(វីដេអូ) មកស្គាល់ភ្នំភ្លើងតែមួយគត់លើលោក ពេលផ្ទុះម្តងៗក្អែចេញពណ៌ខ្មៅដូចប្រេងម៉ាស៊ីន
ភ្នំភ្លើង គឺជាភ្នំមួយដែលកកើតឡើងចេញពីការប្រេះរហែកនៃសំបកផែនដី ដែលពោរពេញដោយសិលារាវក្ដៅនៅក្រោមនោះ ដែលហៅថាម៉ាក់ម៉ា។ នៅពេលណាដែលសម្ពាធកើនឡើង ភ្នំភ្លើងក៏ចាប់ផ្ដើមផ្ទុះឡើងដែរ បណ្ដាលឱ្យឧស្ម័ន និងថ្មនៅបាតភ្នំផ្ទុះឡើងមកលើ ហូរនាំកំអែភ្លើងយ៉ាងក្រហមច្រាលមកជាមួយ។
យ៉ាងណាមិញ ប្រិយមិត្តជាច្រើនធ្លាប់តែបានឃើញរាល់ក្អែភ្នំភ្លើងដែលហូរមក គឺតែងមានពណ៌ក្រហមឆ្អិនឆ្អៅ ប៉ុន្តែខុសប្លែកអីតែភ្នំភ្លើងមួយនៅប្រទេសតង់ហ្សានី (Tanzania) ដែលបញ្ចេញក្អែខុសប្លែកពីភ្នំភ្លើងដទៃ។ ភ្នំភ្លើង Ol Doinyo Lengai ដែលមានទីតាំងស្ថិតនៅភាគខាងជើងប្រទេសតង់ហ្សានី គឺជាភ្នំភ្លើងតែមួយគត់លើពិភពលោក ដែលផ្ទុះបញ្ចេញក្អែចម្លែកខុសពីភ្នំភ្លើងទូទៅ ដោយក្អែរបស់វាគឺមានពណ៌ខ្មៅក្រឹប ប្រៀបដូចជាប្រេងម៉ូតូដូច្នោះដែរ។
តាមព័ត៌មានបានឱ្យដឹងថា ភ្នំភ្លើង Ol Doinyo Lengai គឺជាភ្នំភ្លើងសកម្មតែមួយគត់ ដែលត្រូវបានគេស្គាល់ថា ជាភ្នំដែលផ្ទុះកំអែនៃសារធាតុកាបូន ឬ ក្អែ natrocarbonatite។ អ្វីដែលពិសេសជាងនេះទៅទៀតនោះគឺថា អ្នកវិទ្យាសាស្ត្របានរកឃើញថា ភ្នំភ្លើងជាច្រើននៅលើភពសុក្រ គឺផ្ទុះចេញក្អែ natrocarbonatite បែបនេះ ហើយលើភពផែនដីរបស់យើង គឺមានតែភ្នំ Ol Doinyo Lengai នេះប៉ុណ្ណោះ ដែលអាចបញ្ចេញក្អែដូចភពសុក្របាន។
គួរបញ្ជាក់ថា ក្អែភ្នំភ្លើងភាគច្រើន គឺពោរពេញទៅដោយសារធាតុរ៉ែ silicate ដែលបណ្ដាលឱ្យសីតុណ្ហភាពរលាយហក់ឡើងដល់ជាង ៩០០ អង្សាសេ។ ដោយឡែក ចំពោះក្អែភ្នំភ្លើង Ol Doinyo Lengai វិញ គឺវាមានសារធាតុរ៉ែ silicate ទាប តែសារធាតុកាបូនច្រើន ទើបធ្វើឱ្យក្អែនៃភ្នំនេះ មិនមានសភាពឆេះ ហើយសារធាតុរលាយមានសីតុណ្ហភាពត្រឹម ៥៤០ អង្សាសេប៉ុណ្ណោះ។ មួយវិញទៀត កង្វះនៃសារធាតុ silicate ក៏បានធ្វើឱ្យក្អែឡើងខាប់ខ្លាំង ដូច្នេះហើយ រាល់ពេលដែលផ្ទុះម្ដងៗ ក្អែដែលហូរចេញពីមាត់ភ្នំ គឺមានសភាពខ្មៅខាប់ៗដូចជាប្រេងម៉ាស៊ីនបែបនេះ៕