ប្រទេសអារ៉ាប់ ចេញបកស្រាយ ក្រោយមហាជនថាជំនន់ទឹកភ្លៀងនៅឌូបៃ កើតឡើងពីការបង្កើតភ្លៀងសិប្បនិម្មិត
កាលពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៤ កន្លងទៅ អ្នកតំណាងក្រសួងឧតុនិយមប្រចាំប្រទេសអារ៉ាប់ បានចេញមកបញ្ជាក់ច្បាស់ៗថា ដំណើរការបញ្ជូនយន្តហោះបង្កើតភ្លៀងសិប្បនិម្មិត គឺមិនទាន់បានធ្វើឡើងនោះឡើយ អំឡុងពេលមានភ្លៀងធ្លាក់ខ្លាំងរហូតបង្កជាទឹកជំនន់ កាលពីថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៤ កន្លងទៅនោះ។
គួរឱ្យដឹងថា ក្រោយមានភ្លៀងធ្លាក់ខ្លាំង រហូតបណ្ដាលឱ្យក្រុងឌូបៃត្រូវលិចលង់ដូចទឹកទន្លេ មហាជនជាច្រើនបាននាំគ្នាចូលទៅក្នុងបណ្ដាញសង្គម សរសេរបញ្ចេញមតិសង្ស័យថា ការមានជំនន់ទឹកភ្លៀងក្នុងប្រទេសក្ដៅហួតហែងមួយនេះ អាចបណ្ដាលមកពីការបង្ហោះយន្តហោះទៅបង្កើតភ្លៀងសិប្បនិម្មិត។ យ៉ាងណាមិញ បើតាមការបកស្រាយពីអ្នកតំណាងខាងក្រសួង បានពន្យល់រៀបរាប់ថា៖ «គោលការណ៍ចម្បងមួយនៃការបង្កើតភ្លៀងសិប្បនិម្មិត គឺយើងត្រូវកំណត់គោលដៅលើដុំពពកក្នុងដំណាក់កាលដំបូង មុនពេលវាភ្លៀង។ ប្រសិនបើយើងជួបប្រទះនឹងស្ថានភាពកំពុងតែមានព្យុះភ្លៀងហើយនោះ គឺវាយឺតពេលក្នុងការដំណើរការសកម្មភាពនេះហើយ»។
ខាងក្រសួងបានបញ្ជាក់បន្ថែមទៀតថា ពួកគេគឺគិតគូរខ្លាំងទៅលើសុវត្ថិភាពនៃពលរដ្ឋ និង អ្នកបើកបរយន្តហោះ ដូច្នេះហើយទើបមិនដំណើរការសកម្មភាពបង្កើតភ្លៀងសិប្បនិម្មិតនេះឡើង នៅពេលដែលប្រទេសកំពុងជួបបញ្ហាអាកាសធាតុដ៏អាក្រក់នេះ។ គួររំឭកថា ភ្លៀងយ៉ាងគំហុកនៅទីក្រុងឌូបៃនេះ បណ្ដាលមកពីការទទួលរងសម្ពាធពីព្យុះដ៏ខ្លាំងក្លា ដែលឆ្លងកាត់ឧបទ្វីបអារ៉ាប់ និងឈូងសមុទ្រអូម៉ង់ ដែលបណ្ដាលឱ្យប្រទេសមួយចំនួនដូចជាបារ៉ែន កាតា អារ៉ាប៊ីសាអូឌីត និងអូម៉ង់ ជួបប្រទះភ្លៀងធ្លាក់ខ្លាំង។ គ្រោះធម្មជាតិមួយនេះដែរ អាចនឹងបន្តកើតមានឡើងក្នុងថ្ងៃនេះទៀត ហើយនឹងអាចបន្តវាយប្រហារទៅភាគនិរតីប្រទេសប៉ាគីស្ថាន៕