អាយុ ៤០ ឆ្នាំ មិនទាន់មានប្រពន្ធ ព្រោះឱ្យតែនាំសង្សារទៅជួបអ្នកផ្ទះហើយ គេចេះតែសុំបែក តាមពិតមានពាក់ព័ន្ធនឹងម្ដាយសោះ
បុរសម្នាក់ បានទម្លាយបញ្ហាជីវិតនៅតាមបណ្តាញសង្គម ដែលជាការមិនទាន់មានភរិយាជាដៃគូជីវិត ទាំងដែលមានវ័យ ៤០ ឆ្នាំទៅហើយ ព្រោះឱ្យតែនាំសង្សារទៅជួបអ្នកផ្ទះហើយ មកវិញគេចេះតែសុំបែក ទាំងមិនដឹងមូលហេតុ ដល់ឱ្យមិត្តភក្តិស្រីបន្លំធ្វើជាសង្សារមួយថ្ងៃ ទើបធ្លាយការពិត។
បុរសរូបនេះ បានរៀបរាប់ឱ្យដឹងថា នៅក្នុងវ័យ ៤០ ឆ្នាំ ខ្លួនបានជោគជ័យក្នុងជីវិតការងារសល់ទ្រព្យសល់ប្រាក់ល្មមទៅហើយ នៅឡើយតែជីវិតស្នេហាដែលនៅមិនទាន់មានកោះត្រើយនៅឡើយ ព្រោះឱ្យតែនាំសង្សារទៅជួបអ្នកផ្ទះម្តងៗ មកវិញគេសុំបែកទាំងអស់ ទាំងមិនដឹងមូលហេតុ។ តែក្នុងនោះ មានសង្សារមួយរូប ធ្លាប់និយាយប្រាប់ថាឱ្យទៅសួរម្តាយ និងប្អូនស្រីមើលចុះ។
បុរសរូបនេះ មិនអស់ចិត្ត ក៏បាននិយាយរឿងប្រាប់មិត្តភក្តិស្រីនៅកន្លែងធ្វើការ ដែលចុងក្រោយនាងក៏បានសម្រេចចិត្តបន្លំខ្លួនធ្វើជាសង្សារ រួចឱ្យគេនាំនាងទៅជួបអ្នកផ្ទះសាកមើល។ ក្រោយពីត្រឡប់មកវិញ នារីរូបនេះ បានឱ្យដឹងថា ម្តាយ និងប្អូនស្រីទាំងពីរនាក់ បានពួតដៃគ្នាធ្វើឱ្យនាងអាម៉ាសមុខ ដោយបានមើលងាយទៅលើរូបរាងមុខមាត់ ថែមទាំងធ្វើទង្វើមិនគប្បីជាច្រើនមកលើនាងទៀតផង។
មកដល់ត្រឹមនេះ ទើបបុរសខាងលើខាងដឹងថា សង្សារដែលបែកទៅទាំងប៉ុន្មាន គឺព្រោះតែទ្រាំនឹងចរិតម្តាយ និងប្អូនស្រីរបស់ខ្លួនមិនបាន ពោលគឺគ្មាននរណាដែលចង់រៀបការចូលមកគ្រួសារបែបនេះឡើយ។ បុរសរូបនេះ ក៏តាំងចិត្តថា បើសិនជាមានសង្សារលើកក្រោយ នឹងការពារសង្សារឱ្យអស់ពីចិត្ត តែក៏មានមហាជនមួយចំនួនឆ្ងល់ដែរថា ចុះអាយុប៉ុណ្ណេះហើយ ម្តេចមិនចេញទៅខាងក្រៅទៅ បើមិនចេញក្រៅ នោះមិនបាច់សង្ឃឹមថានឹងមានប្រពន្ធបាននោះទេ។ ដោយឡែក បុរសរូបនេះ ក៏តបវិញថាមានរឿងគ្រួសារដែលពិបាកនឹងសម្រេចចិត្ត៕