ស្អាតមួយបែបម្នាក់! រូបដំឡើងតាំងលម្អ ៤ ចេញពីខេត្ត-ក្រុង ៤ នេះ កំពុងល្បីខ្ទរខ្ទារពេញប្រទេស ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ
កៀកថ្ងៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ដែលខិតជិតមកដល់ គេសង្កេតឃើញថា រូបសំណាកធំៗ និងស្រស់ស្អាតចំនួន ៤ មកពីបណ្ដារាជធានី-ខេត្ត ៤ ផ្សេងៗគ្នា កំពុងធ្វើឱ្យមហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម នាំគ្នាផ្ទុះការចាប់អារម្មណ៍ ចែករំលែកបន្តគ្នាព្រោងព្រាត ព្រមទាំងស្ងើចសរសើរមិនដាច់ពីមាត់ នូវការខិតខំប្រឹងប្រែងចំណាយកម្លាំង គំនិត និងពេលវេលាក្នុងការរៀបចំរូបទាំងនោះឡើង ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ ប្រកបទៅដោយភាពច្នៃប្រឌិត និងស្រស់ស្អាតទៅតាមកាលៈទេសៈរៀងៗខ្លួន។
ជាក់ស្ដែង រូបដំឡើងលម្អចំនួន ៤ ដែលទទួលបានការចាប់អារម្មណ៍ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនោះ មានដូចជា ៖
១. រូបសេះសមុទ្របាញ់ទឹក នៅខេត្តកំពត
រូបសេះសមុទ្របាញ់ទឹក នៅខេត្តកំពត ជាហេដ្ឋារចនាសម្ព័ន្ធថ្មីមួយនៅក្នុងខេត្ត ដែលសាងសង់ស្របជាមួយហេដ្ឋារចនាសម្ព័ន្ធថ្មីៗរួមមានសួនច្បារ និងការកែលម្អមួយចំនួននៅតាមមាត់ព្រែកកំពតផងដែរ។ ការសាងសង់រូបសេះសមុទ្របាញ់ទឹកនេះទៀតសោត ត្រូវបានរដ្ឋបាលខេត្តប្រកាស សាងសង់ឱ្យរួចរាល់មុនថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដើម្បីអាចឱ្យបងប្អូនខ្មែរយើងថតរូបលេងកម្សាន្តនៅទីនោះ។
២. រូបនាគក្បាល ៥ នៅខេត្តបាត់ដំបង
ជាខេត្តមួយ ក្នុងចំណោមខេត្តដែលមានអ្នកទៅលេងកម្សាន្តច្រើន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំ ឆ្នាំនេះខេត្តបាត់ដំបង ធ្វើឱ្យមហាជនផ្ទុះការចាប់អារម្មណ៍ជាថ្មី ក្រោយពីបានដំឡើងរូបនាគក្បាលប្រាំ ដ៏ស្រស់ស្អាត និងមានឫទ្ធិអំណាច នៅទីតាំងបរិវេណមុខអតីតសាលាខេត្តបាត់ដំបង។
៣. រូបនាគរាជសម័យកណ្ដាលនៅវត្តភ្នំ រាជធានីភ្នំពេញ
ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៨ នេះ វត្តភ្នំដែលជាចំណុចកណ្ដាល និង ជាបេះដូងនៃរាជធានីភ្នំពេញ បានសាងសង់នូវរូបនាគរាជសម័យកណ្ដាល ដែលធ្វើឡើងអំពីឈើ មានលក្ខណៈស្រស់ស្អាត មានអំណាច គួរឱ្យចង់ទស្សនា។ ការដំឡើងនេះផងដែរ គឺធ្វើឡើងក្នុងឱកាស សង្ក្រាន្តវត្តភ្នំ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
៤. រូបនាគនៅវត្តឧត្តមមានជ័យ ក្នុងខេត្តព្រៃវែង
មិនខុសពីរាល់ឆ្នាំនោះឡើយ ឆ្នាំនេះ វត្តឧត្តមមានជ័យ ដែលស្ថិតនៅក្នុងភូមិសាស្ត្រខេត្តព្រៃវែង បានធ្វើឱ្យមហាជនផ្ទុះការចាប់អារម្មណ៍ជាថ្មី ក្រោយពីសាងសង់រូបនាគបែបត្លុកចំនួនមួយគូ ធ្វើពីចំបើង រៀបចំធ្វើឡើងដោយគណៈកម្មការនៅក្នុងវត្ត ព្រមទាំងនេនតូចៗផងដែរ៕