រាប់រយឆ្នាំទើបមានម្ដង! ពលរដ្ឋអាមេរិក ៣៥០ គូ នាំគ្នាសម្រុករៀបការក្រោមបាតុភូតសូរ្យគ្រាស ព្រោះយល់ថាជាពេលាល្អបំផុត
កាលពីថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២៤ កន្លងទៅ (ពេលវេលាក្នុងតំបន់) ពលរដ្ឋនៅសហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា នាំគ្នាចេញមកក្រៅផ្ទះ ដើម្បីផ្ដិតយកទិដ្ឋភាពដ៏កម្រនៃបាតុភូតសូរ្យគ្រាស ដែលជាសូរ្យគ្រាសពេញលេញ កើតមាននៅតំបន់ដដែលរាប់រយឆ្នាំម្ដង។
ជាមួយនឹងព្រឹត្តិការណ៍ដ៏កម្រមួយនេះដែរ នៅក្រុង Russellville រដ្ឋ Arkansas សហរដ្ឋអាមេរិក ក៏មានបង្កើតកម្មវិធីមួយឈ្មោះថា «Elope at the Eclipse» ដែលក្នុងកម្មវិធីនោះ គូស្នេហ៍ប្រមាណ ៣៥០ គូ បានដឹកដៃគ្នាផ្លាស់ប្ដូរសម្បថ រៀបការយ៉ាងរីករាយជាមួយមនុស្សចូលរួមយ៉ាងច្រើនកុះករ។
តាមព័ត៌មានបានឱ្យដឹងថា កម្មវិធីដ៏រីករាយមួយនេះដែរ បានបញ្ចប់ទៅក្នុងរយៈពេលត្រឹមប៉ុន្មានាទី មុនសូរ្យគ្រាសត្រូវបានបាំងបិទទាំងស្រុង ដែលបង្កើតបានជាកងរង្វង់ស្ដើងពណ៌ទឹកប្រាក់ជុំវិញព្រះច័ន្ទ មើលទៅប្រៀបដូចជាចិញ្ចៀនរៀបការនៅលើមេឃ។ ទិដ្ឋភាពមួយនេះដែរ បានធ្វើឱ្យគូស្នេហ៍ទាំងជាង ៣០០ គូ ចងចាំមិនភ្លេច និងធ្វើឱ្យពួកគេសឹងមិនជឿថាខ្លួនឯងអាចមានពេលវេលារៀបការក្នុងឱកាសដ៏អស្ចារ្យបែបនេះឡើយ៕