ឪពុកខ្លាកូនក៏ខ្លា! កូនប្រុសច្បងអ្នកឧកញ៉ា គិត ម៉េង វ័យទើប ១៩ ឆ្នាំ តែក្តោបបានងារជាឧកញ៉ា ពេលនេះហក់ចូលវិស័យជំនួញកាន់តំណែងធំទាំងវ័យក្មេង
បើនិយាយពីកេរ្តិ៍ឈ្មោះរបស់ អ្នកឧកញ៉ា គិត ម៉េង ជឿជាក់ថាគ្រប់គ្នាប្រាកដជាស្គាល់យ៉ាងច្បាស់ ដោយហេតុរូបលោកជាមហាសេដ្ឋីលំដាប់ជួរមុខនៅកម្ពុជា។ ក្រៅពីមានជំនួញជោគជ័យជាច្រើននៅក្នុងដៃ ទន្ទឹមគ្នានេះលោកក៏មានគ្រួសារមួយយ៉ាងកក់ក្តៅផងដែរ។ ក្រឡេកមកកូនៗរបស់លោកវិញ ម្នាក់ៗសុទ្ធតែទទួលបានការអប់រំខ្ពស់ ពោរពេញទៅដោយសមត្ថភាព និង បានកំពុងត្រៀមខ្លួនប្រឡូកក្នុងវិស័យជំនួញមហាសាលដូចជាលោកឪពុកផងដែរ។ តួយ៉ាង ថ្មីៗនេះ តាមរយៈការប្រកាសរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កូនប្រុសច្បងរបស់ អ្នកឧកញ៉ា គិត ម៉េង ទើបត្រូវបានតែងតាំងជានាយកគ្រប់គ្រងផ្នែកប្រតិបត្តិការនៃក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបអន្តរជាតិ។
ស្ថិតក្នុងវ័យទើបតែ ១៩ ឆ្នាំ និង មានងារជាឧកញ៉ា លោក គិត ស៊ូឡា ដែលជាកូនប្រុសច្បងរបស់ អ្នកឧកញ៉ា គិត ម៉េង បានទទួលការអប់រំនៅសាលាអន្តរជាតិន័រប្រ៊ីដ ក្នុងប្រទេសកម្ពុជា និង បច្ចុប្បន្នកំពុងសិក្សានៅសាលាអន្តរជាតិ Hwa Chong ដែលជាសាលាដ៏ល្បីល្បាញមួយក្នុងប្រទេសសិង្ហបុរី។ តាមរយៈចំណេះដឹងអប់រំ និង សកម្មភាពនានាជាមួយលោកឪពុកកន្លងមក លោក គិត ស៊ូឡា បានយល់ដឹងអំពីមុខជំនួញរបស់ក្រុមហ៊ុន និង មានសមត្ថភាពគ្រប់គ្រាន់ក្នុងឧស្សាហកម្មនេះ ថ្វីបើលោកស្ថិតក្នុងវ័យក្មេងក៏ដោយ។
ជាមួយតំណែងជានាយកគ្រប់គ្រងផ្នែកប្រតិបត្តិការ លោក គិត ស៊ូឡា ដែលជាកូនប្រុសច្បងរបស់ អ្នកឧកញ៉ា គិត ម៉េង នឹងកាន់តំណែងសំខាន់នេះក្នុងការបង្កើតឱ្យកាន់តែមានភាពចម្រុះ និង ធ្វើឱ្យចំណូលក្រុមហ៊ុនប្រសើរទ្បើងនៅក្នុងពិភពឌីជីថល៕