អ្នកជំងឺដំបូងគេ វះកាត់ប្ដូរដាក់ក្រលៀនជ្រូក ឥលូវអាចចេញពីមន្ទីរពេទ្យហើយ ក្រោយសុខភាពប្រសើរច្រើន
តាមការបញ្ជាក់ពីក្រុមគ្រូពេទ្យ នាមន្ទីរពេទ្យ Massachusetts បានឱ្យដឹងថា អ្នកជំងឺដំបូងគេលើលោក ដែលទទួលការវះកាត់ប្ដូរដាក់ក្រលៀនសត្វជ្រូកនោះ ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យត្រឡប់ទៅផ្ទះវិញហើយ ក្រោយសុខភាពរបស់លោកកាន់តែប្រសើរឡើងច្រើន។
អ្នកជំងឺរូបនោះដែរមានឈ្មោះថា Rick Slayman អាយុ ៦២ ឆ្នាំ បានទទួលការវះកាត់ប្ដូរដាក់ក្រលៀនជ្រូក នៅឯមន្ទីរពេទ្យ Massachusetts កាលពីថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២៤ កន្លងទៅ ហើយក្រោយការតាមដាន និងបន្តព្យាបាលក្នុងមន្ទីរពេទ្យ អស់ពេលមួយរយៈមកនេះ ក្រុមគ្រូពេទ្យបានឱ្យដឹងថា សុខភាពរបស់គាត់គឺមានការប្រសើរឡើងច្រើន ដែលអាចឱ្យរូបគាត់មិនចាំបាច់ទទួលការព្យាបាលនៅមន្ទីរពេទ្យតទៅទៀត និងអាចត្រឡប់ទៅផ្ទះវិញបាន។
គួរបញ្ជាក់ផងដែរថា លោក Richard Slayman បានរស់នៅជាមួយជំងឺខូចក្រលៀនដំណាក់កាលចុងក្រោយរាប់ឆ្នាំហើយ។ នៅពេលលោកផ្ដើមដឹងថាខ្លួនឯងខូចក្រលៀន លោកត្រូវបានតម្រូវឱ្យទទួលការលាងឈាមជាប្រចាំរយៈពេល ៧ ឆ្នាំ ដោយក្រោយមកក្នុងឆ្នាំ ២០១៨ ក៏ទទួលបានឱកាសផ្លាស់ប្ដូរក្រលៀន។ យ៉ាងណាមិញ មកដល់ខែឧសភា ឆ្នាំ ២០២៣ លោកក៏មកត្រូវទទួលការលាងឈាមជាថ្មី ដោយសារតែក្រលៀនដែលលោកប្ដូរនោះ លែងដំណើរការ។ ក្នុងការលាងឈាមនោះដែរ លោកក៏ជួបប្រទះបញ្ហាសុខភាពជាច្រើនទៀត រួមមានទាំងបញ្ហាឈាមកកមួយចំនួន ដែលតម្រូវឱ្យលោកត្រូវសម្រាកនៅមន្ទីរពេទ្យ និងទទួលការវះកាត់។
ដោយឡែក ក្រោយទទួលជោគជ័យលើការវះកាត់ប្ដូរក្រលៀនថ្មីដែលជាក្រលៀនជ្រូកនេះដែរ លោក Slayman គឺធូរស្បើយពីជំងឺបានលឿន ដោយក្រលៀនថ្មីនោះអាចផលិតទឹកនោមបាន និងលោកមិនចាំបាច់ត្រូវលាងឈាមបន្តទៀតនោះទេ ហើយថែមទាំងអាចដើរខ្លួនឯងបាននៅជុំវិញពេទ្យទៀតផង។ រហូតមកទល់ពេលនេះ សុខភាពរបស់លោកកាន់តែធូរស្បើយជាងមុនខ្លាំង និងអាចវិលត្រឡប់ទៅផ្ទះវិញបានថែមទៀត៕