ចាំក្មេងប្រុសល្បីមួយថ្ងៃជក់បារី ៤០ ដើមទេ? រំលងអស់ ១៤ ឆ្នាំ ឥលូវផ្ដាច់បារីបានហើយ ថែមទាំងរៀនពូកែទៀត
កាលពីឆ្នាំ ២០១០ ក្មេងប្រុសអាយុ ២ ឆ្នាំម្នាក់ឈ្មោះ Ardi Rizal រស់នៅក្នុងភូមិមួយនៅកោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូនេស៊ី បានក្លាយជាចំណាប់អារម្មណ៍របស់មហាជនស្ទើរពាសពេញពិភពលោក ដោយសារតែទម្លាប់ជាប្រចាំថ្ងៃរបស់គេ។ ក្មេងអាយុ ២ ឆ្នាំ ជាទូទៅ គឺនៅយំទារនេះទារនោះនៅឡើយ ជាពិសេសរបស់លេង ខុសប្លែកអីតែក្មេងប្រុស Rizal គឺមានទម្លាប់ខុសគេ ចូលចិត្តជក់បារីខ្លាំង រហូតផ្ដាច់មិនបាន។
រហូតចូលដល់វ័យ ៥ ឆ្នាំ ខ្លួននៅស្លៀកខោទឹកនោមក៏ពិតមែន ប៉ុន្តែ Rizal គឺនៅតែមិនទាន់ផ្ដាច់ទម្លាប់ជក់បារីដដែល ដោយរូបគេត្រូវបានឱ្យដឹងថា ជក់បារីក្នុងមួយថ្ងៃរហូតដល់ទៅ៤០ ដើមឯណោះ ដែលចំនួននេះ គឺច្រើនលើសចំនួនដែលមនុស្សពេញវ័យជក់ទៅទៀត។ ក្រៅពីបារី Rizal ក៏មានទម្លាប់ផឹកទឹកដោះគោខាប់ឆុង ចំនួន ៣ ដបក្នុងមួយថ្ងៃផងដែរ ដែលជាហេតុធ្វើឱ្យរាងកាយរបស់គេមានសាច់មានឈាមលើសក្មេងទូទៅធម្មតាដែលមានវ័យស្របាលគ្នា។
ទម្លាប់ជក់បារីរបស់ Rizal គឺវិវដ្តទៅកាន់តែធ្ងន់ធ្ងរ ដោយម្ដាយរបស់គេ ធ្លាប់បានទម្លាយថា ពេលណាដែលគាត់យកបារីចោល Rizal គឺកើតការខឹងសម្បារជាខ្លាំង រហូតបោកក្បាលខ្លួនឯងទៅនឹងជញ្ជាំង ដែលជាហេតុធ្វើឱ្យគាត់មានការភ័យខ្លាចជាខ្លាំង។ យ៉ាងណាមិញ ក្រោយរឿងរ៉ាវរបស់គេ ផ្ទុះផ្អើលខ្លាំងពាសពេញប្រទេស ខាងរដ្ឋាភិបាលប្រទេសឥណ្ឌូនេស៊ី ក៏បានចុះទៅដល់ផ្ទះ Rizal ផ្ទាល់ និងបាននាំក្មេងប្រុសរូបនេះ ទៅកាន់មណ្ឌលផ្ដាច់បារីផងដែរ។
ដោយមានការជួយជ្រោមជ្រែងពីអ្នកជំនាញ Rizal ក៏បានចាប់ផ្ដើមបន្ស៊ាំខ្លួនក្នុងការផ្ដាច់បារីបន្តិចម្ដងៗ ហើយបើទោះជាពេលដំបូងៗ គេជួបបញ្ហាលំបាកខ្លះមែន ប៉ុន្តែគេនៅតែជម្នះតស៊ូ រហូតផ្ដាច់បារីទាំងស្រុងបានដោយជោគជ័យ។ គិតមកទល់បច្ចុប្បន្ន ពោលគឺ ១៤ ឆ្នាំក្រោយ Rizal បានក្លាយជាក្មេងប្រុសជំទង់វ័យ ១៦ ឆ្នាំម្នាក់ និងថែមទាំជាសិស្សឆ្នើម ប្រលងបានពិន្ទុខ្ពស់នៅក្នុងសាលារៀនថែមទៀត។ តាមឱ្យដឹង ក្ដីស្រមៃរបស់គេទៅថ្ងៃអនាគត Rizal គឺចង់ក្លាយជាគ្រូពេទ្យម្នាក់។
ទោះជាយ៉ាងណា តាមព័ត៌មានមួយចំនួនដែលទទួលបាន បានឱ្យដឹងថា ដោយសារតែក្រុមគ្រួសារជួបបញ្ហាលំបាក Rizal ក៏ត្រូវបង្ខំចិត្តឈប់រៀប និងទៅជួយលក់ដូរម្ដាយនៅឯផ្សារវិញ៕