ក្រសួងជូនដំណឹង ករណីធ្លាយអាស៊ីតហ្វូរិច ហូរចូលទន្លេមេគង្គនៅឡាវ មានចម្ងាយពីព្រំប្រទល់កម្ពុជា-ឡាវ ជាង ១ ពាន់គីឡូម៉ែត្រ
ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២៤ បានចេញសេចក្តីជូនដំណឹង អំពីឧបទ្ទវហេតុនៃការលេចធ្លាយសារធាតុគីមីចូលក្នុងស្ទឹងណាម ខាន់ (Nam Khan River) ស្ថិតនៅក្នុងក្រុងហ្លួងប្រាបាង នៃខេត្តហ្លួងប្រាបាង ប្រទេសឡាវ ដែលបណ្តាលមកពីឧបទ្ទវហេតុនៃការក្រឡាប់ រថយន្តដឹកសារធាតុគីមី នៅភូមិភូសាងខាំ ក្នុងខេត្តហ្លួងប្រាបាង កាលពីថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២៤ ខណៈស្ទឹងណាមខាន់ ជាដៃទន្លេមេគង្គ ហូរចាក់ចូលទន្លេមេគង្គ ត្រង់ចំណុចទីក្រុងហ្លួងប្រាបាង ហើយមានចម្ងាយពីព្រំប្រទល់កម្ពុជា-ឡាវ ដល់ទីនោះ ប្រមាណ ១ ៣៧០ គម ខាងលើក្រុងប៉ាក់សេ ប្រមាណ ១ ២២០ គម និងខាងលើរដ្ឋធានីវៀងចន្ទន៍ ប្រមាណ ៥០០ គម។ នៅខាងក្រោមទីក្រុងហ្លួងប្រាបាង ចម្ងាយប្រមាណ ១២០ គម មានទំនប់វារីអគ្គិសនី សាយ៉ាបូរី នៅលើដងទន្លេមេគង្គ។
ក្រសួងធនធានទឹក និងឧតុនិយម បានបន្តឱ្យដឹងថា បើតាមការជូនដំណឹងពីលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ សារធាតុគីមីដែលកំពប់នោះ គឺអាស៊ីតស៊ុលហ្វូរិច ដែលមានបរិមាណសរុបប្រហែល ៣០ តោន តែហូរចូលក្នុងទឹកមិនទាំងអស់ទេ។ ករណីនេះ នាយកដ្ឋានបរិស្ថានឡាវ បានសហការជាមួយការិយាល័យក្រុងហ្លួងប្រាបាង អនុវត្តវិធានការត្រួតពិនិត្យដើម្បីឆ្លើយតបទៅនឹងស្ថានភាពខាងលើនេះ។ ជាក់ស្ដែងដោយសារការចាត់វិធានការរបស់អាជ្ញាធរ និងផ្នែកជំនាញពាក់ព័ន្ធរបស់ឡាវ និងដោយផ្អែកលើលទ្ធផលនៃការចុះ ពិនិត្យអង្កេតជាក់ស្តែងដោយលេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ និងស្ថាប័នជំនាញពាក់ព័ន្ធរបស់ឡាវ នាថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០២៤ បង្ហាញថា ពុំមានផលប៉ះពាល់ដល់គុណភាពនៃស្ទឹងណាម ខាន់ និងទន្លេមេគង្គ ដែលបង្កឡើងដោយឧបទ្ទវហេតុ នៃការក្រឡាប់រថយន្តដឹកសារធាតុគីមីនោះទេ។ លេខាធិការដ្ឋានគណៈកម្មការទន្លេមេគង្គ បាន និងកំពុងសហការជាមួយ ភាគីពាក់ព័ន្ធ ដើម្បីពិនិត្យតាមដានវាយតម្លៃជាបន្ត ដើម្បីធានាដល់កិច្ចការពារបរិស្ថាន និងសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋរស់នៅតាមដងទន្លេ។
ស្របគ្នានេះផងដែរ ក្រសួងធនធានទឹក និងឧតុនិយម និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បាន និងកំពុងយកចិត្តទុកដាក់ខ្ពស់ អំពីផលប៉ះពាល់ដែលអាចកើតមានពីករណីឧបទ្ទវហេតុខាងលើ មកលើគុណភាពទឹកទន្លេមេគង្គក្នុងប្រទេសកម្ពុជា និង ធ្វើការជូនដំណឹងបន្ថែមក្នុងករណីចាំបាច់៕
សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖