ភ្ញាក់ផ្អើល! ប្រទះឃើញគ្រាប់បែ-កទម្ងន់ ២៣០ គីឡូក្រាម នៅក្បែរឆ្នេរសមុទ្រ ខេត្តព្រះសីហនុ
មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា នៅថ្ងៃទី ០៩ ខែមេសា ឆ្នាំ ២០២៤ នេះ បានជូនដំណឹងពី ការរកឃើញគ្រាប់បែកទម្លាក់ពីលើអាកាសដែលគេស្គាល់ថាជាប្រភេទ MK82 ១ ស្ថិតក្នុងខេត្តព្រះសីហនុ។
អង្គការ CMAC បានបញ្ជាក់លម្អិតឱ្យបានដឹងថា គ្រាប់បែកទម្លាក់ពីលើអាកាសដែលគេស្គាល់ថាជាប្រភេទ MK82 ១ គ្រាប់បានកប់ចូលជ្រៅក្នុង រណ្តៅមួយកន្លែងក្បែរមាត់សមុទ្រអស់រយៈពេលជាច្រើនឆ្នាំនេះ មានទីតាំងស្ថិតនៅឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានអ្នកជំនាញកម្ទេចគ្រាប់របស់អង្គភាពស៊ីម៉ាក់ធ្វើការបន្សាបប្រកបដោយជោគជ័យ កាលពីថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២៤ កន្លងទៅ។
គ្រាប់បែកយន្តហោះប្រភេទ MK 82 ដែលមានទម្ងន់ប្រហែល ២៣០ គីឡូក្រាមនេះ ត្រូវបានប្រើប្រាស់ដោយយោធាសហរដ្ឋអាមេរិក និង បណ្តាប្រទេសដទៃផ្សេងៗទៀត ត្រូវបានឃើញដាក់ពង្រាយយ៉ាងទូលំទូលាយនៅតំបន់អាស៊ីអាគ្នេយ៍ អំឡុងសង្គ្រាមវៀតណាម៕