បទចម្រៀងតសាច់រឿងពីតារាចម្រៀងប្រុស-ស្រីវ័យក្មេងពីរដួង កំពុងអង្រួនដួងចិត្តអ្នកគាំទ្រ (វីដេអូ)
បទចម្រៀងពោរពេញដោយមនោសញ្ចេតនាស្នេហាកម្សត់ «មកមុនស្និទ្ធកាយមកក្រោយស្និទ្ធស្នេហ៍» ដែលបានបកស្រាយដោយតារាចម្រៀងស្រីវ័យក្មេង សោម សិតា កំពុងបង្ហាញវត្តមានអង្រួនដួងចិត្តទស្សនិកជនអ្នកគាំទ្រនៅលើបណ្ដាញសង្គមជាថ្មីម្ដងទៀត ដោយក្នុងអត្ថន័យបទចម្រៀងមួយបទនេះ បានបង្កប់នូវចំណងស្នេហ៍មួយដែលមានរនាំងឃាំងខណ្ឌដោយបុរសម្នាក់ផ្សេងទៀត ។
តាមរយៈបទចម្រៀងខាងលើដែលស្ថិតក្នុងផលិតកម្ម «ត្រចៀកកាំ» នេះដដែល លោក ឥន្ទ និម្មិត ដែលប្រិយមិត្តភាគច្រើនស្គាល់លោកច្បាស់ថាជាម្ចាស់បទ «ត្រចៀកកាំចាំស្នេហ៍» ក៏បានបកស្រាយឆ្លើយតបតបញ្ជាក់ពីដួងចិត្តស្មោះស្ម័គ្ររបស់ខ្លួនទៅកាន់នារីដែលខ្លួនស្រឡាញ់ ប៉ុន្ដែលទ្ធផលបានត្រឹមឈឺចាប់ខ្លោចផ្សារ ព្រោះក្ដីស្នេហាដែលកើតឡើងត្រឹមតែជាកំហុកមួយតាំងពីចាប់ផ្ដើមដំបូង ។ បទចម្រៀង «មកមុនស្និទ្ធកាយមកក្រោយស្និទ្ធស្នេហ៍» នេះដែរ ក៏បានឆ្លុះបញ្ចាំងពីភាពពិតនៅក្នុងសង្គម ដែលបង្កប់អត្ថន័យចាក់ដោតដល់ក្រអៅបេះដូងអ្នកស្ដាប់ឱ្យទន្ទឹងចាំមើល MV ឆាប់ៗ ។
មិនធ្វើឱ្យទស្សខកបំណងនោះទេ ឆាប់ៗខាងមុខនេះ បទ «មកមុនស្និទ្ធកាយមកក្រោយស្និទ្ធស្នេហ៍» ដែលបកស្រាយដោយតារាចម្រៀងប្រុស-ស្រីវ័យក្មេងខាងលើ នឹងចេញ Full MV បង្ហាញពីសាច់រឿងស្នេហាប្រទាក់ក្រឡាគ្នាបម្រើដល់អារម្មណ៍ទស្សនិកជនជាក់ជាពុំខាន ។ យ៉ាងណាមិញ មុននឹងឈានដល់ការទស្សនាសាច់រឿងក្នុង MV ទាំងមូល សូមរីករាយស្ដាប់បទចម្រៀងបែបមនោសញ្ចេតនាដ៏ពីរោះរណ្ដំខាងក្រោមនេះជាមុនសិន ៖