ខែមេសានេះរញ្ជួយដីកើតច្រើន! ឥលូវដល់ក្រុងញ៉ូយ៉ក នៅអាមេរិក រញ្ជួយដីកម្រិត ៤.៧ រ៉ិចទ័រ វាយប្រហារផ្អើលអស់ពលរដ្ឋ
ជារឿងមួយដែលធ្វើឱ្យមហាជនជាច្រើនមានការភ្ញាក់ផ្អើលខ្លាំង ក្រោយគ្រោះរញ្ជួយដីកម្រិត ៤.៧ រ៉ិចទ័រមួយបានធ្វើឱ្យអគារជាច្រើនរង្គើនៅក្រុងញ៉ូយ៉ក និង តាមរដ្ឋក្បែរៗគ្នានោះ ខណៈតំបន់ទាំងនោះ គឺកម្រនឹងជួបប្រទះគ្រោះធម្មជាតិមួយនេះណាស់។
បើតាមភ្នាក់ងារ USGS បានឱ្យដឹងថា គ្រោះរញ្ជួយដីនេះដែរ កើតមានឡើងនៅវេលាម៉ោង ១០ និង ២០ នាទីព្រឹក ថ្ងៃទី ០៥ ខែមេសា ឆ្នាំ ២០២៤ (ពេលវេលាក្នុងតំបន់) ដោយចំណុចកណ្ដាលមានជម្រៅជិត ៥ គីឡូម៉ែត្រ ភាគខាងជើងតំបន់ Whitehouse Station រដ្ឋ New Jersey សហរដ្ឋអាមេរិក។
តាមព័ត៌មានបានឱ្យដឹងថា ការរញ្ជួយគឺកើតមានឡើងនៅក្រុងញ៉ូយ៉ក និងរដ្ឋ New Jersey រួមទាំងភាគខាងជើងរដ្ឋ Pennsylvania និងភាគខាងលិចរដ្ឋ Connecticut។ អគារជាច្រើនបានរញ្ជួយរង្គើ ដែលជាហេតុធ្វើឱ្យពលរដ្ឋក្នុងតំបន់ជាច្រើនមានការភ្ញាក់ផ្អើលខ្លាំង ព្រោះតំបន់ទាំងនោះ កម្រនឹងកើតមានគ្រោះរញ្ជួយដីណស់។
គួរបញ្ជាក់ផងដែរថា មកទល់ពេលនេះមិនទាន់មានព័ត៌មានណាបញ្ជាក់ពីករណីរបួសស្លាប់ ឬ ការខូចខាតដោយសារគ្រោះរញ្ជួយដីនោះឡើយ៕