មិនលេងសើចទេ! បុរសម្នាក់ចូលបង្គន់ត្រូវកណ្ដុរខាំដៃ ឆ្លងរោគរហូតខូចក្រលៀនចូលពេទ្យសង្គ្រោះបន្ទាន់
បុរសសញ្ជាតិកាណាដាម្នាក់ បានឆ្លងរោគរហូតខូចគ្រឿងក្នុង និងត្រូវសង្គ្រោះជាបន្ទាន់ ក្រោយត្រូវសត្វកណ្តុរមួយក្បាលក្នុងបន្ទប់ទឹកខាំចំដៃ។
បុរសវ័យ ៧៦ ឆ្នាំម្នាក់ ព្យាយាមចាប់កណ្ដុរមួយក្បាលដែលរត់ក្នុងបន្ទប់ទឹករបស់លោក ប៉ុន្តែចៃដន្យប្រហែស ត្រូវកណ្ដុរខាំចំម្រាមដៃចំនួន ២ ដែលបណ្ដាលឱ្យលោកត្រូវទៅសង្គ្រោះជាបន្ទាន់ ទទួលការព្យាបាលរបួស និងចាក់ថ្នាំការពារតេតាណូស មុនត្រឡប់មកផ្ទះវិញ។ យ៉ាងណាមិញ រយៈពេល ១៨ ថ្ងៃក្រោយ បុរសវ័យចំណាស់រូបនេះ ត្រូវបញ្ជូនត្រឡប់ទៅពេទ្យសង្គ្រោះជាបន្ទាន់វិញ ក្រោយលោកកើតមានអាការក្ដៅខ្លួន ឈឺក្បាល និងចុកពោះ ៣ ថ្ងៃជាប់គ្នា នេះបើតាមរបាយការណ៍ដែលបានចេញផ្សាយដោយ Canadian Medical Association Journal។
តាមការពិនិត្យ ចង្វាក់បេះដូងរបស់គាត់ឡើងខ្ពស់ សម្ពាធឈាមធ្លាក់ចុះខ្លាំង ហើយអ្វីដែលធ្ងន់ធ្ងរនោះ គឺក្រលៀនរបស់លោកបានខូច រហូតតម្រូវឱ្យលោកត្រូវតែទទួលការព្យាបាលក្នុងបន្ទប់សង្គ្រោះបន្ទាន់។
ដើម្បីឱ្យកាន់តែច្បាស់ ក្រុមគ្រូពេទ្យក៏បានធ្វើតេស្តឈាម និងទឹកនោមបន្ថែមទៀត ហើយក៏រកឃើញថា បុរសជាអ្នកជំងឺបានឆ្លងជំងឺ leptospirosis ដែលជាបាក់តេរីឆ្លងពីសត្វ ដូចជាសត្វកណ្ដុរជាដើម។ បាក់តេរីនៃជំងឺនេះ គឺមាននៅក្នុងទឹកនោមសត្វ ហើយគ្រូពេទ្យជឿថា កណ្តុរដែលខាំដៃអ្នកជំងឺនោះអាចមានផ្ទុកបាក់តេរីនេះ៕