កុំឱ្យពិបាករត់ទៅរត់មក! ទៅឆៀកឡាន កាន់ឯកសារចាំបាច់ប៉ុន្មានមុខនេះក្នុងដៃ ទៅតែម្តងបានឆៀកហើយ
ក្រសួងសាធារណការ និង ដឹកជញ្ជូន នៅថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៤ បានណែនាំ ពីឯកសារដែលត្រូវភ្ជាប់មួយចំនួន មុនយករថយន្តស្នើធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក)។
ជាក់ស្ដែង ក្រសួងបានបញ្ជាក់បានដឹងថា មុនពេលយករថយន្តទៅធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) ត្រូវមានឯកសារដូចជា ៖
១. ករណីទើបតែទិញរថយន្តថ្មីចេញពីក្រុមហ៊ុន មិនទាន់មានផ្លាកលេខ (មិនទាន់ចុះបញ្ជី) ត្រូវភ្ជាប់ឯកសារ ៖
– ពាក្យស្នើសុំត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ
– អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ឬ សៀវភៅគ្រួសារ ឬ លិខិតឆ្លងដែន ឬ បណ្ណប៉ាតង់
– បង្កាន់ដៃពន្ធនាំចូលយានជំនិះ (ថតចម្លង)
– បង្កាន់ដៃបង់ប្រាក់
២. ចំពោះរថយន្តត្រូវបន្តសុពលភាពត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) (ចុះបញ្ជីរួច) ត្រូវភ្ជាប់ឯកសារ ៖
– ពាក្យស្នើសុំត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ
– បណ្ណសម្គាល់យានជំនិះ (ថតចម្លង)
– វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ចាស់)
– បង្កាន់ដៃបង់ប្រាក់
ចំពោះព័ត៌មានលម្អិត សូមទាក់ទងលេខប្រឹក្សាយោបល់លើសេវាសាធារណៈរបស់ក្រសួង ដោយឥតគិតថ្លៃតាមរយៈលេខ 1275៕