បើផោមមួយថ្ងៃ ១៥ ដង គឺក្រពះពោះវៀនដំណើរការល្អ តែបើលើសហ្នឹងហើយក្លិនស្អុយឆួលគួរទៅពេទ្យប្រញាប់ ដើម្បីរស់បានយូរ
ការបញ្ចេញខ្យល់ ឬ ការផោមពិតជារឿងសំខាន់ណាស់សម្រាប់មនុស្ស ម្យ៉ាងវាក៏អាចប្រាប់ឱ្យដឹងពីបញ្ហាសុខភាពក្រពះពោះវៀនរបស់យើងបានដូចគ្នា។
ជាធម្មតាមនុស្សយើងផោមប្រមាណជា ១៥ ដងក្នុងមួយថ្ងៃ ចំនួននេះអាចបញ្ជាក់ឱ្យដឹងថា ក្រពះពោះវៀនកំពុងធ្វើការបានល្អត្រឹមត្រូវ តែបើសិនជាផោមលើសពី ២៥ ដងក្នុងមួយថ្ងៃ អាចនិយាយបានថាក្រពះពោះវៀនកំពុងតែធ្វើការលើសកម្រិត ឬ កំពុងតែព្យាយាមបង្កើតជាតិឧស្ម័នច្រើនហួសធម្មតា។ ចំណែកឯអ្នកមិនផោមទាល់តែសោះ អាចឱ្យដឹងថាក្រពះពោះវៀនមិនមានការធ្វើចលនា ឬមានការរាំងស្ទះណាមួយ ដូចនេះហើយទើបផោមមិនចេញ។
យ៉ាងណាមិញ រឿងដែលគួរឱ្យកត់សម្គាល់បំផុតក្នុងការផោមនោះគឺក្លិន។ ក្នុងនោះគ្រូពេទ្យបានឱ្យដឹងថា ពោះវៀនរបស់យើងដូចជាធុងសំរាម បើសិនជាមានកាកសំណល់ច្រើនទុកចោលច្រើនថ្ងៃ មិនមានការយកចោល នោះវានឹងមានក្លិនស្អុយ។ ដូចនេះហើយ អ្នកដែលទល់លាមកអាចផោមស្អុយជាងមនុស្សធម្មតា ព្រោះកាកសំណល់នៅក្នុងពោះមិនបានបញ្ចេញចោល។ រីឯអ្នកដែលមានពោះវៀនដំណើរការល្អធម្មតា ផោមគឺមិនសូវស្អុយប៉ុន្មាននោះទេ។
ដោយឡែក ក្លិនដែលគួរឱ្យបារម្ភបំផុតគឺក្លិនផោមដែលឆ្អាប ប៉ុន្តែក្លិននេះពិបាកបែងចែកបន្តិច ទើបគ្រូពេទ្យបានណែនាំថា ទោះជាមានអាការយ៉ាងណាក៏ដោយ គួរតែទៅត្រួតពិនិត្យសុខភាពក្រពះពោះវៀនឱ្យបានច្បាស់លាស់ ហើយព្យាយាមបត់ជើងឱ្យត្រង់ពេលត្រង់វេលា និង ហូបអាហារឱ្យគ្រប់ជីវជាតិត្រឹមត្រូវជាប្រចាំផងដែរ៕