៦ ចំណុច រៀនសង្កេតដើម្បីចាប់បានអ្នកតាំងខ្លួនជា Introvert ទាំងដែលខ្លួនមិនមែន
មួយរយៈចុងក្រោយ ឃើញថានៅលើបណ្តាញសង្គមមានការលើកឡើងជាច្រើនអំពីមនុស្ស Introvert ដែលនេះសឹងថាមិនបាច់ពន្យល់រៀបរាប់ម្តងទៀត ក៏ប្រិយមិត្តអាចដឹងច្បាស់ថា បុគ្គល Introvert មានបុគ្គលិកលក្ខណៈបែបណាទៅហើយ។ ខណៈប្រធានបទមនុស្ស Introvert កំពុងពេញនិយម ទន្ទឹមគ្នានេះមានមនុស្សមួយចំនួនដែលជា Extrovert ឬ មិនដឹងថាខ្លួនឯងជាមួយណាឱ្យប្រាកដផងនោះ ក៏បែរដាក់ខ្លួន តាំងខ្លួន ឬ បន្លំខ្លួនជា Introvert ដើម្បីទាក់ទាញចំណាប់អារម្មណ៍ទៅវិញ។ យ៉ាងណាមិញ ដើម្បីកុំឱ្យមនុស្សបែបនេះបន្លំបាន យើងសូមណែនាំរបៀបចាប់ចំណុចក្លែងក្លាយរបស់ពួកគេតាមរយៈ ៦ ចំណុចដូចខាងក្រោម ៖
១. អាកប្បកិរិយាមិនឋិតថេរ
យើងអាចសម្គាល់តាមរយៈអាកប្បកិរិយារបស់ពួកគេ ថាតើដូចទៅនឹងលក្ខណៈរបស់មនុស្ស Introvert មែនឬអត់។ ឧទាហរណ៍ ប្រសិនបើពួកគេស្ងប់ស្ងាត់គ្រាន់តែធ្វើជាមនុស្ស Introvert ប៉ុន្តែពេលចេញក្រៅបែរជាឆាប់ភ្ជាប់ទំនាក់ទំនងជាមួយមនុស្សក្នុងសង្គម ឬ ចូលចំណោមគេឆាប់ចុះ មានន័យថាពួកគេគ្រាន់តែបន្លំធ្វើជា Introvert ប៉ុណ្ណោះ។
២. មើលមកមិនធម្មជាតិរបស់ Introvert
ចំពោះបុគ្គលបន្លំខ្លួនឬតាំងខ្លួនជា Introvert អាកប្បកិរិយារបស់ពួកគេនឹងស្តែងចេញមកមានលក្ខណៈឆ្គងៗ ឬអាចមើលទៅដូចបង្ខំខ្លួនឯងឱ្យធ្វើ ឬមើលទៅមិនដូចធម្មជាតិរបស់មនុស្ស Introvert ឡើយ។ ចំពោះមនុស្ស Introvert ពួកគេមានភាពច្បាស់ជាបុគ្គលិកលក្ខណៈរបស់ពួកគេ និយាយរួមពួកគេស្តែងចេញជាខ្លួនគេគ្រប់ពេលទាំងអស់។
៣. ចាប់របៀបទំនាក់ទំនង
បើគេជា Introvert មែន ពួកគេនឹងស្នើការទំនាក់ទំនងគ្នាបែបជាការសរសេរច្រើនជាងការនិយាយ បើជាការនិយាយវិញ ពួកគេនិយាយខ្លីៗមួយៗប៉ុណ្ណោះ។ ដោយឡែកចំពោះបុគ្គល Introvert ក្លែងក្លាយ ពួកគេហាក់មើលទៅមានទំនុកចិត្តទៅពេលមានការជួបជុំគ្នីគ្នា ពួកគេអាចនិយាយជាសាធារណៈ និងផ្តោតការនិយាយច្រើនជាងការទំនាក់ទំនងដោយការសរសេរ។
៤. តាំងខ្លួនចូលក្រុមមនុស្ស Introvert
ពួកគេហាក់ធ្វើខ្លួនជា Introvert ដោយព្យាយាមដាក់ខ្លួនចូលទៅក្នុងក្រុមមនុស្ស Introvert ដើម្បីទាក់ទាញចំណាប់អារម្មណ៍ ខណៈអ្នកដែលជា Introvert ពិតប្រាកដមិនដែលទាំងយកខ្លួនទៅគិតរឿងទាំងអស់នេះផងនោះ។
៥. ភាសាកាយវិការ និង ការឱ្យសញ្ញា
ភាសា និង សញ្ញានេះ សំដៅដល់ការទំនាក់ទំនងដោយប្រើកាយវិការ ខ្សែភ្នែក និង សកម្មភាព ជាដើម។ សម្រាប់មនុស្ស Introvert ពិតប្រាកដ នៅពេលពួកគេចេញទៅសង្គមខាងក្រៅ ពេលស្ថិតក្នុងចំណោមហ្វូងមនុស្ស ពួកគេអាចនឹងមានអារម្មណ៍គ្មានទំនុកចិត្ត និង មើលទៅហាក់ស្ទាក់ស្ទើរ ខណៈដែលមនុស្សក្លែងជា Introvert បែរជាមានអារម្មណ៍ធម្មតា រីករាយ និង មានទំនុកចិត្តទៅវិញ។
៦. ធ្វើឱ្យគេចាប់អារម្មណ៍លើខ្លួនឯង
បុគ្គលខ្លះជ្រុលនិយមលើខ្លួនឯងពេក ដល់ថ្នាក់ក្លែងធ្វើជាមនុស្ស Introvert បង្កើតរូបភាពចូលចិត្តនៅម្នាក់ឯង មិនចង់ចូលក្នុងហ្វូងមនុស្ស ទាំងដែលពួកគេហាក់បង្ហាញឱ្យមនុស្សទូទៅដឹងតាមរយៈវិធីណាមួយ ដូចជាការបង្ហោះនៅលើបណ្តាញសង្គម ជាដើម។ ធាតុពិតទៅបុគ្គលប្រភេទនេះ ភាគច្រើនខ្សោយការទំនាក់ទំនង ខ្វះភាពកក់ក្តៅ ចង់ឱ្យគេខ្វាយខ្វល់លើខ្លួន ឱ្យគេចាប់អារម្មណ៍លើខ្លួន ជាពិសេសចង់គេចវេះពីស្ថានភាពណាមួយដែលខ្លួនមិនហ៊ានប្រឈមនៅខាងក្រៅ។ មួយចំនួនតូចនៃបុគ្គលប្រភេទនេះតែងតែគ្រោះថ្នាក់ ពួកគេច្រើនតែគិតពីខ្លួនឯងច្រើនជាងប្រយោជន៍រួម ជួនអាចធ្វើអ្វីបំផ្លើស និយាយមិនទៀងត្រង់ ឬ កុហកដើម្បីតែប្រយោជន៍ខ្លួនឯង ឬ មុខមាត់ខ្លួនឯងប៉ុណ្ណោះ៕