ប្លែកម្យ៉ាង! មកស្គាល់ល្បែងប្រជាប្រិយខ្មែរមួយប្រភេទ គេលេងនៅក្នុងទឹក ភាគច្រើនទឹកអូរ ឬ ទន្លេ តែឥលូវមិនសូវមានអ្នកលេង
កម្ពុជា ជាប្រទេសដែលមានល្បែងប្រជាប្រិយច្រើនអនេក ដែលប្រជាពលរដ្ឋទូទាំងប្រទេសនិយមលេងកម្សាន្តនៅពេលទំនេរ ពេលបុណ្យទាន និង ពេលធ្វើពិធីតូច-ធំផ្សេងៗ មានពិធីចូលឆ្នាំជាដើម ដែលជាប់ជាប្រពៃណីតាំងពីព្រេងនាយមក។
ក្នុងនោះផងដែរ បើតាមសៀវភៅ ល្បែងប្រជាប្រិយខ្មែរ ដែលបោះពុម្ពផ្សាយដោយ ពុទ្ធសាសនបណ្ឌិត្យ បានឱ្យដឹងថា មានល្បែងប្រជាប្រិយខ្មែមួយប្រភេទ ដែលគេលេងនៅក្នុងទឹក គឺទឹកអូរ ឬ ទន្លេ ដែលវាមានឈ្មោះថា ៖ «ល្បែងលាក់កូនកាស» ដែលជាល្បែងមួយសម្រាប់ក្មេងជំទង់ៗលេងកម្សាន្តសប្បាយ។ ល្បែងនេះគេលេងបានតែនៅក្នុងទឹកអូរ ឬ ទន្លេ ដែលមានជម្រៅត្រឹមចង្កេះ ឬ ត្រឹមដើមទ្រូងក្មេងៗ។
របៀបលេង ៖
ក្មេងៗបបួលគ្នាឱ្យបាន ៤-៥ នាក់ឡើងទៅ គេចុះទៅក្នុងទឹកជម្រៅដូចពោលខាងលើ ហើយយកកំណាត់ឈើ ឬ ដើមស្នោរ ខ្លីៗ ដែលជាវត្ថុស្រាលៗអណ្តែតទឹក ធ្វើជាខ្នាច់ដាក់បណ្តែតលើខ្នងទឹក បង្ហាញអ្នកលេងទាំងអស់គ្នា ឱ្យឃើញច្បាស់នឹងភ្នែកថានេះ ជា «កូនកាស» កុំឱ្យច្រឡំនឹងកំណាត់ឈើឯទៀត ហើយអ្នកលេងទាំងអស់គ្នា គេនាំគ្នារើសកំណាត់ឈើផ្សេងៗ ដែលមាននៅក្នុងទឹកត្រង់កន្លែងលេងនោះចេញអស់ ដើម្បីកុំឱ្យច្រឡំនឹងកូនកាសរបស់ខ្លួន ហើយគេនាំគ្នាឈរដំកង់ជាវង់ក្នុងទឹក ដាក់ខ្នាច់ជាកូនកាសនៅចំកណ្តាលវង់។ លុះរៀបស្រួលបួលហើយ គេនាំគ្នាកញ្ជ្រោកទឹកពន្លិច ឬបន្សាត់កូនកាសចេញ ហើយឈប់បង្អង់បន្តិច ទើបនាំគ្នាគន់រកមើលខ្នាច់ដែលអណ្តែតឡើង ហើយរសាត់ឆ្ងាយពីខ្លួន បើអ្នកណារកឃើញមុនគេ ហើយចាប់យកខ្លាច់នោះបាន អ្នកនោះត្រូវដេញញៀចស្លឹកត្រចៀក គឺមួលស្លឹកត្រចៀកអ្នកទាំងអស់គ្នាដែលរកពុំឃើញ។ មុននឹងទៅដេញចាប់ញៀចគេនោះ អ្នកបានខ្នាច់នោះគេស្រែកជាសញ្ញាថា «ញៀប»។ ពេលនោះបើអ្នកណាមុជទឹកទាន់ អ្នកនោះត្រូវរួចខ្លួន អ្នកដេញញៀចមិនត្រូវញៀចគេទេ៕