ធ្លាប់ចូលគេងទាំងសក់នៅសើមអត់? បើមិនចង់ឱ្យមានផលអវិជ្ជមាន ៦ យ៉ាងនេះ សូមឈប់ទម្លាប់ទៅ!
ជឿថាប្រិយមិត្តមួយចំនួនដែលទម្លាប់ងូតទឹកនៅពេលយប់ ពេលខ្លះអាចនឹងខ្ជិលផ្លុំសក់ឲ្យស្ងួត ហើយក៏ចូលគេងយកតែម្ដង តែអ្នកទាំងអស់គ្នាអាចនឹងមិនដឹងទេថា ការដែលចូលគេងទាំងសក់នៅសើមនេះ មានផលអវិជ្ជមានប៉ះពាល់យ៉ាងណាខ្លះចំពោះរាងកាយយើង។ ខាងក្រោមនេះជាផលប៉ះពាល់ទាំង ៦ នៃការចូលដំណេកទាំងសក់សើមមិនទាន់ស្ងួត ៖
១. ធ្វើឲ្យរមាស់ស្បែកក្បាល
អ្នកដែលធ្លាប់មានការរមាស់ស្បែកក្បាលមិនបាត់ ភាគច្រើនតែងតែបន្ទោសលើសាប៊ូ ថាប្រើប្រាស់សាប៊ូខុសអីចឹងទៅ ប៉ុន្តែមូលហេតុដែលបណ្ដាលឲ្យមានការរមាស់បែបនេះ គឺអាចមកពីទម្លាប់នៃការចូលគេងទាំងសក់នៅសើម ឬមិនបានផ្លុំឱ្យបានស្ងួតល្អ។ ជាក់ស្ដែង មេរោគនៃស្បែកក្បាល ដូចជាអង្គែជាដើម អាចកើតមានឡើង នៅពេលដែលយើងគេងទាំងសក់សើមផ្អឹបជាមួយនឹងខ្នើយ ហើយនៅពេលដែលគេងទាំងបែបនេះ ភាពសើមនៃសក់ និង ខ្នើយ កាន់តែបង្កឱ្យមេរោគកើតមានឡើង។
២. ធ្វើឱ្យសក់ជំពាក់
នៅពេលចូលគេង ទាំងដែលមិនបានសម្ងួតសក់ គឺវាអាចបណ្ដាលឱ្យសក់ជំពាក់ អំឡុងពេលកំពុងគេង។ ដូច្នេះ ពេលព្រលឹមឡើង អាចបង្កជារឿងឈឺក្បាលមួយសម្រាប់យើង ពេលដែលត្រូវសិតសក់ទាំងសក់ជំពាក់ជំពិនគ្នាបែបនេះ។
៣. ធ្វើឱ្យឈឺក្បាល
ការចូលគេងទាំងសក់នៅសើម អាចធ្វើឱ្យយើងកើតមានអាការឈឺក្បាលបាន។ បើតាមអ្នកជំនាញផ្នែកសក់មួយចំនួន បានលើកឡើងថា ការគេងទាំងសក់សើម ធ្វើឱ្យសីតុណ្ហភាពក្នុងខ្លួនយើងធ្លាក់ចុះ ដែលជាហេតុធ្វើឱ្យយើងឈឺក្បាល ព្រោះរាងកាយព្យាយាមកម្ដៅខ្លួនឡើងវិញ។
៤. ធ្វើឱ្យសក់ស្ដើងមិនមានទម្ងន់
ការគេងជាមួយសក់សើម គឺអាចនឹងបំផ្លាញសក់របស់យើងបាន ជាពិសេសប្រសិនបើសក់យើងកំពុងតែស្ដើងស្រាប់ វានឹងកាន់តែធ្វើឱ្យសក់មានសុខភាពទន់ខ្សោយ មិនមានទម្ងន់។
៥. ធ្វើឱ្យសក់បែកចុង
ទម្លាប់នៃការគេងទាំងសក់សើម គឺជាមូលហេតុមួយបណ្ដាលឱ្យសក់របស់យើងបែកចុង។ សក់របស់យើងពេលដែលសើម គឺខ្សោយ ដូច្នេះពេលដែលគេងប្រែខ្លួនចុះឡើង នោះវានឹង
បណ្ដាលឱ្យសក់ទៅជាបែកចុង។
៦. បង្កជាការរមាស់ ឬរលាកស្បែក
ផលប៉ះពាល់មួយទៀតនៃការគេងទាំងសក់សើម គឺមិនមែនត្រឹមតែកើតលើស្បែកក្បាលប៉ុណ្ណោះទេ ប៉ុន្តែក៏កើតមានលើស្បែករបស់យើងផងដែរ។ នៅពេលយើងគេងលក់ ការប្រែខ្លួនចុះឡើងគឺតែងតែកើតមាន ហើយការប្រែប្រួលខ្លួននេះដែរ អាចធ្វើឱ្យសក់ធ្លាក់មកលើមុខ ដោយសក់សើមហើយ បូករួមជាមួយសីតុណ្ហភាពក្នុងបន្ទប់ទៀត អាចធ្វើឱ្យមុខរោល ឬក៏រលករមាស់បាន៕
ប្រភព៖ Brightside