ទើបសាងសង់សេះសមុទ្របាញ់ទឹករួច ពេលនេះខេត្តកំពត ចាប់ផ្ដើមសាងសង់ប្រាសាទលោកយាយម៉ៅថែមទៀត តាំងទីនៅលើកំពូលភ្នំទ្វារ
មួយរយៈចុងក្រោយនេះ មហាជនខ្មែរ ព្រមទាំងភ្ញៀវទេសចរជាតិ អន្តរជាតិ បាននាំគ្នាផ្ទុះការចាប់អារម្មណ៍ និង នាំគ្នាទៅទស្សនារូបសំណាកសេះសមុទ្របាញ់ទឹក ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត ដែលជាសមិទ្ធផលថ្មី សាងសង់រួចរាល់មុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដែលជាកត្តាមួយដែលជំរុញឱ្យមានភ្ញៀវទេសចរទៅលេងកម្សាន្តច្រើន រហូតទទួលបានចំណាត់ថ្នាក់លេខ ៥ ជាខេត្តដែលមានអ្នកទៅលេងកម្សាន្តច្រើនជាងគេ ក្នុងឱកាសពីធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ៤ ថ្ងៃ។
បន្ទាប់ពីសមិទ្ធផលថ្មីនេះ បានចេញរូបរាងជាស្ថាពរ និង ទទួលបានការចាប់អារម្មណ៍ជាច្រើន សមិទ្ធផលបន្ទាប់នៅក្នុងទឹកដីខេត្តកំពត ក្រោមការដឹកនាំពីអភិបាលខេត្តកំពត ឯកឧត្តម ម៉ៅ ធនិន គឺចាប់ផ្ដើមសាងសង់ប្រាសាទលោកយាយម៉ៅ នៅទីតាំងលើកំពូលភ្នំតែម្ដង។ ជាក់ស្ដែង នៅព្រឹកថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២៤ កន្លងទៅនេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត និង លោកជំទាវ បានអញ្ជើញចូលរួមពិធីបញ្ចុះបឋមសិលា សាងសង់ប្រាសាទលោកយាយម៉ៅ នៅលើកំពូលភ្នំទ្វារ ស្ថិតក្នុងភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត (ទល់មុខអាស្រមចាស់ ) ខណៈការសាងសង់ប្រាសាទលោកយាយម៉ៅនេះ គឺជាការចូលរួមថវិកាផ្ទាល់ពីសំណាក់លោកជំទាវ ហ៊ុន ចាន់ធី ម៉ៅ ធនិន។
ក្នុងឱកាសនោះ ឯកឧត្តមបានបញ្ជាក់ថា ការសាងសង់ប្រាសាទលោកយាយម៉ៅនៅលើកំពូលភ្នំ គឺដើម្បីលើកកម្ពស់ដល់ជំនឿសាសនាផង ដើម្បីទាក់ទាញទេសចរណ៍ផង ព្រោះពីទីតាំងប្រាសាទលោកយាយម៉ៅ គេអាចមើលឃើញវាលស្រែចំការ ភូមិឋានពលរដ្ឋ និង ជួរភ្នំនានានៅក្នុងខេត្តកំពត។ ដូច្នេះប្រាសាទលោកយាយម៉ៅ មិនត្រឹមតែជាទីសម្រាប់គោរពបូរជា និង បួងសួងសុំសេចក្តីសុខប៉ុណ្ណោះទេ ថែមទាំងអាចក្លាយទៅជាតំបន់ទេសចរណ៍សាសនាមួយរបស់ខេត្តផងដែរ៕