មកស្គាល់រុក្ខជាតិមួយប្រភេទ ផ្កាតែម្ដងក្នុងមួយជីវិត មានអាយុ ៦០-៨០ ឆ្នាំ ស្លឹកវាគេយកទៅចារសាស្រ្តាស្លឹករឹត
តាំងពីសម័យបុរាណកាលមកទល់បច្ចុប្បន្ន រុក្ខជាតិ និង ដើមឈើជាច្រើនបានបំពេញតម្រូវការយ៉ាងពេញលេញជូនមនុស្ស ក្នុងការប្រើប្រាស់បម្រើឱ្យការងារប្រចាំថ្ងៃ ដែលមានជាឧទាហរណ៍ ដូចជាដើមត្នោត ជាដើម ដែលដើមរបស់វាអាចឆ្នៃជាទូកសម្រាប់ធ្វើដំណើរលើទឹក ស្លឹកទុកសម្រាប់ធ្វើជាដំបូលប្រក់ផ្ទះ និង ផ្លែរបស់វាសម្រាប់ទទួលទានបានច្រើនបែបច្រើនយ៉ាង។
មិនខុសពីដើមត្នោតនោះឡើយ រុក្ខជាតិមួយប្រភេទឈ្មោះថា «ដើមទ្រាំង» ក៏មានប្រយោជន៍តាំងពីឫស រហូតដល់ស្លឹកផងដែរ ដែលក្នុងនោះ ស្លឹកទ្រាំង គេយកទៅចារជាសាស្រ្តាស្លឹករឹត និង ខ្លឹមទ្រាំង គេយកទៅកែច្នៃជាសម្ភារប្រើប្រាស់បានច្រើនយ៉ាង។
បើតាមការឱ្យដឹងពីផេក មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឱ្យដឹងថា ទ្រាំង មានរាងស្រដៀងទៅនឹងដើមត្នោត វាមានដុះច្រើននៅខេត្តក្រចេះ ស្ទឹងត្រែង ព្រះវិហារ និង មានតិចតួចនៅខេត្តពោធិ៍សាត់ និង រតនៈគិរី។ ទ្រាំងមាន ៣ ប្រភេទ គឺទ្រាំងខ្មៅ ទ្រាំងក្រហម និង ទ្រាំងស ដែលវាមានកម្ពស់ចាប់ពី ៥ ម៉ែត្រ ទៅ ១០ ម៉ែត្រ។ ទ្រាំង នេះផងដែរ វវាមានខ្លឹមនៅចន្លោះអាយុ ១០ ឆ្នាំ ទៅ ១៥ ឆ្នាំ ហើយមានអាយុកាលប្រមាណ ៦០ ឆ្នាំ-៨០ ឆ្នាំ ក្នុងនោះវាផ្កាតែមួយដងប៉ុណ្ណោះក្នុងមួយជីវិត ហើយនឹងងាប់បន្ទាប់ពីផ្លែរបស់វាទុំ៕
ប្រភពនិងរូបភាព ៖ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង