កាណាដា គ្រោងបន្ថែមពន្ធលើក្រុមអ្នកមានទ្រព្យក្នុងប្រទេស ដើម្បីយកប្រាក់មកផ្គត់ផ្គង់ក្មេងៗជំនាន់ Gen Z
រដ្ឋាផិបាលប្រទេសកាណាដា បានលើកឡើងពីគម្រោងចង់បន្ថែមពន្ធទៅលើក្រុមមនុស្សដែលមានទ្រព្យសម្បត្តិច្រើនក្នុងប្រទេស ដើម្បីបានប្រាក់បន្ថែមសម្រាប់ការចាយទៅលើផ្នែកអប់រំ ការស្នាក់នៅ និងមុខរបរការងារសម្រាប់ក្រុមក្មេងៗជំនាន់ Gen Z។
បើតាមលោកស្រី Chrystia Freeland រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រចាំប្រទេសកាណាដា កាលពីថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៤ កន្លងទៅ បានប្រកាសលើកឡើងពីកញ្ចប់ថវិកាចំនួន ៥៤ ពាន់លាន CAD (ប្រមាណ ៣៩ ពាន់លានដុល្លារ) សម្រាប់ពេល ៥ ឆ្នាំ ក្នុងការចំណាយលើរឿងជាច្រើន ដែលនឹងត្រៀមទុកសម្រាប់ក្មេងៗជំនាន់ Gen Z (១៩៩៧-២០១២)។ ថវិកាទាំងនោះ នឹងត្រៀមទុកសម្រាប់ប្រើប្រាស់លើជំនួយផ្ទះសម្បែងស្នាក់នៅ ថ្លៃសិក្សា និងអាហារូបករណ៍ ថ្លៃជួលនានា កម្មវិធីទាក់ទងនឹងការងារ និងអត្ថប្រយោជន៍ផ្នែកសុខភាព សម្រាប់ក្មេងៗយុវជនជំនាន់ថ្មីក្នុងប្រទេសកាណាដា។
ដើម្បីបានកញ្ចប់ថវិកាទាំងនោះ សម្រាប់ផ្គត់ផ្គង់ដល់ក្មេងៗក្នុងប្រទេស លោកនាយករដ្ឋមន្ត្រី Justin Trudeau ក៏បានមានគម្រោងក្នុងការដំឡើងពន្ធលើក្រុមអ្នកមានប្រាក់ចំណូលខ្ពស់ក្នុងប្រទេស។ ជាក់ស្ដែង ប្រាក់ចំណេញមូលធនជាង ២៥ ម៉ឺន CAD (ប្រមាណជាង ១៨ ម៉ឺនដុល្លារ) នឹងត្រូវបង់ពន្ធចំនួន ៦៦.៧% ដែលកើនឡើងខ្លាំងលើសចំនួនមុន ៥០%។ ការគណនាពន្ធថ្មីនេះដែរ នឹងជួយប្រទេសកាណាដា ក្នុងការកើនចំណូលដល់ជាង ១៤.៥ ពាន់លានដុល្លារក្នុងរយៈពេល ៥ ឆ្នាំខាងមុខ។
ជាមួយគ្នានោះដែរ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ក៏បានទទួលស្គាល់ដែរថា គម្រោងនៃការដំឡើងពន្ធថ្មីនេះ អាចប្រឈមនឹងការប្រឆាំងខ្លះពីបុគ្គលមួយចំនួន ប៉ុន្តែលោកស្រីជឿជាក់ថា នេះគឺជាដំណោះស្រាយដ៏សមគួរមួយ ដើម្បីបង្ខំឱ្យបុគ្គលអ្នកមានៗ អាចសហការស្មើភាពគ្នាជួយដល់សង្គម។ គួរបញ្ជាក់ដែរថា គម្រោងដំឡើងពន្ធថ្មីពីរដ្ឋាភិបាលនៃលោកនាយករដ្ឋមន្ត្រី Trudeau គឺកំពុងស្ថិតក្រោមការរង់ចាំការអនុម័តយល់ព្រមពីសភាកាណាដានៅឡើយ៕