ពុ-ទ្ធោអើយ! ស្ត្រីតៃវ៉ាន់ម្នាក់ត្រូវបង់ជីវិត ដោយសាររត់ទៅជួយឆ្មាជាទីស្រឡាញ់ ពេលកំពុងរញ្ជួយដីខ្លាំង
ស្ត្រីម្នាក់នៅតៃវ៉ាន់ បានបាត់បង់ជីវិត ក្រោយរត់ត្រឡប់ចូលក្នុងអគារដែលកំពុងរលំនៅតំបន់ Hualien ដើម្បីជួយសត្វចិញ្ចឹមរបស់នាង ប៉ុន្តែអកុសលត្រូវអគាររលំសង្កត់ជាប់រហូតស្លាប់។
កាលពីថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២៤ កន្លងទៅ នាយកដ្ឋានពន្លត់អគ្គិភ័យប្រចាំស្រុក Hualien បានរៀបរាប់ឱ្យដឹងថា ស្ត្រីរងគ្រោះ មានឈ្មោះថា Kang អាយុ ៣៣ ឆ្នាំ ដំបូងឡើយបានរត់គេចរួចជីវិតពីគ្រោះរញ្ជួយដីកម្រិត ៧.៤ រ៉ិចទ័រ ប៉ុន្តែពេលនោះ នៅពេលដែលគាត់ចាប់អារម្មណ៍ថា សត្វឆ្មាចិញ្ចឹមរបស់គាត់ជាប់នៅក្នុងអគារ គាត់ក៏ស្ទុះត្រឡប់ទៅក្នុងអគារកម្ពស់ ៨ ជាន់នោះវិញ ដើម្បីសង្គ្រោះសត្វចិញ្ចឹមសំណព្វចិត្តរបស់គាត់។
ខណៈចូលទៅដល់ក្នុងអគារ ដីក៏បានចាប់ផ្ដើមញ័រថែមទៀត ធ្វើឱ្យគាត់ត្រូវជាប់នៅក្នុងនោះ។ រហូតមកដល់វេលាម៉ោងប្រមាណ ២ រសៀល ក្រុមសង្គ្រោះបានរកឃើញថា អ្នកនាង Kang បានបាត់បង់ជីវិតទៅហើយ ដោយសារតែត្រូវសសរអគាររលំសង្កត់លើ។ គួរឱ្យដឹងថា អ្នកនាង Kang គឺជាគ្រូសាលាវិទ្យាល័យ ហើយមុនពេលត្រឡប់ចូលក្នុងអគារវិញ គាត់បានប្រាប់អ្នកជិតខាងថា គាត់ត្រូវទៅជួយឆ្មារបស់គាត់។
គួររំឭកផងដែរថា កាលពីថ្ងៃទី ០៣ ខែមេសា ឆ្នាំ ២០២៤ កន្លងទៅ កោះតៃវ៉ាន់ បានរងការវាយប្រហារពីគ្រោះរញ្ជួយដីយ៉ាងធ្ងន់ធ្ងរ បណ្ដាលឱ្យអគារខ្ពស់ៗជាច្រើនត្រូវរលំ ខណៈមនុស្សយ៉ាងហោចណាស់ ៩ នាក់បានស្លាប់ និងជាង ៩០០ នាក់ផ្សេងទៀតបានរងរបួស៕