(វីដេអូ) អ្នកណាធ្វើចិត្តបាន! សភាពម្ចាស់ប្រ៊េន Lakamo ពេលនេះយំស្ទើរប្រេះទ្រូង ស្លុតចិត្ត ព្រោះស្វាមីអស់ជីវិតក្នុងហេតុការណ៍យប់មិញ
រឿងរ៉ាវម្ចាស់ប្រ៊េន Lakamo កំពុងធ្វើឱ្យមហាជនផ្ទុះការភ្ញាក់ផ្អើល និង រំជួលចិត្តបំផុត ក្រោយលោក ឈួរ ឈុនហួរ ជាស្វាមីម្ចាស់ប្រ៊េនបានស្លាប់ក្នុងហេតុការណ៍ចោរចូលប្លន់ក្នុងផ្ទះ ដែលបានកើតឡើងកាលពីយប់ថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៤ កន្លងទៅ នៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ក្រោយហេតុការណ៍ដ៏តក់ស្លុតនេះបានកើតឡើង ងាកមកមើលអ្នកស្រីម្ចាស់ប្រេន Lakamo តាមរយៈគណនីឈ្មោះ Ka K’ter បានបង្ហោះវីដេអូយ៉ាងសោកសង្រេងរបស់អ្នកស្រី ដោយបានស្លុតចិត្ត និង បានទួញយំយ៉ាងសោកសៅរំជួលចិត្តបំផុត នឹករលឹកទៅដល់ស្វាមីជាទីស្រឡាញ់ ដែលក្នុងនោះក៏មានការជួយលួងលោមពីសំណាក់ BA ផលិតផលរបស់អ្នកស្រី ព្រមទាំងសាច់ញាតិ និង អ្នករកស៊ីដូចគ្នាផងដែរ។
សូមបញ្ជាក់លម្អិតផងដែរថា ករណីដែលនាំឱ្យបាត់បង់ជីវិត លោក ឈួរ ឈុនហួរ នេះគឺកើតឡើងនៅប្រហែលម៉ោង ១១ យប់ (វេលាកើតហេតុ) ដែលជនដៃដល់បានផ្លោះរបងចូលផ្ទះវីឡាជនរងគ្រោះ ហើយយកកាំភ្លើងភ្ជង់អ្នកបើកបរនៅខាងក្រោម ដើម្បីឱ្យនាំជនដៃដល់ទៅបន្ទប់ជនរងគ្រោះ។ លុះពេលទៅដល់ ជនដៃដល់បានធ្វើសកម្មភាពគំរាមមនុស្សនៅក្នុងផ្ទះ និង លោក ឈួរ ឈុនហួរ ស្វាមីម្ចាស់ផលិតផល Lakamo ហើយក៏បាញ់លោកមួយគ្រាប់ចំក្បាលផ្នែកខាងក្រោយ បណ្ដាលឱ្យបាត់បង់ជីវិតភ្លាមៗតែម្ដង។
ក្រោយបាញ់សម្លាប់បុរសជាម្ចាស់ផ្ទះ តាមប្រភពបានបញ្ជាក់ថា ជនដៃដល់បានជំរិតឱ្យជនរងគ្រោះ យកលុយមកប្រគល់ឱ្យខ្លួនចំនួន ២០ ម៉ឺនដុល្លារ ខណៈការធ្វើសកម្មភាពរបស់ជនដៃដល់ គឺស្ថិតនៅក្នុងផ្ទះជនរងគ្រោះ បានបន្ដរហូតដល់ព្រឹកម៉ោងប្រមាណ ៧ ថ្ងៃទី ១១ ខែមេសា ទើបហេតុការណ៍នេះ បានដឹងដល់សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏ចេញទៅអន្ដរាគមន៍ និងបង្ក្រាបជនដៃដល់ ស្របពេលដែលពេលឃើញកម្លាំងអាវុធហត្ថទៅដល់ និងកំពុងឡោមព័ទ្ធផ្ទះនោះ ជនដៃដល់ទំនងអស់ផ្លូវដើម្បីតស៊ូក៏បាញ់សម្លាប់ខ្លួនឯងតែម្ដង។ ចំពោះហេតុការណ៍ដ៏រន្ធត់នេះ បច្ចុប្បន្នកម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ កំពុងស្ថិតនៅទីតាំងផ្ទះកើតហេតុខាងលើ ហើយកំពុងធ្វើការស្រាវជ្រាវ និងសួរនាំជនរងគ្រោះនៅក្នុងផ្ទះសរុប ១២ នាក់ តាមនីតិវិធីជំនាញ៕
សូមទស្សនាវីដេអូនៅខាងក្រោម ៖