អ្នកនាង Love Riya ទម្លាយរឿងរ៉ាវវីដេអូខលជាមួយម្ចាស់ប្រ៊េន Lakamo ក្នុងថ្ងៃកើតហេតុ ឈានដល់ការរាយការណ៍ប្រាប់សមត្ថកិច្ច
បន្ទាប់ពីមានករណីជំរិតប្លន់ទារប្រាក់បណ្ដាលឱ្យស្វាមីម្ចាស់ប្រ៊េន Lakamo បាត់បង់ជីវិត ផ្ទុះកក្រើកពេញបណ្ដាញសង្គម ស្រាប់តែនៅថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៤ មានការបង្ហោះនូវវីដេអូដែលអ្នកនាង Love Riya បានសន្ទនាតាមរយៈវីដេអូខល ជាមួយម្ចាស់ប្រ៊េន Lakamo ដែលបានខលខ្ចីប្រាក់អ្នកនាង Love Riya ចំនួន ២០ ម៉ឺនដុល្លារសិនដើម្បីឱ្យចោរ និង ប្រាប់កុំឱ្យដំណឹងនេះដឹងដល់អ្នកណាទាំងអស់ ដោយសារតែចោរដឹងនឹងមិនទុកជីវិតឱ្យពួកគាត់ទាំង ១២ នាក់នោះឡើយ។
តាមរយៈវីដេអូនោះផងដែរ ម្ចាស់ប្រ៊េន Lakamo ក៏បានបង្ហាញទិដ្ឋភាពជនរងគ្រោះទាំង ១២ នាក់កំពុងអង្គុយនៅក្នុងបន្ទប់មួយ ខណៈសពប្ដីនៅខាងក្រៅជាមួយនឹងចោរ ដែលបានចូលប្លន់កំឡុងម៉ោង ១០ យប់ និង ចាំយកលុយពីម្ចាស់ប្រ៊ន Lakamo ដើម្បីរត់។
យ៉ាងណាមិញ ក្រោយពីបែកធ្លាយវីដេអូនេះ នៅយប់ថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៤ អ្នកនាង Love Riya បានបកស្រាយលម្អិតរឿងរ៉ាវដែលគាត់បានសន្ទនាជាមួយដន្លង និង ជាមិត្តរបស់ខ្លួន គឺម្ចាស់ប្រ៊េន Lakamo ដែលបានខលខ្ចីលុយចំនួន ២០ ម៉ឺនដុល្លារ កំឡុងម៉ោង ៦ ព្រឹក។ តាមរយៈ វីដេអូដែលឡាយដោយអ្នកនាង Love Riya ចន្លោះនាទីទី ១៥ អ្នកនាងបាននិយាយថា នៅពេលដែលអ្នកនាងសួរម្ចាស់ប្រ៊េន Lakamo ជ្រុំដដែលៗនោះ គឺដើម្បីឱ្យដឹងថាជារឿងពិតឬកុហក ដោយសារករណីនេះ មានចោរចូលផ្ទះតែម្នាក់ ហើយមានសមាជិកក្នុងផ្ទះដល់ទៅជិត ២០ នាក់ ដូច្នេះហើយទើបអ្នកនាងសុំឱ្យបើកវីដេអូមើលមុខតែម្ដង។
បើតាមបទសម្ភាសរបស់អ្នកនាង Love Riya ជាមួយ Vithey News អ្នកនាងបានបញ្ជាក់ឱ្យដឹងថា បន្ទាប់ពីដឹងរឿងនេះភ្លាម អ្នកនាងក៏បានតេទៅមេធាវី ដើម្បីសួរយោបល់ហើយមេធាវី ក៏បានផ្តល់យោបល់ឱ្យរាយការណ៍ទៅសមត្ថកិច្ច ទោះម្ចាស់ប្រ៊េនហាមមិនឱ្យប្រាប់អ្នកណាក៏ដោយ ព្រោះម្ចាស់ប្រ៊េនខ្លាចជនសង្ស័យសម្លាប់អ្នកនៅក្នុងផ្ទះទំាងអស់ ខណៈខាងសមត្ថកិច្ចបានឡោមព័ទ្ធទីតាំងខាងលើតាំងពីកំឡុងម៉ោង ៤ ព្រឹកម្ល៉េះ។
សូមបញ្ជាក់លម្អិតផងដែរថា ករណីដែលនាំឱ្យបាត់បង់ជីវិត លោក ឈួរ ឈុនហួរ នេះគឺកើតឡើងនៅប្រហែលម៉ោង ១១ យប់ (វេលាកើតហេតុ) ដែលជនដៃដល់បានផ្លោះរបងចូលផ្ទះវីឡាជនរងគ្រោះ ហើយយកកាំភ្លើងភ្ជង់អ្នកបើកបរនៅខាងក្រោម ដើម្បីឱ្យនាំជនដៃដល់ទៅបន្ទប់ជនរងគ្រោះ។ លុះពេលទៅដល់ ជនដៃដល់បានធ្វើសកម្មភាពគំរាមមនុស្សនៅក្នុងផ្ទះ និង លោក ឈួរ ឈុនហួរ ស្វាមីម្ចាស់ផលិតផល Lakamo ហើយក៏បាញ់លោកមួយគ្រាប់ចំក្បាលផ្នែកខាងក្រោយ បណ្ដាលឱ្យបាត់បង់ជីវិតភ្លាមៗតែម្ដង។
ក្រោយបាញ់សម្លាប់បុរសជាម្ចាស់ផ្ទះ តាមប្រភពបានបញ្ជាក់ថា ជនដៃដល់បានជំរិតឱ្យជនរងគ្រោះ យកលុយមកប្រគល់ឱ្យខ្លួនចំនួន ២០ ម៉ឺនដុល្លារ ខណៈការធ្វើសកម្មភាពរបស់ជនដៃដល់ គឺស្ថិតនៅក្នុងផ្ទះជនរងគ្រោះ បានបន្ដរហូតដល់ព្រឹកម៉ោងប្រមាណ ៧ ថ្ងៃទី ១១ ខែមេសា ទើបហេតុការណ៍នេះ បានដឹងដល់សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏ចេញទៅអន្ដរាគមន៍ និង បង្ក្រាបជនដៃដល់ ស្របពេលដែលពេលឃើញកម្លាំងអាវុធហត្ថទៅដល់ និង កំពុងឡោមព័ទ្ធផ្ទះនោះ ជនដៃដល់ទំនងអស់ផ្លូវដើម្បីតស៊ូក៏បាញ់សម្លាប់ខ្លួនឯងតែម្ដង។ ចំពោះហេតុការណ៍ដ៏រន្ធត់នេះ បច្ចុប្បន្នកម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ កំពុងស្ថិតនៅទីតាំងផ្ទះកើតហេតុខាងលើ ហើយកំពុងធ្វើការស្រាវជ្រាវ និង សួរនាំជនរងគ្រោះនៅក្នុងផ្ទះសរុប ១២ នាក់ តាមនីតិវិធីជំនាញ៕
សូមទស្សនាវីដេអូនៅខាងក្រោម ៖