អ្នកសុំទានថៃ រកលុយក្នុងមួយខែបានជាង ២ ពាន់ដុល្លារ រដ្ឋាភិបាលស្នើពលរដ្ឋឱ្យឈប់ដាក់ទានឱ្យទៀត
រដ្ឋាភិបាលប្រទេសថៃ កំពុងដាក់យុទ្ធនាការទប់ទល់ ក្រោយមនុស្សជាច្រើននាំគ្នាមកសុំទានតាមគ្នា ដោយសារតែឃើញអ្នកខ្លះគ្រាន់តែសុំទានអាចរកប្រាក់បានដល់ ១០ ម៉ឺនបាតក្នុងមួយខែ (ប្រមាណ ២៧២៣ ដុល្លារ)។
ដើម្បីបញ្ចៀសការកើនឡើងនៃចំនួនអ្នកសុំទានក្នុងប្រទេស លោក Varawut Silpa-archa រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍សង្គម និង សន្តិសុខមនុស្សប្រចាំប្រទេសថៃ (MSDHS) បានជំរុញឱ្យពលរដ្ឋទាំងអស់ បញ្ឈប់នូវការឱ្យប្រាក់ដល់អ្នកសុំទានតទៅទៀត។ ថ្លែងប្រាប់សារព័ត៌មាន Bangkok Post លោក Varawut Silpa-archa បានលើកឡើងថា ខាងក្រសួងបានសហការជាមួយអង្គភាពដែលពាក់ព័ន្ធ ដើម្បីឆ្មក់ចាប់អ្នកសុំទានចំនួន ៥ ដងក្នុងមួយខែ ដោយរៀបចំកន្លែងស្នាក់នៅឱ្យពួកគេ ដើម្បីបញ្ចៀសការកើនឡើងនៃអ្នកសុំទានតទៅទៀត។
តាមចំណាត់ការ អ្នកសុំទានដែលចាប់ខ្លួនបាន អាចប្រឈមនឹងជាប់ពន្ធនាគាររហូតដល់ ១ ខែ ឬ ពិន័យជាសាច់ប្រាក់ចំនួន ១ ម៉ឺនបាត (២៧២ ដុល្លារ)។ សម្រាប់អ្នកសុំទានជាជនបរទេស បើចាប់បានត្រូវបណ្ដេញចេញពីប្រទេស ខណៈអ្នកសុំទានជនជាតិថៃ នឹងត្រូវនាំមណ្ឌលកែប្រែ ដើម្បីទទួលការបណ្ដុះបណ្ដាលវិជ្ជាជីវៈ និង ស្វែងរកការងារធ្វើត្រឹមត្រូវបាន។
តាមសម្ដីលោក Varawut បានថ្លែងថា ៖ «ក្នុងរយៈពេលជាង ១០ ឆ្នាំមកនេះ ពួកយើងឃាត់ខ្លួនអ្នកសុំទានបានប្រមាណ ៧ ពាន់នាក់ ដោយក្នុងនោះ ៣០% ជាជនបរទេស។ ខ្ញុំសុំជំរុញឱ្យបងប្អូនទាំងអស់ចូលរួមសហការ និង បញ្ឈប់ការបរិច្ចាគប្រាក់ដល់ជនទាំងនោះ ព្រោះថាពួកគេនៅតែបន្តសុំបែបនេះទៀត ហើយចំនួនអ្នកសុំក៏នឹងកើនឡើងដែរ»។
ចំពោះព័ត៌មានថា អ្នកសុំទានអាចរកចំណូលបានរាប់លានបាតនោះ លោក Varawut បានបញ្ជាក់ដែរថា ចំនួននៃចំណូលដែលលើកឡើងនេះគឺមិនមានការកំណត់បញ្ជាក់ច្បាស់លាស់នោះទេ តែយ៉ាងណាមិញ អំឡុងពេលរដូវកាលមានភ្ញៀវទេសចរចូលប្រទេសច្រើន នោះអ្នកសុំទានអាចរកលុយបានច្រើនពីអ្នកទេសចរ ដោយអ្នកខ្លះអាចរកបានរហូតដល់ ១០ ម៉ឺនបាតក្នុងមួយខែឯណោះ៕