មកស្គាល់រូបសំណាកសំខាន់ៗក្នុងខេត្តកំពត ចំនួន ៣ គ្រាន់តែក្រឡេកឃើញភ្លាម ស្គាល់ភ្លែត
ស្ថិតនៅប៉ែកខាងត្បូងនៃប្រទេសកម្ពុជា មានចម្ងាយប្រមាណ ១៤៧ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ខេត្តកំពត ជាខេត្តដែលសម្បូរទៅដោយតំបន់ទេសចរណ៍ធម្មជាតិដ៏សម្បូរបែប មានទាំងតំបន់ភ្នំ តំបន់ទឹកប្រៃ តំបន់ទឹកសាប ព្រមទាំងផ្ទះលម្ហែ បឹងហ្គាឡូដេដាស ប្រកបទៅដោយទស្សនីយភាពស្រស់ត្រកាល ទាក់ទាញភ្ញៀវទេសចរ ឱ្យចង់ទៅទស្សនាកម្សាន្ត ក្រោយសម្រាកពីការងារថ្ងៃចុងសប្ដាហ៍ ក៏ដូចជាថ្ងៃបុណ្យឈប់សម្រាកជាដើម។
ថ្ងៃនេះផងដែរ យើងសូមលើកយកនូវ រូបសំណាក ក៏ដូចជារូបតំណាងធំៗចំនួន ៣ ប្រចាំខេត្តកំពត ដែលគ្រាន់តែមហាជនឃើញ គឺដឹងថាស្ថិតនៅក្នុងខេត្តកំពតតែម្ដង ខណៈរូបធំៗទាំងនោះមានដូចជា ៖
១. រូបសំណាករង្វង់មូលទុរ៉េនខេត្តកំពត
ពិតណាស់ កំពត គឺជាខេត្តដ៏មានសក្ដានុពលមួយ ដែលគេស្គាល់ថាជាខេត្តដែលមានដំណាំកសិផលទុរ៉េនមានរសជាតិឆ្ងាញ់ ដូច្នេះហើយ ទើបមានរង្វង់មូលទុរ៉េន គឺជានិមិត្តរូបតំណាងឱ្យខេត្តមួយនេះ ដែលក្នុងនោះក៏មានដំណាំហូបផ្លែជាច្រើនដូចជា មៀន សាវម៉ៅ ដូង និងទិន្នផលកសិកម្មជាច្រើនទៀត។
២. រូបយាយម៉ៅ នៅលើភ្នំបូកគោ
នៅភ្នំបូកគោក្នុងខេត្តកំពត គេឃើញមានរូបសំណាកយាយម៉ៅ ដែលមានកំពស់ដល់ទៅ ២៩ ម៉ែត្រ ដែលត្រូវបានសម្ពោធឡើងក្នុងឆ្នាំ ២០១២ ជាទីកន្លែងដែលភ្ញៀវទេសចរទៅទស្សនាកម្សាន្ត ថតរូប និងសុំសេចក្ដីសុខនៅទីនោះផងដែរ។
៣. រូបសំណាក សេះសមុទ្របាញ់ទឹក
ថ្មីៗនេះ រដ្ឋបាលខេត្តកំពត បានរៀបចំសាងសង់រូបសំណាកថ្មីមួយ ដែលជាហេដ្ឋារចនាសម្ព័ន្ធដ៏ស្រស់ស្អាតមួយផ្នែកនៅក្នុងខេត្ត នោះគឺរូបសំណាកសេះសមុទ្រ កម្ពស់ ៨ ម៉ែត្រ ដែលមានទីតាំងស្ថិតនៅចំណុចមាត់ព្រែកកំពត តែម្ដង៕
រូបភាព ៖ Bie SounSocheat, បេះដូងកំពត