ព្រឺក្បាល! មករស់នៅខុនដូរយូរហើយ ឆ្ងល់ម៉េចមិនឃើញស្រមោលអ្នកជិតខាងសោះ តាមពិតបន្ទប់ជាប់នោះ គេជួលសម្រាប់ដាក់ធាតុ
ពិតជាព្រឺក្បាលមិននឹកស្មានឡើយ នូវរឿងរ៉ាវរបស់បុរសជនជាតិចិនម្នាក់ ដែលទើបផ្លាស់មកនៅបន្ទប់ថ្មីយូរហើយ មិនឃើញស្រមោលវត្តមានអ្នកជិតខាង តែតាមពិតបន្ទប់ដែលខ្លួននៅជាប់នោះ គឺជាបន្ទប់ដែលគេសម្រាប់ដាក់ធាតុអ្នកស្លាប់សោះ។
រឿងរ៉ាវនេះ បានកើតឡើងនៅអគារស្នាក់នៅមួយកន្លែង នាក្រុង Nantong ខេត្ត Jiangsu ប្រទេសចិន ដោយបុរសខាងលើបានប្រើប្រាស់ជីវិតរស់នៅក្នុងបន្ទប់ស្នាក់នៅរបស់ខ្លួននៅលើអគារនោះជាធម្មតា តែក្រោយមកក៏លួចកើតការឆ្ងល់ ព្រោះតែគ្មានឃើញវត្តមានស្រមោលអ្នកជិតខាង ដែលនៅបន្ទប់ទល់មុខសោះ។ រហូតដល់រដូវកាលឆេងម៉េង នៅថ្ងៃមួយស្រាប់តែបុរសរូបនេះ បានឃើញមនុស្សចំនួន ៧ ទៅ ៨ នាក់ បាននាំគ្នាមកឈរពេញមុខបន្ទប់មួយនោះ ហើយក៏បានបើកទ្វារដើរចូលទៅ រួចក៏ឱនគោរពយ៉ាងចម្លែក។ អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ បុរសរូបនេះ ក៏សម្លឹងទៅឃើញថា ពួកគេកំពុងតែធ្វើការគោរពទៅលើកោដ្ឋធាតុ និងរូបភាពរបស់អ្នកស្លាប់ ដែលឱ្យមានការភ្ញាក់ផ្អើលជាខ្លាំង។
ពេលនោះហើយ ទើបបុរសរូបនេះដឹងថា តាមពិតទៅអ្នកជិតខាងរបស់ខ្លួនមិនមែនជាមនុស្សឡើយ ពោលគឺបន្ទប់មួយនេះ ត្រូវបានគេសម្រាប់ដាក់ធាតុអ្នកស្លាប់ ហើយទុកឱ្យកូនចៅគ្រួសារមកធ្វើការគោរពបូជា។ យ៉ាងណាមិញ នេះមិនមែនជាករណីទីមួយនោះទេ ដោយព័ត៌មានបានឱ្យដឹងថា សព្វថ្ងៃនេះមានមនុស្សច្រើនណាស់ ដែលនាំគ្នាយកបន្ទប់ស្នាក់នៅ ទៅដាក់ធាតុញាតិមិត្តដែលស្លាប់ហើយដូច្នេះ។ វាជារឿងចម្លែកម្យ៉ាង ដែលមហាជនជាច្រើននាំគ្នាឆ្ងល់មិនទាន់បាត់នៅឡើយទេ៕