ក្រុមហ៊ុន នភាល័យ ធ្វើពិធីក្រុងពាលីសម្រាប់ការប្រគំតន្រ្តី «សង្ឃឹមថ្ងៃមួយ» ដើម្បីលើកស្ទួយសិល្បៈវប្បធម៌ខ្មែរ
ភ្នំពេញ ៖ ក្រុមហ៊ុន នភាល័យ ធ្វើពិធីសំពះគ្រូរបាំ គ្រូល្ខោន និង ពិធីក្រុងពាលីសម្រាប់ការចាប់ផ្តើមនៃការរៀបចំកម្មវិធីសម្តែងសិល្បៈ និង ចម្រៀង «សង្ឃឹមថ្ងៃមួយ» ក្នុងន័យលើកកម្ពស់ និង លើកស្ទួយវិស័យសិល្បៈវប្បធម៌ជាតិ នៅថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ ២០១៩ ក្នុងបុរីជីបម៉ុងលែន ជាមួយនឹងវត្តមានដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ព្រឿង ឈៀង ទីព្រឹក្សាក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ និង សិល្បករខ្មែរទាំងជំនាន់មុន និង ជំនាន់ក្រោយ ។
កម្មវិធីក្រុងពាលីសម្រាប់កម្មវិធីសម្តែងសិល្បៈ និង ចម្រៀង «សង្ឃឹមថ្ងៃមួយ» នេះ នឹងប្រារព្ធធ្វើឡើងពីរលើក ដោយលើកទីមួយគឺការប្រារព្ធពិធីក្រុងពាលីនៅថ្ងៃនេះក្នុងបុរីជីប ម៉ុងលែន គេហដ្ឋានរបស់ប្រធានក្រុមហ៊ុន នភាល័យផ្ទាល់ និង លើកទីពីរនៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០១៩ នៅសាលមហោស្រពចតុមុខ ។ លោក សែជូសេរីវឌ្ឍនា ដែលជាប្រធានក្រុមហ៊ុននភាល័យបានឱ្យដឹងថា ទាំងការប្រារព្ធកម្មវិធីក្រុងពាលីធំៗទាំងពីរលើក និង កម្មវិធីសម្តែងសិល្បៈ និង ចម្រៀង «សង្ឃឹមថ្ងៃមួយ» គឺជាការចូលរួមចំណែកក្នុងសង្គមក្នុងការអភិរក្ស និង អភិវឌ្ឍវិស័យសិល្បៈវប្បធម៌ជាតិខ្មែរឱ្យមានជីវិតរស់រវើក តាមរយៈការផ្តល់ឱកាសដល់សិល្បករ សិល្បការិនី ដែលជាមរតកមនុស្សរស់ ក៏ដូចជាសិល្បករវ័យក្មេងឱ្យបានចូលរួមកាន់តែសកម្មថែមទៀត ។
លោកបានឱ្យដឹងថា «ដោយមានការគាំទ្រពីរាជរដ្ឋាភិបាល ជាពិសេសក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ដែលបានអនុញ្ញាតិនិងលើកទឹកចិត្តចំពោះការរៀបចំកម្មវិធីទាំងនេះឡើង ពួកយើងជឿជាក់ថា កម្មវិធីសម្តែងសិល្បៈ និង ចម្រៀងជាសាធារណៈនៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ ២០១៩ ខាងមុខនេះនឹងជួយថែរក្សាអត្តសញ្ញាណវប្បធម៌ជាតិឱ្យបានគង់វង្ស និង រក្សាមរតកទាំងនោះទៅអ្នកជំនាន់ក្រោយ ជាពិសេសអាចផ្សព្វផ្សាយ អប់រំសិល្បៈវប្បធម៌ខ្មែរឱ្យកាន់តែទូលំទូលាយដល់សាធារណជន» ។
កម្មវិធីសម្តែងសិល្បៈ និង ចម្រៀងជាសាធារណៈ «សង្ឃឹមថ្ងៃមួយ» នាពេលខាងមុខនេះ នឹងមានការចូលរួមយ៉ាងផុសផុលពីសំណាក់សិល្បករ សិល្បការិនីទាំងជំនាន់មុន និង ជំនាន់ក្រោយ ដោយធ្វើការសម្តែងសិល្បៈជាច្រើនមុខដូចជា ចម្រៀងមរតកជំនាន់ដើម របាំប្រពៃណីជាតិ ល្ខោនខោល និង អាយ៉ៃជាដើម ។
គួរបញ្ជាក់ដែរថា ក្រុមហ៊ុន នភាល័យ គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនទាំងបី រួមមានក្រុមហ៊ុន ឡាក់វ៉ា ឌីហ្សាញ ព្រីនធីង អេន អេតវើថាយស៊ីង និង ក្រុមហ៊ុន ពលវ: អ៊ីមផត អ៊ិចផត ខូអិលធីឌី ដែលត្រូវបានបង្កើតឡើងដោយយុវជនខ្មែរបីរូប រួមមាន លោក សែជូ សេរីវឌ្ឍនា លោក ជីវ៉ា និង លោក ហេង ច័ន្ទណារ៉េត ដើម្បីធ្វើការសិក្សា និង បង្ហាញពីរថយន្តគ្រប់ប្រភេទតាមរយៈវីដេអូដែលបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក ៕