ឈប់ឆ្ងល់ទៅ! ចំនួនភ្ញៀវជាង ២១ លាននាក់ ដែលចូលរួមបុណ្យចូលឆ្នាំខ្មែរ ៤ ថ្ងៃពេញ គឺគេរាប់បញ្ចូលគ្រប់ភ្ញៀវដើរលេងតាមគោលដៅទាំងនេះ
នៅថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៤ ក្រសួងទេសចរណ៍ បានចេញស្ថិតិប្រជាពលរដ្ឋខ្មែរ និង ទេសចរបរទេស ដែលបានដើរលេងកម្សាន្តក្នុងក្របខណ្ឌទូទាំងប្រទេសនាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ រយៈពេល ០៤ ថ្ងៃ ត្រូវនឹងថ្ងៃទី ១៣-១៦ ខែមេសា ឆ្នាំ ២០២៤ ដែលក្នុងនោះមានទេសចរជាតិ និង បងប្អូនប្រជាពលរដ្ឋដើរលេងកម្សាន្តក្នុងក្របខណ្ឌទូទាំងប្រទេសសរុបប្រមាណ ២១.៧០ លាននាក់ និង ទេសចរបរទេស ប្រមាណ ១១ ម៉ឺននាក់។
តាមរយៈតួលេខភ្ញៀវទេសចរ ដែលលើសចំនួនប្រជាជនក្នុងប្រទេសនេះ ក្រសួងទេសចរណ៍ ក៏បានបញ្ជាក់លម្អិតឱ្យដឹងផងដែរថា ចំនួនភ្ញៀវទាំងជាង ២១ លាននាក់នេះ គឺរដ្ឋបាលរាជធានីខេត្ត រាប់បញ្ចូលចំនួនភ្ញៀវទេសចរដែលធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាន និង គោលដៅទេសចរណ៍ទូទាំងប្រទេស ចំនួនបងប្អូនប្រជាជនដែលបានចូលរួមលេងកម្សាន្តនៅតាមទីតាំងដែលមានការរៀបចំកម្មវិធីសង្រ្កាន្ត ព្រមជាមួយបងប្អូនប្រជាពលរដ្ឋដែលលេងកម្សាន្តនៅតាមភូមិស្រុក និង កន្លែងជួបជុំនានា។
គួរឱ្យដឹងផងដែរថា ក្នុងរយៈពេល ៤ ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះផងដែរ គេសង្កេតឃើញថា ខេត្ត-ក្រុង ចំនួន ៥ ដែលមានភ្ញៀវទេសចរទៅលេងកម្សាន្តច្រើនជាងគេ មានដូចជា ៖
១. ខេត្តកំពង់ចាម មានភ្ញៀវចូលរួម ៥ ៣៤៩ ៨១១ នាក់
២. ខេត្តព្រៃវែង មានភ្ញៀវចូលរួម ២ ២៩៨ ៤០២ នាក់
៣. ខេត្តកំពង់ស្ពឺ មានភ្ញៀវចូលរួម ២ ១០៣ ៩១៥ នាក់
៤. ខេត្តបាត់ដំបង មានភ្ញៀវចូលរួម ១ ៧៣៤ ៦២៩ នាក់
៥. ខេត្តកំពត មានភ្ញៀវចូលរួម ១ ៤០៣ ៤៩៧ នាក់៕