ចែកគ្នាដឹងអ្នកឆ្នាំ «ជូត»! ឆ្នាំថ្មីនេះទំនាយថា មនុស្សប្រុសមានរឿងខ្វល់ខ្វាយច្រើន ឯមនុស្សស្រីមិនគួរធ្វើដំណើរផ្លូវឆ្ងាយ
ទេវធីតាឆ្នាំថ្មី ជារាជបុត្រីទី ៧ នៃកបិលមហាព្រហ្ម ព្រះនាងមហោធរាទេវី ឬ មហោទរាទេវី នឹងយាងចុះមកគ្រប់គ្រងជម្ពូរទ្វីបមនុស្សលោកឆ្នាំថ្មីនៅថ្ងៃសៅរ៍ ៥ កើត ខែចេត្រ ត្រូវនឹងថ្ងៃទី ១៣ ខែមេសា គ្រិស្តសករាជ ២០២៤ វេលាម៉ោង ២២:២៤ នាទីយប់។
ក្នុងនោះ បើតាមសៀវភៅមហាសង្ក្រាន្ត ដែលរៀបរៀងដោយឯកឧត្ដម អ៊ឹម បុរិន្ទ អគ្គលេខាធិការរង គណៈកម្មការជាតិរៀបចំបុណ្យជាតិ និង អន្តរជាតិ គណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និង ប្រពៃណីទំនៀមទម្លាប់ខ្មែរ បានបង្ហាញអំពី ជោគជតារាសីប្រចាំ ឆ្នាំរោង សម្រាប់លោកអ្នកកើតឆ្នាំ «ជូត» ដូចខាងក្រោម ៖
បើជាមនុស្សប្រុស ឆ្នាំជូត ទំនាយថា ៖
ក្នុងឆ្នាំនេះ ជាឆ្នាំដែលលោកអ្នកមានចិត្តខ្វល់ខ្វាយច្រើនអនេក មិត្តភក្តិជាទីស្រឡាញ់ ឬ ញាតិសន្តានដែលមានគុណបំណាច់លើរូបអ្នក ត្រូវនិរាសគ្នា មិនតែប៉ុណ្ណោះអ្នកត្រូវខូចខាត ផលប្រយោជន៍ខ្លះទៀតផង តាមការពិតអ្នកមិនត្រូវរងទុក្ខក្តៅណាស់ណាទេ មានគេជួយឈឺឆ្អាលឱ្យអ្នកបានសុខសាន្ត បើទោះជាមានឧបសគ្គក្នុងការងារខ្លះ ក៏គង់នឹងសាបរលាបទៅ វិញបាន ដោយសារពេលនេះមានភឿនរបស់អ្នកបានតទល់យ៉ាងស្វិតស្វាញ ជួនកាលឆ្នាំនេះ អ្នកត្រូវរុះរើផ្ទះសម្បែងជួសជុល ឬ ធ្វើថ្មី តែមិនជាការសំខាន់ទេ។
បើជាមនុស្សស្រី ឆ្នាំជូត ទំនាយថា ៖
ក្នុងឆ្នាំនេះ ជាឆ្នាំដែលអ្នកមិនសូវរីករាយសោះឡើយ ទោះជាយ៉ាងនេះក៏ដោយ អ្នកគង់បានសម្រេចក្នុងការដែលអ្នកបានតាំងចិត្តទុកយ៉ាងប្តូរផ្តាច់ មិត្តភក្តិរបស់អ្នកឬមនុស្សធ្វើការជាមួយ អ្នកគេជាមនុស្សអាប់ជោគថោករាសីដឹកនាំអ្នកឱ្យខកខាតទុន ក្នុងរយៈឆ្នាំនេះអ្នកមិនគួរធ្វើដំណើរផ្លូវឆ្ងាយពេកទេ សូម្បីតែបើកហាងលក់ដូរឥវ៉ាន់ថ្មី ឬ ប្រកបការយ៉ាងណាក៏ដោយអ្នក កុំធ្វេសប្រហែសឱ្យសោះ ហើយមិនគួរពឹងរកឱ្យគេជួយទុក្ខធុរៈខ្លួនជាដាច់ខាត៕