មិនទាន់ធ្វើចិត្តបានទេ! ម្ចាស់ប្រ៊េន Lakamo ស្រែកសួរទៅទេវតាទាំងឈឺចាប់ ហេតុអ្វីពង្រាត់ប្ដីចេញពីខ្លួនទាំងកំពុងស្រឡាញ់ខ្លាំង
មកដល់ពេលនេះ មានរយៈពេលប្រមាណជាមួយសប្ដាហ៍ហើយ ដែលស្វាមីជាទីស្រឡាញ់របស់ម្ចាស់ប្រ៊េនអនឡាញដ៏ល្បី Lakamo បានបាត់បង់ជីវិតនៅក្នុងផ្ទះ ដោយសារចោរចូលប្លន់ទារលុយ ២០ ម៉ឺនដុល្លារ និង បានបាញ់សម្លាប់លោកនៅយប់ថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៤ កន្លងទៅ។ រឿងរ៉ាវដ៏កក្រើកមួយនេះ ធ្វើឱ្យភ្ញាក់ផ្អើលជាខ្លាំងដល់បណ្ដាអ្នកប្រើប្រាស់បណ្ដាញសង្គម ព្រោះថាបន្ទាប់ពីបាញ់សម្លាប់ម្ចាស់ផ្ទះហើយ ចោរនោះក៏បានបាញ់សម្លាប់ខ្លួនឯង ពេលប៉ូលិសទៅដល់។
កាលពីកើតហេតុភ្លាមៗ អ្នកស្រី មាស ច័ន្ទដាលីន ម្ចាស់ប៊្រេន Lakamo បានប្រារព្ធពិធីបុណ្យសពប្ដី ទាំងទួញយំសោកសៅ មិនអាចទទួលយកការស្លាប់របស់ប្ដីបាន ព្រោះប្ដីប្រពន្ធអ្នកទាំងពីរស្រឡាញ់គ្នាខ្លាំងណាស់ ហើយពួកគេក៏ទើបតែធ្វើខួបអាពាហ៍ពិពាហ៍គម្រប់ ១៨ ឆ្នាំថ្មីៗនេះដែរ មិននឹកស្មានថា ប្ដីជាទីស្រឡាញ់ត្រូវព្រាត់ស្លាប់ត្រឹមពេលមួយប៉ព្រិចភ្នែកបែបនេះសោះ។
ដោយបេះដូងនៅនឹកអាល័យស្វាមីមិនទាន់អាចធ្វើចិត្តបាន ស្រាប់តែនៅថ្ងៃទី ១៩ មេសា នេះ អ្នកស្រី មាស ច័ន្ទដាលីន បានបង្ហោះសារស្រែកសួរទៅទេវតាយ៉ាងគួរឱ្យអាណិតបំផុត ដោយអ្នកស្រីបានលើកឡើងថា ៖ «ហេតុអីទេវតាមកបំបែកពួកយើង ពួកយើងសន្យាជាមួយគ្នាថាចាស់ទៅពួកយើងនៅមើលចៅទាំងអស់គ្នា ហេតុអីទៅចោលអូន និង កូន តើឱ្យអូន និង កូនរស់នៅបែបណា អូនតែងតែនិយាយក្នុងចិត្ត និង និយាយប្រាប់គេថា ការរស់នៅរបស់ខ្ញុំមានភាពកក់ក្តៅណាស់ ព្រោះខ្ញុំមានប្តីដ៏ពូកែអាចជួយខ្ញុំបានគ្រប់រឿង ខ្ញុំតែងតែលួចសរសើរខ្លួនឯងថា ខ្ញុំជានារីដែលសំណាង ប្តីខ្ញុំអត់សង្ហាដូចគេតែសម្រាប់ខ្ញុំគាត់សង្ហាគ្មានអ្នកណាអាចសង្ហាដូចគាត់សម្រាប់ខ្ញុំ»។
អ្នកស្រី រៀបរាប់បន្តទាំងឈឺចាប់ថា ៖ «សូមប្តីសម្លាញ់ទៅឱ្យបានសុខ ទៅជាមួយបេះដូងស្មោះរបស់ប្រពន្ធម្នាក់នេះ នឹក នឹក នឹកគ្រប់ពេល ស្រឡាញ់ប្តីណាស់ នឹកណាស់ តើឱ្យខ្ញុំរស់នៅបែបណាបានបើខួរក្បាលខ្ញុំនឹកតែប្តីខ្ញុំ ប្តីសម្លាញ់អើយអាចមកវិញបានទេ អូនរស់ពិបាកជាងស្លាប់ទៀតអាណិតអូនផង»៕