ព្រះអើយ! មួយគ្រួសារ ៥ នាក់ត្រូវស្លា-.ប់ទាំងអស់ ក្រោយនាំគ្នាលោតចូលអណ្ដូងម្នាក់ម្ដងទៅជួយសត្វឆ្មា
ប្រតិបត្តិការជួយសង្គ្រោះដ៏ស្វិតស្វាញត្រូវបានបញ្ចប់ដោយភាពសោកសៅបំផុត ក្រោយសមាជិក ៥ នាក់នៃក្រុមគ្រួសារមួយនាប្រទេសឥណ្ឌា ត្រូវបានបាត់បង់ម្នាក់ម្ដងៗ ក្រោយនាំគ្នាលោតចុះទៅក្នុងអណ្ដូងទុកចោលមួយ ដើម្បីបំណងជួយសង្គ្រោះសត្វឆ្មាចិញ្ចឹមរបស់ខ្លួនមួយក្បាល។
តាមព័ត៌មានបានឱ្យដឹងថា កាលពីយប់ថ្ងៃទី ០៩ ខែមេសា កន្លងទៅ (ពេលវេលាក្នុងតំបន់) បុរសចំនួន ៥ នាក់ជាអ្នកភូមិ Wadki រដ្ឋ Maharashtra ប្រទេសឥណ្ឌា ត្រូវបានស្លាប់បន្តកន្ទុយគ្នា ក្រោយពួកគេបានធ្វើការលោតចូលអណ្ដូង ដែលជាអណ្ដូងរក្សាទុកច្នៃជីវឧស្ម័នដែលធ្វើពីអាចម៏សត្វ ដើម្បីចង់ជួយសត្វឆ្មាចិញ្ចឹមមួយក្បាល។
តាមព័ត៌មានដដែលបានឱ្យដឹងទៀតថា សត្វឆ្មាមួយក្បាលនោះ បានធ្លាក់ចូលក្នុងអណ្ដូងដ៏ធំនោះ នៅវេលាម៉ោងប្រមាណ ៥ ល្ងាច ហើយក្រោយឃើញបែបនោះ ក្រុមគ្រួសាររងគ្រោះខាងលើ ក៏បានស្ទុះភ្លាមៗលោតចូលអណ្ដូងនោះ ដើម្បីសង្គ្រោះឆ្មារបស់ខ្លួន។ ដំបូង សមាជិកនៃគ្រួសារម្នាក់ បានវារចូលទៅក្នុងអណ្ដូង មុនពេល ៤ នាក់ផ្សេងទៀតចុះទៅតាមក្រោយ ប៉ុន្តែជាអកុសលបែរជាត្រូវជាប់ក្រោមនោះទាំងអស់គ្នា។
ក្រោយសមាជិក ៥ នាក់ជាប់គាំងនៅក្នុងអណ្ដូង ក៏មានជនទី ៦ ចងខ្សែនឹងចង្កេះចុះទៅជួយផងដែរ យ៉ាងណាមិនទទួលបានជោគជ័យ ដោយជនរងគ្រោះទី ៦ អាចរួចផុតជីវិត ប៉ុន្តែបានរងរបួស និងត្រូវបានបញ្ជូនទៅព្យាបាលនៅឯមន្ទីរពេទ្យ។ ក្នុងហេតុការណ៍នោះដែរ អ្នកនៅក្នុងភូមិ បាននាំគ្នាស្វះស្វែងក្នុងការជួយសង្គ្រោះ ប៉ុន្តែចុងក្រោយនៅតែមិនអាចសង្គ្រោះបាន ដោយជនរងគ្រោះទាំង ៥ នាក់ត្រូវបាត់បង់ជីវិតបាត់ទៅហើយ៕