សុខចិត្តស្លៀកសំពត់ ពាក់ស្បែកជើងកែងរាល់ថ្ងៃទៅធ្វើការ ដោយសារមូលហេតុទាំងនេះ
លោក Mark Bryan ជាវិស្វករម្នាក់ តែងតែស្លៀកសំពត់ និងពាក់ស្បែកជើងកែង មិនថានៅក្នុងផ្ទះ ឬទៅធ្វើការឡើយ ដើម្បីបញ្ជាក់ប្រាប់មនុស្សគ្រប់គ្នាថា សម្លៀកបំពាក់មិនប្រកាន់ភេទឡើយ ។
បុរសសញ្ជាតិអាមេរិក តែបច្ចុប្បន្នរស់នៅក្នុងប្រទេសអាល្លឺម៉ង់រូបនេះ បាននិយាយថា គាត់ស្លៀកសម្លៀកបំពាក់បែបនេះ ព្រោះតែគាត់អាចស្លៀកពាក់វាបាន ហើយប្រពន្ធលោកក៏គាំទ្រការស្លៀកពាក់នេះដែរ ។
ចំពោះលោក Bryan ការធ្វើបែបនេះ គឺដើម្បីចង់បញ្ឈប់ការប្រកាន់ភេទតាមរយៈសម្លៀកបំពាក់ ។ លោកបានបន្ថែមដែរថា ចំពោះខោមនុស្សប្រុស គឺមានជម្រើសតិចតួចណាស់ ប៉ុន្តែចំពោះសំពត់វិញ គឺមានម៉ូដ និងពណ៌ច្រើន ដែលជាហេតុធ្វើឲ្យចាប់ចិត្តជ្រើសរើសវាមកពាក់ ។
ថ្លែងប្រាប់សារព័ត៌មាន Bored Panda លោក Bryan បាននិយាយថា «ខ្ញុំស្លៀកពាក់បែបនេះ ព្រោះតែខ្ញុំអាចស្លៀកវាបាន ។ ខ្ញុំគ្រាន់តែចង់ធ្វើអ្វីដែលប្លែកពីគេ ។ ខ្ញុំតែងតែសរសើរស្រីៗដែលពាក់សំពត់រឹប និងស្បែកជើងកែងខ្ពស់ ។ មិនមែនក្នុងន័យបៀតបៀនកេរ្តិ៍ខ្មាស ប៉ុន្តែសរសើចំពោះឥទ្ធិពលដែលពួកគេបង្ហាញឲ្យឃើញ ។ ខ្ញុំមិនមែនស្លៀកពាក់បែបនេះ ដើម្បីបំពានកេរ្តិ៍ខ្មាសស្ត្រីទេ ប៉ុន្តែខ្ញុំស្លៀកពាក់បែបនេះ ដើម្បីឲ្យដូចស្ត្រីអាជីពទូទៅ ។ ចំពោះខ្ញុំ សម្លៀកបំពាក់គឺគ្មានប្រកាន់ភេទឡើយ» ៕