវបានផលិតដោយស្នាដៃខ្មែរ រក្សានូវបែបផែនរសជាតិខ្មែរជាមួយនឹងគុណភាពខ្ពស់ប្រើប្រាស់ម៉ាស៊ីនជប៉ុន បច្ចេកវិទ្យាជប៉ុន និង រួមជាមួយគ្រឿងផ្សំក្នុងស្រុក និង បរទេស ដែលមានគុណភាព ដូចជា ប្រទេសអូស្ត្រាលី សិងហ្គាពួរ និង ម៉ាឡេស៊ី ។
នៅក្នុងពិធីនេះ លោកជំទាវ ជឹង សុគន្ធាវី នាយិកាក្រុមហ៊ុន One More ManufacturingCo. Ltd បានគូសបញ្ជាក់ថា នេះជាក្តីរីករាយជាខ្លាំងដែលរាជរដ្ឋាភិបាលកម្ពុជាបានទុកចិត្ត និង គាំទ្រលើដំណើរការនៃរោងចក្រផលិត“មីជាតិ”នេះឡើង ហើយនេះបានផ្តល់ក្តីសង្ឃឹមមួយដ៏មុតមាំចំពោះលោកជំទាវ ជាអ្នកវិនិយោគទុកម្នាក់ជាមួយនឹងក្រុមការងារក្នុងការប្រឹងប្រែងធ្វើឲ្យដំណើរការនៃរោងចក្រនេះឆ្ពោះទៅមុខឥតឈប់ឈរ ។ មីជាតិ ត្រូវបានបង្កើតឡើងសម្រាប់តម្រូវការ និង ការពេញនិយមរបស់ប្រជាជនខ្មែរក្រោមការស្រាវជ្រាវយ៉ាងហ្មត់ចត់ផ្ចិតផ្ចង់ និង សម្រិតសម្រាំងបំផុត ដើម្បីផ្តល់នូវផលិតផលមានគុណភាពខ្ពស់ អត្ថប្រយោជន៍ និង រសជាតិបែបខ្មែរ ។ វត្តមាននៃសមិទ្ធផលថ្មីនេះលើទីផ្សារគឺជាមោទកភាពថ្មីរបស់កម្ពុជាក៏ដូចជាប្រជាជនខ្មែរ ។ យើងជឿជាក់ថាក្នុងទឹកចិត្តខ្មែរតែមួយខ្មែរជួយខ្មែរ និង ខ្មែរស្រឡាញ់ខ្មែរប្រជាជនខ្មែរទូទាំងប្រទេសនឹងទទួលស្គាល់ ហើយគាំទ្រនូវសមិទ្ធផលថ្មីនេះដែលមានស្លាកសញ្ញា “មីជាតិ” តំណាងឲ្យផលិតផលជាតិ និង ប្រជាជនខ្មែរ។ នេះជាប្រសាសន៍លោកជំទាវ ជឹង សុគន្ធាវី ។
ក្នុងពិធីនេះផងដែរឯកឧត្តម ឃួន ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញបានបញ្ចេញទស្សនៈអបអរសាទរ និង វាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន One More ManufacturingCo. Ltd ដែលបានវិនិយោគលើរោងចក្រផលិត “មីជាតិ” នៅកម្ពុជា ដែលនេះពិតជាបានឆ្លុះបញ្ចាំងឲ្យឃើញនូវភាពជោគជ័យថ្មីមួយទៀតនៃការអនុវត្តកម្មវិធីនយោបាយ និង យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការខិតខំទាក់ទាញអ្នកវិនិយោគទាំងក្នុង និង ក្រៅប្រទេស ។ ក្នុងនោះ ឯកឧត្តមក៏បានជូនពរដល់សង្វាក់ផលិតកម្មរបស់ក្រុមហ៊ុន One More ManufacturingCo. Ltd ប្រព្រឹត្តទៅដោយរលូនជោគជ័យ និង ទទួលបានការរពេញនិយមចូលចិត្តបរិភោគពីសំណាក់អតិថិជនគ្រប់មជ្ឈដ្ឋានដើម្បីឈានទៅរកការពង្រឹងអជីវកម្មថ្មីៗរបស់ខ្លួនបន្ថែមទៀតនៅក្នុងវិស័យនេះក៏ដូចជាវិស័យដទៃទៀត ។
នៅក្នុងឱកាសនេះឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានសម្តែងការគាំទ្រទៅលើការបង្កើត និងសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការរោងចក្រផលិត “មីជាតិ” នេះឡើង ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា កិច្ចដំណើរការនៃរោងចក្រមីក្នុងស្រុកដ៏ធំ និង ទំនើបនេះ ក៏បានបង្ហាញពីការរួមចំណែកមួយថ្មីទៀតពីវិស័យឯកជនកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា ជាពិសេសការធ្វើពិពិធកម្មមូលដ្ឋានសេដ្ឋកិច្ច ក៏ដូចជាការបង្កើតឱកាសការងារ និង បង្កើនប្រាក់ចំណូលជូនប្រជាជនកម្ពុជា ដែលនេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនយើង ។
ទាក់ទង់នឹងគោលបំណងនៃការបង្កើតរោងចក្រមីនេះឡើង លោកជំទាវនាយិកាបានបន្ថែមថា ការបង្កើតរោងចក្រផលិតមីនេះឡើងបានភ្ជាប់នូវគោលបំណងចម្បង ៣ គឺទី ១ ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍វិស័យផលិតចំណីអាហារក្នុងស្រុកអោយមានភាពជឿនលឿន មិនចាញ់ប្រទេសជិតខាង ។ ពោលគឺសំដៅកាត់បន្ថយការពឹងផ្អែកទៅលើការនាំចូលផលិតផលពីបរទេស ។ ទី ២ គឺដើម្បីផ្គត់ផ្គង់បំពេញតម្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋតាមរយៈការផលិតចំណីអាហារនៅក្នុងស្រុក ដែលប្រកបដោយអនាម័យ សុវត្ថិភាព និង ស្តង់ដារសមស្រប ។ ទី ៣ គឺដើម្បីចូលរួមបង្កើតឱកាសការងារថ្មីៗបន្ថែមទៀត ជូនដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្របតាមគោលការណ៍អភិវឌ្ឍន៍វិស័យឧស្សាហកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា ។
ក្រោមពាក្យស្លោកថា“មីជាតិ ស្នាដៃខ្មែររសជាតិខ្មែរ” មីជាតិ ត្រូវបានផលិតដោយមានរសជាតិបីជម្រើស គឺរសជាតិខគោ រសជាតិសាច់ជ្រូកចិញ្ច្រាំ និង រសជាតិស៊ុបមាន់ ដែលរសជាតិទាំងបីនេះ ត្រូវបានឆ្លងកាត់ការពិសោធស្រាវជ្រាវយ៉ាងហ្មត់ចត់បំផុត ដើម្បីឲ្យសមស្របទៅតាមបែបបទរសជាតិខ្មែរ និង ការពេញនិយមរបស់ប្រជាជនខ្មែរ ។ ការរួមផ្សំជាមួយម៉ាស៊ីនជប៉ុន បច្ចេកវិទ្យាជប៉ុន ម្សៅពីបរទេស និងគ្រឿងផ្សំបែបផែនខ្មែរ គឺជាគុណតម្លៃ ដែលក្រុមហ៊ុនផលិតមីជាតិ បានប្តេជ្ញាចិត្តយ៉ាងហ្មត់ចត់ដើម្បីធានានូវគុណភាព អត្ថប្រយោជន៍ និង រសជាតិដើម្បីខ្មែរ ។ ចំពោះផលិតផលមីគេអាចនិយាយថាជាអាហារប្រចាំថ្ងៃមានប្រជាប្រិយបន្ទាប់ពីការបរិភោគបាយ និង ចំណាយវេលាតិចក្នុងការចម្អិនដែលសមស្របចំពោះអ្នកដែលមានពេលវេលាតិច និង មិនមានពេលគ្រប់គ្រាន់ក្នុងការចម្អិន ។ ផលិតផលមួយនេះពិតជាសមស្របចំពោះប្រជាជនទូទៅគ្រប់កម្រិត ទាំងជីវភាពទាបមធ្យម និង ខ្ពស់ ដែលអាចបរិភោគសឹងគ្រប់ពេលវេលាមិនថាព្រឹកថ្ងៃល្ងាចឬយប់ ។
ឆ្លៀតក្នុងឱកាសនេះលោកជំទាវ ជឹង សុគន្ធាវី បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់ទាំងអស់ ចូលរួមគាំទ្រផលិតផលស្នាដៃខ្មែរ ដើម្បីចូលរួមចំណែកលើកកម្ពស់ និង អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិក៏ដូចជាគាំទ្រផលិតផលក្នុងស្រុក ។ លោកជំទាវនាយិកាបានផ្តាំផ្ញើថា គ្មានអ្នកណាគាំទ្រផលិតផលខ្មែរក្រៅពីខ្មែរនោះទេ ។ ដូច្នេះដើម្បីការរីកចម្រើនរបស់ខ្មែរដើម្បីកូនចៅជំនាន់ក្រោយរបស់ខ្មែរ និង ដើម្បីមោទនភាពកិត្តិយសរបស់ខ្មែរយើងជាកូនខ្មែរត្រូវគាំទ្រ និង រួមគ្នាជួយលើកកម្ពស់ផលិតផលខ្មែរនៅលើទីផ្សារ ។ យើងរួមគ្នាដើម្បីវឌ្ឍនភាពរបស់កម្ពុជា ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រីបានជឿជាក់ថា ផលិតផល “មីជាតិ” ថ្មីនេះ ពិតជាទទួលបានការគាំទ្រពីប្រជាជនកម្ពុជា ពីព្រោះដូចអ្វីដែលលោកជំទាវអគ្គនាយិការក្រុមហ៊ុនបានគូសបញ្ចាក់ស្រាប់ថាមីជាតិត្រូវបានផលិតឡើងប្រកបដោយស្តង់ដាអន្តរជាតិខ្ពស់ ពោលគឺគុណភាពត្រូវបានឆ្លងកាត់ការសិក្សាស្រាវជ្រាវយ៉ាងល្អិតល្អិនហើយរោងចក្របំពាក់ដោយម៉ាស៊ីន និង បច្ចេកវិទ្យាទំនើបរបស់ជប៉ុន ។ ចំណែកឯរសជាតិទៀតសោតក៏ធ្វើឡើងដើម្បីតម្រូវចំណង់ចំណូលចិត្តរបស់ប្រជាជនកម្ពុជា ដូចទៅនឹងពាក្យស្លោករបស់មីជាតិដែលថា “ស្នាដៃខ្មែររសជាតិខ្មែរ” ។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រីបានអំពាវនាវដល់ប្រជាពលរដ្ឋទូទៅ បង្កើនការគាំទ្រផលិតផលក្នុងស្រុកឲ្យបានខ្លាំងក្លាដើម្បីលើកកម្ពស់សហគ្រាសក្នុងស្រុករបស់យើង ។
ជាចុងបញ្ចប់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រីបានសំណូមពរដល់ក្រុមហ៊ុនឯកជនទាំងអស់ សូមកុំផ្តោតតែលើប្រាក់ចំណេញមួយមុខ ប៉ុន្តែត្រូវខិតខំធ្វើការងារសំដៅធានាឲ្យក្រុមហ៊ុនមានអនុលោមភាពជាមួយក្រឹត្យក្រម និង ស្តង់ដារបរិស្ថានការបង់ពន្ធជូនរដ្ឋ និង ការទទួលខុសត្រូវផ្នែកសង្គមឲ្យបានជាអតិបរិមាផងដែរ ។ បន្ទាប់ពីពិធីកាត់ខ្សែបូ និង ពិធីចុះហត្ថលេខាលើក្រាំងមាស គណៈអធិបតី និង ថ្នាក់ដឹកនាំបានចូលទស្សនាក្នុងរោងចក្រផលិតមី ដើម្បីយល់ដឹងច្បាស់ពីសង្វាក់ផលិតកម្មនៅក្នុងរោងចក្រ និង ទទួលស្គាល់ពីដំណើរការផលិតមីនៅក្នុងរោងចក្រកម្ពុជា ។
គួរបញ្ជាក់ដែរថាពិធីសម្ភោធនេះ មានការចូលរួមពីសំណាក់សម្តេចព្រះសង្ឃនាយករងទី ២ ព្រះសង្ឃ ថ្នាក់ដឹកនាំមន្ត្រីរាជការភ្ញៀវកិត្តិយសសាស្ត្រាចារ្យ សិស្ស និស្សិត អាជ្ញាធរ និង ប្រជាពលរដ្ឋមូលដ្ឋានសរុបប្រមាណ ១៣០០ នាក់ ដែលបានប្រព្រឹត្តទៅនៅរោងចក្រផលិត“មីជាតិ” ក្នុងភូមិត្រពាំងពោធិ សង្កាត់គោករការ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ៕