ឥណ្ឌូនេស៊ី ព្រមានពីរលកស៊ូណាមិ និងជម្លៀសពលរដ្ឋរាប់ពាន់នាក់ ខណៈភ្នំភ្លើងផ្ទុះឡើង ៥ ដង
ក្រុមសង្គ្រោះនៅប្រទេសឥណ្ឌូនេស៊ី បានចេញប្រតិបត្តិការជម្លៀសពលរដ្ឋរាប់ពាន់នាក់ ក្រោយភ្នំភ្លើងមួយបានផ្ទុះឡើងចំនួន ៥ ដង ខណៈអាជ្ញាធរ បានចេញការព្រមានពីហានិភ័យនៃរលកយក្សស៊ូណាមិ។
នៅព្រឹកថ្ងៃទី ១៨ ខែមេសា ឆ្នាំ ២០២៤ (ពេលវេលាក្នុងតំបន់) បណ្ដុំធូលី និងផ្សែងខ្មួលខ្មាញ់ ចេញពីភ្នំភ្លើង Ruang នៅតែបន្តកើតមានឡើងខ្លាំងក្លា ក្រោយភ្នំភ្លើងមួយនេះ បានផ្ទុះឡើងនៅថ្ងៃទី ១៦ ខែមេសា និងផ្ទុះចំនួន ៤ ដងទៀត កាលពីថ្ងៃទី ១៧ ខែមេសា។ ជាមួយគ្នានោះដែរ ខាងមន្ត្រីប្រចាំក្រុង Manado លើកោះ Silawesi បានធ្វើការប្រកាសអាសន្នដល់កម្រិត ៤ ដែលជាកម្រិតខ្ពស់បំផុត រួមទាំងធ្វើការបិទព្រលានយន្តហោះក្នុងរយៈពេល ២៤ ម៉ោងផងដែរ។
ក្រុមសង្គ្រោះបានខ្នះខ្នែងទៅជម្លៀសពលរដ្ឋចំនួន ១១ ០០០ នាក់ពីតំបន់ក្បែរៗនោះ ស្របពេលពលរដ្ឋខ្លះ បានរត់ចេញដោយខ្លួនឯង ព្រោះតែការភ័យខ្លាច ប៉ុន្តែរកគោលដៅទិសតំបន់មិនឃើញ ដោយសារតែភ្នំភ្លើងផ្ទុះខ្លាំង គ្រប់កន្លែងគ្របដណ្ដប់ដោយផេះធូលី៕