ផុតទុក្ខផុតភ័យហើយ! ពលរដ្ឋខ្មែរ ៧៨ នាក់ចាញ់បោកមេខ្យល់នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ត្រូវក្រសួងជួយសង្គ្រោះបាន និង កំពុងរៀបចំឱ្យមកប្រទេសវិញ
នាពេលថ្មីៗនេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គមបាននាំគ្នាផ្ទុះការភ្ញាក់ផ្អើលជាខ្លាំងទាក់ទិនទៅនឹងករណីប្រជាពលរដ្ឋខ្មែរចំនួន ៧៨ នាក់ ដែលចាញ់បោកមេខ្យល់ទៅធ្វើការនៅអារ៉ាប៊ីសាអ៊ូឌីត បង្ហោះវីដេអូសុំឱ្យជួយសង្គ្រោះ នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត។
ទាក់ទិនទៅនឹងរឿងនេះ តាមរយៈក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជូនព័ត៌មានឱ្យបានដឹងថា ក្រសួង និង ក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ ក៏ដូចជាស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអារ៉ាប់ប៊ីសាអូឌីត ដែលមាននិវេសនដ្ឋានទីក្រុងគែរ ប្រទេសអេហ្ស៊ីប បានទំនាក់ទំនងរកឃើញទីតាំង ហើយកំពុងរៀបចំសំបុត្រយន្តហោះជូនបងប្អូនឱ្យបានត្រឡប់មកប្រទេសកម្ពុជាវិញ នៅថ្ងៃទី ១៩ ខែមេសា ចំនួន ២៩ នាក់ នៅថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៤ ចំនួន ២៧ នាក់ និង ថ្ងៃចុងក្រោយគឺថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៤ ចំនួន ២២ នាក់។
ខាងក្រសួងការងារ បានជម្រាបជូនឱ្យដឹងផងដែរថា បងប្អូនប្រជាពលរដ្ឋទាំង ៧៨ នាក់នេះ មានចំនួន ៥១ នាក់ កំពុងស្ថិតនៅទីក្រុង Jeddah ចំនួន ១៥ នាក់ កំពុងស្ថិតនៅរាជធានី Riyadh និង ចំនួន ១២ នាក់ កំពុងស្ថិតនៅទីក្រុង Dammam នៃប្រទេសអារ៉ាប់ប៊ីសាអូឌីត។ បច្ចុប្បន្នបងប្អូនទាំងនោះបានស្ថិតនៅក្នុងកន្លែងប្រមូលផ្តុំតាមទីក្រុងនីមួយៗ ដើម្បីរង់ចាំការរៀបចំសំបុត្រយន្តហោះ។ ក្នុងអំឡុងពេលរង់ចាំនេះ ឯកឧត្តម អ៊ុក សារុន អគ្គរាជទូតកម្ពុជាប្រចាំប្រទេសអារ៉ាប៊ីសាអ៊ូឌីត នឹងទទួលសម្របសម្រួលបន្ថែមជាមួយមន្ត្រីអន្តោប្រេវសន៍នៃប្រទេសម្ចាស់ផ្ទះដើម្បីបំពេញឯកសារផ្សេងៗ និងសម្រួលលើការហូបចុក និង ស្នាក់នៅរបស់បងប្អូន។
ក្នុងនោះផងដែរ សម្រាប់បងប្អូនដែលកំពុងស្ថិតនៅប្រទេសអារ៉ាប់ប៊ីសាអូឌីត ហើយមានបំណងទាក់ទងលម្អិតគឺអាចទំនាក់ទំនងទៅលោក សុះ ហ៊ីម តាមរយៈទូរសព្ទលេខ +966 5804 65578 ឬទាក់ទងទៅឯកឧត្តម អ៊ុក សារុន ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអារ៉ាប៊ីសាអូឌីតផ្ទាល់តាមរយៈ WhatsApp និង Telegram: +2011 5627 9999 និង +966 56 590 3370៕