ទឹកដៃល្អកម្រឃើញណាស់! ជាងសាក់ មានជំនាញពិតៗ សាក់លើសាច់ តែក្បាច់ច្បាស់ៗដូចចម្លាក់លើប្រាសាទ
បច្ចុប្បន្ន ជាងសាក់អាចមានច្រើនកន្លែងសឹងរាប់មិនអស់ ប៉ុន្តែបើនិយាយពីជាងសាក់ដែលជំនាងខាងសាក់ក្បាច់ខ្មែរ ហាក់ដូចមិនមានច្រើននោះឡើយ។ ជាក់ស្តែង ថ្មីៗនេះមហាជនលើបណ្តាញសង្គម ហ្វេសប៊ុក និង TikTok បានកំពុងចាប់អារម្មណ៍ខ្លាំងទៅលើទឹកដៃសាក់មួយកន្លែងឈ្មោះ KN Sak ដោយក្នុងនោះគេបានយកក្បាច់ខ្មែរមកសាក់លើដងខ្លួនមានលក្ខណៈច្បាស់ៗស្អាតប្រណីត ផុសត្រដែតបីដូចក្បាច់ចម្លាក់នៅលើប្រាសាទពិតៗ សំខាន់មានភ្ជាប់មកជាមួយរូបអត្តសញ្ញាណរបស់ខ្មែរយើងផងដែរ។
តាមរយៈវីដេអូបង្ហាញស្នាដៃទើបធ្វើរួចរាល់ ម្ចាស់កន្លែងសាក់ខាងលើបាននិយាយថា ៖ «នេះជាក្បាច់ខ្មែរអមដោយផ្ការំដួលដែលធ្វើជារបៀបរូបពិត ហើយចង់ផ្តាំទៅលោកតាលោកយាយជំនាន់មុនថា ជាងសាក់ពួកខ្ញុំមិនមែនចេះតែសាក់ឱ្យមើលទៅស្ទាវ មើលទៅឡូយនោះទេ ពួកខ្ញុំក៏ចូលរួមថែរក្សាវប្បធម៌ ក៏ដូចជាក្បាច់ចម្លាក់ដូនតាផងដែរ។ ក្បាច់ខ្មែរមិនមែនសម្រាប់តែធ្វើលើថ្ម ឬលើឈើអីទេ យើងក៏អាចច្នៃវាចេញជាសិល្បៈសាក់លើដងខ្លួនបានដែរ។ ការសាក់លើសាច់មនុស្សមានអាយុកាលស្មើជីវិតមនុស្ស អ្នកដទៃមិនអាចលួចបានទេ ទាល់តែលួចទាំងមនុស្ស។ ពេលមានស្នាមសាក់នេះ យើងទៅណាក៏អាចបង្ហាញអ្វីដែលជារបស់ខ្មែរឱ្យគេបានស្គាល់ដែរ។ ក្នុងនាមខ្ញុំជាជាងសាក់ ខ្ញុំនឹងប្រឹងប្រែងធ្វើឱ្យស្អាតជាងហ្នឹងទៀត។ អរគុណភ្ញៀវទាំងអស់ដែលស្រលាញ់ក្បាច់ខ្មែរ ដែលនេះដូចជាការនាំគ្នាចូលរួមថែរក្សាកេរដំណែលដូនតាយើងផងដែរ»៕
@knsak1