អស់ពីតៃវ៉ាន់ ឥលូវដល់ជប៉ុនម្តង គ្រោះរញ្ជួយដីកម្រិត ៦.០ រ៉ិចទ័រ បានវាយប្រហារភាគឦសានប្រទេសយ៉ាងដំណំ
នៅថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០២៤ នេះ គ្រោះរញ្ជួយដីកម្រិត ៦.០ រ៉ិចទ័រ បានវាយប្រហារតំបន់ Fukushima ភាគឦសានប្រទេសជប៉ុន ប៉ុន្តែមិនមានការប្រកាសអាសន្នពីរលកយក្សស៊ូណាមិឡើយ នេះបើតាមការបញ្ជាក់ពីភ្នាក់ងារឧតុនិយមប្រទេសជប៉ុន។
គ្រោះរញ្ជួយដីនេះដែរ មានចំណុចកណ្ដាលក្នុងជម្រៅ ៤០ គីឡូម៉ែត្រ ដែលការរញ្ជួយគឺរង្គើដល់ក្រុងតូក្យូ។ គិតមកទល់ពេលនេះ មិនទាន់មានព័ត៌មានណារាយការណ៍បញ្ជាក់ពីការខូចខាត ឬនរណារងរបួស ក្រោយគ្រោះរញ្ជួយដីនេះឡើយ។ ជាមួយគ្នានេះដែរ ក្រុមហ៊ុន TEPCO ដែលជាក្រុមហ៊ុនដំណើរការរោងចក្រនុយក្លេអ៊ែរនៅ Fukushima បានបញ្ជាក់ឱ្យដឹងដែរថា ក្រោយគ្រោះរញ្ជួយដី ខាងរោងចក្រ និងតំបន់មួយចំនួនផ្សេងទៀតនៅទីនោះ គឺពិនិត្យមិនឃើញមានអ្វីខុសប្រក្រតីនៅឡើយទេ។
គួររំឭកផងដែរថា គ្រោះរញ្ជួយដីក្នុងប្រទេសជប៉ុននេះដែរ បានកើតមានឡើងត្រឹមពេលមួយថ្ងៃ ក្រោយគ្រោះរញ្ជួយដីដ៏សាហាវវាយប្រហារកោះតៃវ៉ាន់ ដែលបណ្ដាលឱ្យមនុស្ស ៩ នាក់បានស្លាប់ និងប្រមាណជាង ១ ពាន់នាក់ផ្សេងទៀតរងរបួស៕